កម្ពុជា
26/11/2023 – 08:55
ដោយ៖ អ៊ឹង ប៊ុនថន
RFI
ស្ត្រីខ្មែរម្នាក់អាយុ១០២ឆ្នាំ បានលើកដៃសំពះអង្វរកុំឲ្យអាជ្ញាធររដ្ឋាភិបាលចាប់កូនប្រុសរបស់គាត់ទៅដាក់ពន្ធនាគារតាមអំណាចសាលក្រមតុលាការ។ តុលាការខេត្តបន្ទាយមានជ័យដែលបានកាត់ទោសលោក កង សារ៉ន ដាក់ពន្ធនាគារ៣ឆ្នាំ ពីបទ ជេរប្រមាថ បទញុះញង់ និងប្រមាថព្រះមហាក្សត្រ។ បុរសរូបនេះ តែងតែរិះគន់មិនសំចៃមាត់ទៅលើរដ្ឋាភិបាលកម្ពុជា និងក៏មានការស្រែកសួរទៅកាន់ក្បួនឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាកាលពីខែកក្កដាថា «បើជាប់ឆ្នោតហ៊ានដេញយួនចេញពីស្រុកខ្មែរទេ?»

លោក កង សារ៉ន និងម្តាយ អាយុ១០២ឆ្នាំ © កង សារ៉ន
តាមវីដេអូដែលផ្ទុះឡើងនៅតាមបណ្តាញសង្គមថ្ងៃទី២៥វិច្ឆិកា២០២៣ បានបង្ហាញថា កងកម្លាំងជាច្រើននាក់បានទៅចាប់ខ្លួន លោក កង សារ៉ន ដល់ផ្ទះរបស់បុរសរូបនេះ នៅភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ជាមួយគ្នានោះ ក៏មានវីដេអូដែលម្តាយរបស់លោក កង សារ៉ន អាយុ១០២ឆ្នាំ បានលើកដៃសំពះអ្វរទៅកាន់រដ្ឋាភិបាលកម្ពុជាកុំឲ្យសមត្ថកិច្ចចាប់ខ្លួនកូនប្រុសគាត់ ដោយសារតែរិះគន់រឿងវៀតណាមរស់នៅកម្ពុជា។ ស្ត្រីរូបនេះបានចាត់ទុកការកាត់ទោសកូនប្រុសរបស់គាត់ដោយសារតែរិះគន់រឿងវៀតណាមនោះថា ជារឿងអយុត្តិធម៌ ហើយថា សុខចិត្តឲ្យកូនប្រុសគាត់ស្លាប់ជាជាងចូលគុក។
មុនពេលប្រគល់ខ្លួនឲ្យសមត្ថកិច្ច លោក កង សារ៉ន បានដាក់ជណ្តើរឡើងទៅលើដំបូងផ្ទះថតជាវីដេអូ និងត្រូវបានគេអះអាងថា ជាការប៉ុនប៉ងធ្វើអត្តឃាត កុំឲ្យសមត្ថកិច្ចចាប់ខ្លួនបាន ហើយវីដេអូនេះត្រូវបានគេផ្សព្វផ្សាយពាសពេញបណ្តាញសង្គម។
សួមបញ្ជាក់ថា តុលាការខេត្តបន្ទាយមានជ័យនៅថ្ងៃទី២២វិច្ឆិកា បានកាត់ទោសលោក កង សារ៉ន ដាក់ពន្ធនាគារ៣ឆ្នាំ ក្រោមការចោទប្រកាន់ពីបទជេរប្រមាថ បទញុះញង់ និងប្រមាថព្រះមហាក្សត្រ។ ប៉ុន្តែលោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សប្រឆាំងសរសេរលើហ្វេសប៊ុកថា ការកាត់ទោសលោក កង សារ៉ន ឲ្យជាប់គុក៣ឆ្នាំ ដោយសារគាត់បានរិះគន់អន្តោប្រវេសន៍វៀតណាមខុសច្បាប់នៅកម្ពុជា៕