សហគមន៍​ពុំ​ទុក​ចិត្ត​រដ្ឋាភិបាល​គ្រប់គ្រង​អាជីវកម្ម​រ៉ែ​មាស​ប្រកប​ដោយ​តម្លាភាព

ដោយ ឡេង ម៉ាលី
2023.11.23
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សហគមន៍​ពុំ​ទុក​ចិត្ត​រដ្ឋាភិបាល​គ្រប់គ្រង​អាជីវកម្ម​រ៉ែ​មាស​ប្រកប​ដោយ​តម្លាភាព

​រដ្ឋមន្ដ្រី​ក្រសួង​រ៉ែ និង​ថាមពល លោក កែវ រតនៈ។ រូប៖ ហ្វេសប៊ុកលោក កែវ រតនៈ


មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជា​សហគមន៍​ខេត្ត​មណ្ឌលគិរី នៅតែ​មិន​ទុកចិត្ត​រដ្ឋាភិបាល ក្នុង​ការ​គ្រប់គ្រង​ប្រាក់​ចំណូល ដែល​ទទួល​បាន​ពី​វិស័យ​រ៉ែ​មាស​ប្រកបដោយ​តម្លាភាព និង​គោរព​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច ដែល​រង​ផល​ប៉ះពាល់​ពី​អាជីវកម្ម​ចម្រាញ់​រ៉ែ​មាស។

ការ​លើកឡើង​នេះ ក្រោយ​ពី​ក្រសួង​រ៉ែ​អះអាង​ថា រដ្ឋាភិបាល​ទទួល​បាន​ប្រាក់ចំណូល ពី​វិស័យ​រ៉ែ​មាស​ចំនួន​ជាង ១៤​លាន​ដុល្លារ ពី​ក្រុមហ៊ុន​ចំនួន​៦។

ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​អះអាង​ថា ក្រុមហ៊ុន​ឯកជន​ចំនួន ៦ ដែល​កំពុង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស នៅ​មិន​ទាន់​គោរព​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ឱ្យ​បាន​ពេញលេញ​នៅឡើយ​ទេ ហើយ​រាល់​គម្រោង​ទាំងឡាយ របស់​ក្រុមហ៊ុន​ទាំងនេះ ក៏​មិនដែល​ជូនដំណឹង ពិគ្រោះ​យោបល់ ដោយមាន​ការ​ឯកភាព​ពី​តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅឡើយ​ដែរ។

ប្រធាន​បណ្ដាញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ខេត្ត​មណ្ឌលគិរី លោកស្រី ភ្លឹក ភីរុំ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី២៣ វិច្ឆិកា​ថា ក្រុមហ៊ុន រ៉ឺនេសង់ របស់​អូស្រាលី (Renaissance Minerals (Cambodia) Ltd និង​ក្រុមហ៊ុន​ចិនរ៉ុងឆេង (Rong Cheng) បាន​រំលោភ​លើ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច ធ្វើ​ឱ្យ​ពួកគាត់​បាត់បង់​កន្លែង​អាស្រ័យ​ផល​ព្រៃឈើ និង​ដី​ព្រៃ​អារក្ស​។ រីឯ​ការ​ទទួល​បាន​សំណង​ពី​ក្រុមហ៊ុន​ទាំងនេះ គឺ​តិច​តច​ប៉ុណ្ណោះ មិនអាច​ប៉ះប៉ូវ ការ​ខូចខាត ចំពោះ​ការបាត់បង់ ដើមឈើ​ផលិត​ជ័រទឹក ដែល​ជា​ប្រភព​ចំណូល​យូរអង្វែង​របស់​ប្រជា​សហគមន៍​នោះ​ឡើយ។

លោកស្រី​បញ្ជាក់​ថា តំបន់​ខ្លះទៀត ក្រុមហ៊ុន​ចិន​រ៉ុងឆេង បាន​រំលោភ​យក ទីតាំង​រ៉ែ​លក្ខណៈ​ប្រពៃណី ដែល​ប្រជា​សហគមន៍​មាន​ទម្លាប់ អាស្រ័យ​ផល​រ៉ែ​មាស ជា​លក្ខណៈ​គ្រួសារ។

លោកស្រី ភ្លឹក ភីរុំ៖ «បាន​ផល​ពី​រ៉ែ​ច្រើន តែ​ការ​អភិវឌ្ឍ​ក្នុងភូមិ​យើង​គ្មាន​។ បើ​គេ​មិន​ប្រព្រឹត្ត​អំពើពុករលួយ គឺ​ល្អ តែបើ​គេ​នៅតែ​ពុករលួយ គ្មាន​ថ្ងៃ​ណា ដែល​ខ្ញុំ​ទុកចិត្ត ជាមួយ​ក្រសួង​ទាំងអស់​ហ្នឹង​ទេ»។

ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​រំលឹក​ថា កាល​ពី​ឆ្នាំ២០១៨ ជនជាតិ​ដើម​ភាគតិច​ជាច្រើន​នាក់ រស់នៅ​ខេត្ត​មណ្ឌលគិរី និង​ខេត្តក្រចេះ ពុល​ទឹកអូរ​ធម្មជាតិ ធ្វើ​ឱ្យ​ពលរដ្ឋ​យ៉ាងហោចណាស់​១៨​នាក់ ស្លាប់ និង​ជាង ៤​រយ​នាក់​ទៀត​ធ្លាក់ខ្លួន​ឈឺ ក្រោយពី​ប្រើ​ទឹក​ព្រែកទេរ មាន​សារធាតុពុល ដែល​សហគមន៍​សង្ស័យ​ថា ក្រុមហ៊ុន​ចិន​រ៉ុងឆេង ចម្រាញ់​រ៉ែ​មាស​ធ្វេស​ប្រហែស ហូរ​សារជាតិ​គីមី​ចូល​ព្រែក។

មក​ទល់​ពេល​នេះ គ្មាន​ការ​សិក្សា និង​ការ​អះអាង​ហេតុផល​ណាមួយ ធ្វើ​ឱ្យ​អ្នកភូមិ​ស្ងប់ចិត្ត​នោះ​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពលរដ្ឋ​ស្លាប់​យ៉ាង​អយុត្តិធម៌។ រីឯ​អាជ្ញាធរ​បែរ​យក​លេស​ថា ពលរដ្ឋ​រងគ្រោះ ដោយសារ​ពុល​ស្រា​ទៅវិញ។

យុវជន​ស្រឡាញ់​បរិស្ថាន លោក អូត ឡាទីន សង្កេតឃើញ​ថា ចំណូល​ពន្ធ​បាន​មក​ពី​វិស័យ​រ៉ែ​មាស ហាក់​មិន​ឆ្លើយតប នឹង​ធនធាន​ធម្មជាតិ​ដែល​បាត់បង់ រួម​ទាំង​ផល​ប៉ះពាល់​បរិស្ថាន និង​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ​មូលដ្ឋាន​មាន​ទំហំ​ធំធេង។

លោក​បារម្ភ​ថា អំពើពុករលួយ អាច​ជា​ឧបសគ្គ​ធ្វើ​ឱ្យ​ការគ្រប់គ្រង​ធនធាន​រ៉ែ​មាស ខ្វះ​តម្លាភាព ស្រប​ពេល​ដែល​ក្រុមហ៊ុន​ភាគច្រើន​ទទួល​លិខិតអនុញ្ញាត​ត្រឹមតែ​សិក្សា​ស្រាវជ្រាវ រ៉ែ​លោហៈ​ប៉ុណ្ណោះ ក៏ប៉ុន្តែ​បែរជា​មាន​សិទ្ធិ​ធ្វើ​អាជីវកម្ម ចម្រាញ់​រ៉ែ​មាស​ជាច្រើន​ឆ្នាំ។

លោក អូត ឡាទីន៖ «យើង​ចង់បាន​ទៀត គឺ​សូម​ឱ្យ​បង្ហាញ​តម្លាភាព និង​តម្លាភាព​ព័ត៌មាន​ឡើង​ទៅ ហើយ​ចំណូល​ទទួល​បាន​កម្រិត​ណា បង់ពន្ធ​ចូល​រដ្ឋ​យ៉ាងម៉េច យក​ទៅ​ចាត់ចែង​បម្រើ​ប្រាស់​ក្នុង​សង្គម ឱ្យ​យើង​បានដឹង​ទាំងអស់គ្នា​។ ចៀសវាង​ប្រព្រឹត្ត​អំពើពុករលួយ ធ្វើ​ឱ្យ​ខាតបង់​ធនធាន​ជាតិ»។

ប្រតិកម្ម​នេះ ក្រោយ​ពី​រដ្ឋមន្ដ្រី​ក្រសួង​រ៉ែ និង​ថាមពល លោក កែវ រតនៈ បាន​ថ្លែង​ថា គិត​ត្រឹម​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ កម្ពុជា​ផលិត​ដុំ​មាស ចំនួន​ជាង ១ ពាន់​ដុំ ( ១ ០៤០) ស្មើនឹង​ជិត ៩ ពាន់​គីឡូក្រាម (៨.៩៧៩) និង​ទទួល​បាន​ចំណូល​ពន្ធ​សួយ​សារ​ជាង ១៤.៤​លាន​ដុល្លារ​អាមេរិក​។ លោក កែវ រតនៈ ថ្លែង​បែបនេះ ក្នុង​វេទិកា​ពិភាក្សា ស្ដីពី «​គោលនយោបាយ​រ៉ែ និង​ថាមពល​នៅ​កម្ពុជា​» ក្នុង​រាជធានី​ភ្នំពេញ​កាលពី ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បន្ថែម​រឿង​នេះ ពី​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក អ៊ឹង ឌីប៉ូឡា បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី​២៣ វិច្ឆិកា ដោយសារ​ទូរស័ព្ទ​ហៅ​ចូល តែ​គ្មាន​អ្នក​លើក។

ជុំវិញ​រឿង​នេះ អ្នកសម្របសម្រួល​លេខាធិការដ្ឋាន​សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា​លោក យុន ឡូរ៉ង់ សង្កេត​ឃើញ​ថា ពេល​នេះ​ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​មូលដ្ឋាន នៅ​ពុំ​ទាន់​ទទួល​បាន ការ​អភិវឌ្ឍ​ណាមួយ បាន​ផល​ពី​វិស័យ​រ៉ែ​មាស​នៅឡើយ​ទេ​។ លោក ស្នើ​ដល់​ក្រុមហ៊ុន​វិនិយោគ​រ៉ែ​មាស​ទាំងអស់​ថា ត្រូវ​គោរព​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច និង​ផ្តល់​សំណង​ផល​ប៉ះពាល់​ឱ្យ​បាន​សមរម្យ។

លោក យុន ឡូរ៉ង់៖ «ជនជាតិ​ដើម​ភាគតិច​ចង់​បានឱ្យ​ក្រុមហ៊ុន​គោរព​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច មិន​ត្រូវ​ឱ្យ​មាន​ការ​ប៉ះពាល់​សិទ្ធិ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌ ធ្វើ​ឱ្យ​មាន​ហានិភ័យ​ដោយសារ​គម្រោង​រ៉ែ​របស់​ខ្លួនឯង​។ ជនជាតិ​ដើម​ភាគតិច​មិន​ដឹង​ថា តើ​ថ្ងៃ​ណា​មានការ​បាក់​ដី ឬ​ហូរ​ជាតិពុល ប៉ះពាល់​ពួកគាត់»។

របាយការណ៍​របស់​ក្រសួង​រ៉ែ​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចំនួន​៦ ដែល​កំពុង​ចម្រាញ់​រ៉ែ​មាស រួមមាន ក្រុមហ៊ុន រ៉ឺនេសង់ (Renaissance Minerals (Cambodia) Ltd) ​របស់​អូស្ត្រាលី ស្ថិត​ក្នុង​តំបន់​អូរខ្វាវ ស្រុក​កែវសីម៉ា ខេត្ត​មណ្ឌលគិរី ក្រុមហ៊ុន​ស៊ីនសាន (Xinshan) រួម​ទាំង​ក្រុមហ៊ុន ឌែលខម (Delcom Cambodia) ស្ថិត​នៅក្នុង​តំបន់​ភ្នំ​លុង ខេត្ត​ព្រះវិហារ។

រីឯ​ក្រុមហ៊ុន​ចិន​រ៉ុងឆេង (Rong Cheng) ស្ថិតនៅ​តំបន់​ចុងផ្លាស់ ខេត្ត​មណ្ឌលគិរី ក្រុមហ៊ុន​ស៊ីងយ៉ន់ (Xing Yuan) ស្ថិតនៅ​តំបន់​អូរត្រូន ខេត្ត​ក្រចេះ ហើយ​ចុងក្រោយ គឺ​ក្រុមហ៊ុន​ចិន ឡេតចេងម៉ាញនីង (LATE CHENG MINING DEVELOPMENT CO., LTD ស្ថិត​តំបន់​ភ្នំ​ជី ជាប់​តំបន់​ព្រៃ​ឡង់ ក្នុង​ខេត្ត​កំពង់ធំ និង​ក្រចេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles