កម្ពុជា
02/11/2023 – 11:28
ដោយ៖ អេង គីមហុង
RFI
អ្នកស្រី ប៉ៃ រ៉េន អតីតជំទប់ទី២ក្នុងឃុំម៉ាឡៃនិងសមាជិកគណៈកម្មាធិការប្រតិបត្តិនៃគណបក្សភ្លើងទៀនប្រចាំស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យនាំកូនស្រីវ័យ១៧ឆ្នាំម្នាក់ភៀសខ្លួនទៅប្រទេសថៃ ដោយសារតែការធ្វើទុកបុកម្នេញពីសំណាក់អាជ្ញាធរកម្ពុជា។ ព័ត៌មាននេះផ្ដល់ដោយសាម៉ីខ្លួនផ្ទាល់ពីប្រទេសថៃ នៅថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ២០២៣ ក្រោយភៀសខ្លួនទៅដល់ទីនោះជាង១០ថ្ងៃ។

មុនភៀសខ្លួនទៅប្រទេសថៃ អ្នកស្រី ប៉ៃ រ៉េន អះអាងថា ធ្លាប់ធ្វើសកម្មភាពមួយចំនួនដូចជាៈ ចូលរួមសកម្មភាពតវ៉ាទាមទារឲ្យដោះលែងអ្នកទោសនយោបាយនិងសកម្មជននានា តាមរយៈការញត្តិនៅតាមស្ថានទូតនានានៅភ្នំពេញ។ ក្នុងនោះក៏មានស្ថានទូតចិនដែរ ដែលញត្តិនៅពេលនោះធ្វើឡើងក្នុងឆ្នាំ២០២០ ដើម្បីឲ្យប្រទេសចិនគោរពស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ បន្ទាប់មកអ្នកស្រីនិងអ្នកដទៃទៀតសរុបជាង១០នាក់ត្រូវបានចោទប្រកាន់និងបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារជាង១ឆ្នាំ។ ក្រោយជាប់ឃុំជាង១ឆ្នាំអ្នកស្រី ប៉ៃ រ៉េន ត្រូវបានដោះលែងវិញដោយព្យួរទោស៣ឆ្នាំ។
ងាកមកដំណើរជីវិតពេលទៅដល់ប្រទេសថៃ អ្នកស្រី ប៉ៃ រ៉េន បានអះអាងពីការលំបាកក្នុងការរស់នៅដោយសារមិនទាន់មានកាតធានាស្ដីពីសិទ្ធិជនភៀសខ្លួនចេញដោយអង្គការសហប្រជាជាតិប្រចាំនៅប្រទេសថៃ។ ប្រយោជន៍នៃកាតនេះមួយផ្នែកដើម្បីការពារសិទ្ធិជនភៀសខ្លួននៅពេលដែលមានការឃាត់ខ្លួនសួរនាំពីសំណាក់អាជ្ញាធរថៃ។
ជុំវិញការលើកឡើងរបស់អ្នកស្រី ប៉ៃ រ៉េន ដែលថា ការភៀសខ្លួនទៅដល់ប្រទេសថៃដោយសារការធ្វើទុកបុកម្នេញឈានដល់ការគំរាមសម្លាប់ជាដើមនោះ ត្រូវបានលោក ស៊្រាង ចិន្ដា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាច្រានចោល។ លោក ស៊្រាង ចិន្តា បានប្រៀបធៀបថា ប្រសិនបើអាជ្ញាធរធ្វើទុកបុកម្នេញមែនចុះហេតុអ្វីសកម្មជនគណបក្សប្រឆាំងផ្សេងទៀតគេគ្មានបញ្ហា ហើយប្រសិនបើមានបញ្ហាមែនសកម្មជនដែលភៀសខ្លួនទៅប្រទេសថៃគួរស្វែងរកដំណោះស្រាយការពារសិទ្ធិជនរងគ្រោះដែលពួកគេអាចរកបានតាមរយៈអង្គការសង្គមស៊ីវិលក្នុងស្រុក។
ធ្លាប់ជាសកម្មជនតស៊ូមតិនៅក្នុងស្រុក កញ្ញា សូ មេត្តា ដែលភៀសខ្លួនទៅដល់ប្រទេសថៃជាង១ឆ្នាំបានលើកឡើងថា មានសកម្មជនប្រមាណជាង១០០នាក់កំពុងស្នាក់នៅក្នុងប្រទេសថៃដើម្បីបានសិទ្ធិទៅរស់នៅប្រទេសទី៣។ ពួកគេទាំងនោះជាសកម្មជនសង្គម សកម្មជនយោបាយ សកម្មជនសិទ្ធិមនុស្សជាដើម។ កញ្ញាកត់សម្គាល់ថា បើទោះបីទៅដល់ប្រទេសថៃក៏ដោយការធ្វើទុកបុកម្នេញនៅតែកើតមាន ខណៈអ្នកខ្លះទៀតខ្វះខាតផ្នែកជីវភាព៕