ដោយ វិទ្យុអាស៊ីសេរី
2023.11.25
RFA

តោះ… ប្រកួតគ្នាដាក់ចំណងជើងឱ្យរូបត្លុកនយោបាយមួយនេះ! រូប៖ RFA
នៅមិនដល់១០០ថ្ងៃនៃការឡើងមកកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បន្តពីឪពុករបស់លោក សមិទ្ធផលដ៏លេចធ្លោមួយដែលលោកនាំមកជូនសង្គមជាតិនោះ គឺ «ការបំពុលសង្គម» និង «គំរាមកំហែង» កាន់តែខ្លាំងឡើងៗប្រឆាំងនឹងក្រុមអ្នករិះគន់រដ្ឋាភិបាល។ ក្រុមយុវជនអះអាងប្រាប់វិទ្យុអាស៊ីសេរីថា គណបក្សកាន់អំណាចកំពុងពង្រឹងក្រុមវាយប្រហារនៅលើបណ្តាញសង្គមកាន់តែខ្លាំងដើម្បីបំពុលសង្គម។
លោក ហ៊ុន ម៉ាណែត បានប្រញាប់ប្រញាល់បង្កើតគណៈកម្មាធិការជាតិដែលលោកប្រសិទ្ធិនាមថា «គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ» ក្នុងគោលដៅដែលលោកអះអាងថាដើម្បី «ការពារ» និង «លើកកម្ពស់» កិត្យានុភាពជាតិទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ ដោយមានលោក ស្វាយ ស៊ីថា ជាប្រធាន។ ក៏ប៉ុន្តែ ជាក់ស្តែង ក្រុមសង្គ្រាមព័ត៌មានអ៊ីនធឺណិត (Cyber War Room) ដែលគេដឹងកន្លងមកថា ដឹកនាំដោយលោក ហ៊ុន ម៉ាណែត កំពុងបង្កើនសកម្មភាពចេញអុកឡុកតាមរយៈការប្រើប្រាស់គណនីហ្វេសប៊ុក (Facebook) ក្លែងក្លាយចូលបញ្ចេញមតិដោយសរសេរសារឆ្លើយតបជាស្វ័យប្រវត្តិ ដូចជាសារអសុរោះ ឬជេរប្រមាថ ចូលទៅក្នុងទំព័របណ្ដាញសង្គមហ្វេសប៊ុករបស់អ្នកនយោបាយប្រឆាំង មន្ត្រីសង្គមស៊ីវិល អ្នកវិភាគ និងបណ្ដាសារព័ត៌មានឯករាជ្យ ដូចជាវិទ្យុអាស៊ីសេរី ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។