កម្ពុជា
22/11/2023 – 06:35
ដោយ៖ អោ ស្រីពេជ្រ
RFI
គណៈសង្ឃនាយកកម្ពុជានៅថ្ងៃពុធម្សិលមិញនេះអះអាងថា ការសម្រេចបិទវត្តពោធិលង្កា នៅខេត្តសៀមរាប គឺជាការពង្រឹងការគ្រប់គ្រងវត្តឡើងវិញ បន្ទាប់ពីរកឃើញថាការដឹកនាំគ្រប់គ្រងគណៈសង្ឃក្នុងវត្តពោធិលង្កានេះ មិនមានសាមគ្គីភាព បង្កជាជម្លោះ និងបង្កើតនូវទោសបញ្ញត្តិធ្ងន់ធ្ងរក្នុងផ្លូវវិន័យព្រះពុទ្ធសាសនា។ ការបំភ្លឺនេះកើតមាននៅខណៈមានការសង្ស័យថាការបិទវត្តពោធិលង្កានេះមានពាក់ព័ន្ធនឹងនយោបាយ និងដើម្បីកេងចំណេញប្រយោជន៍បុគ្គលជាដើម។

សង្ឃប្រមាណ១៤០អង្គគង់នៅវត្តពោធិលង្កា រួមនឹងអ្នកស្នាក់អាស្រ័យនៅវត្តជាច្រើននាក់ផ្សេងទៀត ត្រូវបានប្រកាសឱ្យចេញពីវត្តកាលពីថ្ងៃទី១៣វិច្ឆិកាកន្លងទៅ។ © FB
គណៈសង្ឃនាយកកម្ពុជានៅថ្ងៃទី២២វិច្ឆិកាម្សិលមិញនេះអះអាងថា ការសម្រេចបិទវត្តពោធិលង្កា នៅខេត្តសៀមរាប គឺជាការពង្រឹងការគ្រប់គ្រងវត្តឡើងវិញ។ ត្រូវរៀបចំឡើងវិញព្រោះថា កន្លងមកការដឹកនាំគ្រប់គ្រងគណៈសង្ឃក្នុងវត្តពោធិលង្កានេះ មិនមានសាមគ្គីភាព បង្កជាក្រុមបក្សពួក បង្កជាជម្លោះ អនាធិបតេយ្យ មិនគោរពធម៌វិន័យ និងបាត់បង់សណ្តាប់ធ្នាប់ ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃនិងសេចក្តីថ្លៃថ្នូរព្រះពុទ្ធសាសនា។ ហើយសកម្មភាពនោះ នៅតែកើតមានដដែល បើទោះបីជាមានការអប់រំទូន្មានជាច្រើនលើកក៏ដោយ។
តាមគណៈសង្ឃនាយក ដើម្បីពង្រឹងការគ្រប់គ្រង និងការប្រតិបត្តិធម៌វិន័យឱ្យបានល្អប្រសើរ និងបំពេញសទ្ធាជ្រះថ្លា គឺចាំបាច់ត្រូវរៀបចំរដ្ឋបាលគ្រប់គ្រងវត្តឡើងវិញ ស្របតាមពុទ្ធានុញ្ញាតនិងពុទ្ធប្បញ្ញត្តិ ធ្វើយ៉ាងណាឱ្យវត្តនេះក្លាយទៅជាបូជនីយដ្ឋាន គួរជាទីគោរពបូជា។ ការណ៍នោះហើយ ទើបតម្រូវឱ្យមានការនិមន្ត និងអញ្ជើញព្រះសង្ឃអាចារ្យ និងដូនជីទៅស្នាក់អាស្រ័យនៅតាមបណ្តាវត្តផ្សេងៗជាបណ្តោះអាសន្ន ក្រោយបញ្ចប់សង្ឃកម្មនិងកិច្ចការរដ្ឋបាលរួចរាល់ ទើបអនុញ្ញាតឱ្យចូលស្នាក់អាស្រ័យនៅជាប្រក្រតីឡើងវិញ។
សេចក្តីបំភ្លឺរបស់គណៈសង្ឃនាយកកម្ពុជានេះកើតមាន នៅខណៈមានការសង្ស័យថាការបិទវត្តពោធិលង្កានេះមានពាក់ព័ន្ធនឹងនយោបាយ ក្នុងគោលបំណងចង់បានដីវត្ត ជះប៉ះពាល់ដល់ព្រះពុទ្ធសាសនាជាដើម។ ចំពោះគណៈសង្ឃនាយក នោះគឺជាការយល់ច្រលំ និងដែលជាចេទនារបស់អគតិជនមួយចំនួនដែលយកបញ្ហានេះសម្រាប់កេងចំណេញប្រយោជន៍ផ្ទាល់ខ្លួន ឬ បម្រើផលប្រយោជន៍ខាងផ្នែកនយោបាយ។
គួរជម្រាបជូនថា ព្រះសង្ឃប្រមាណ១៤០អង្គគង់នៅវត្តពោធិលង្កា រួមនឹងអ្នកស្នាក់អាស្រ័យនៅវត្តជាច្រើននាក់ផ្សេងទៀត ត្រូវបានប្រកាសឱ្យចេញពីវត្តកាលពីថ្ងៃទី១៣វិច្ឆិកាកន្លងទៅ។ ភ្លាមៗក្រោយពីចេញសេចក្ដីប្រកាសរបស់សាលាគណខេត្តសៀមរាប គេឃើញអាជ្ញាធរមានសមត្ថកិច្ច ដូចជាប៉ូលីស និងសន្តិសុខ បានចុះទៅរៀបចំសណ្ដាប់ធ្នាប់នៅទីនោះផងដែរ៕