ដោយ ច័ន្ទ ដារ៉ូ
2023.11.26
RFA

គ្រួសារសកម្មជននយោបាយដែលកំពុងជាប់ឃុំដោយសារសិទ្ធិបញ្ចេញមតិ លើកបដាតវ៉ាស្នើទាមទារដោះលែងសមាជិកគ្រួសារខ្លួន នាពេលកន្លងទៅ។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
សាច់ញាតិសកម្មជនគណបក្សប្រឆាំងស្នើដល់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បញ្ឈប់យកគុកចាប់ពង្រត់ពួកគេឱ្យបែកបាក់គ្រួសារ និងបង្កការឈឺចាប់ដោយសារតែរឿងនយោបាយតទៅទៀត។ មន្ត្រីសិទ្ធិមនុស្សយល់ថា រដ្ឋាភិបាលគួរដោះស្រាយជម្លោះនយោបាយ និងដោះលែងអ្នកជាប់ឃុំនយោបាយឱ្យបានជួបជុំគ្រួសារឡើងវិញ ដើម្បីផ្សះផ្សាជាតិនិងធ្វើឱ្យពលរដ្ឋខ្មែរគ្រប់និន្នាការនយោបាយរស់នៅដោយសុខដុមរមនាជាមួយគ្នាដោយគ្មានការឈឺចាប់។
ស្របពេលអ្នកកាន់អំណាចកំពុងជួបជុំគ្រួសារជិះឡានទំនើបសប្បាយហឺហាររស់នៅក្នុងវិឡាស្តុកស្តម្ភនោះ ផ្ទុយទៅវិញគ្រួសារសកម្មជនគណបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារក្រោមហេតុផលនយោបាយកំពុងរស់នៅរងទុក្ខលំបាក បែកបាក់គ្រួសារ និងគ្រាំគ្រាផ្លូវកាយផ្លូវចិត្តរហូតធ្លាក់ខ្លួនឈឺដោយសារអាជ្ញាធររបស់រដ្ឋាភិបាលបន្តធ្វើទុក្ខបុកម្នេញដាក់សម្ពាធឱ្យគ្រួសារពួកគេប្តូរជំហរ និងបោះបង់ការតស៊ូ។ ពួកគេស្នើឲ្យរដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត ដោះលែងអ្នកទោសមនសិការវិលទៅជួបជុំគ្រួសារឡើងវិញ។
កូនប្រុសរបស់សកម្មជនគណបក្សសង្គ្រោះជាតិនៅខេត្តបាត់ដំបង ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស លោក ខាន់ ប៊ុនផេង គឺលោក នីម សុវណ្ណារ៉ា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៥ ខែវិច្ឆិកា ថាចាប់តាំងពីអាជ្ញាធររដ្ឋាភិបាលចាប់ឪពុករបស់លោកដាក់គុកដោយអយុត្តិធម៌ជាច្រើនឆ្នាំមកនេះគ្រួសារលោករស់នៅរងទុក្ខសោកជាខ្លាំង។ ជាងនេះទៅទៀតលោកឱ្យដឹងថា ម្តាយរបស់លោក គឺលោកស្រី នីម សុកញ្ញា ឈឺចិត្តហូបបាយមិនបានសម្រាន្តមិនលក់ពីមួយថ្ងៃទៅមួយថ្ងៃបានធ្លាក់ខ្លួនឈឺធ្ងន់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ស្របពេលឪពុករបស់លោក គឺលោក ខាន់ ប៊ុនផេង មានវ័យកាន់តែចាស់កំពុងធ្លាក់ឈឺដោយគ្មានមន្ត្រីពន្ធនាគារយកចិត្តទុកដាក់បញ្ជូនទៅព្យាបាលជំងឺនៅខាងក្រៅមន្ទីរឃុំឃាំងនោះទេ។
លោក នីម សុវណ្ណារ៉ា៖ «តាំងពីគេចាប់ឪពុកទៅម្តាយរបស់ខ្ញុំគិតច្រើនសុខភាពទ្រុឌទ្រោមធ្វើឱ្យមានជំងឺថ្លើមកើតឡើង និងបង្កដាច់សរសៃឈាម(ក្នុងក្រពះ) នេះបើតាមគ្រូពេទ្យប្រាប់អ៊ីចឹង ឪពុករបស់ខ្ញុំក៏មានការស្នើសុំរដ្ឋាភិបាលជួយឱ្យបាននៅក្រៅឃុំដើម្បីមកជួបជុំក្រុមគ្រួសារ ប្រពន្ធ កូន និងម្តាយចាស់ជរាខ្លាំងដែរ ចំពោះគាត់នៅផ្សេងគ្នាអ៊ីចឹងព្រួយបារម្ភដែរបើសិនមានបញ្ហាអ្វីកើតឡើង គឺអត់បានជួបគ្នាទេ»។
កន្លងទៅ សកម្មជនសង្គ្រោះជាតិមួយចំនួនដែលត្រូវបានរដ្ឋាភិបាល ចាប់ឃុំខ្លួនដាក់ក្នុងពន្ធនាគារ ក្រោមហេតុផលនយោបាយនោះ ពួកគេបានឈឺចាប់ខ្លោចផ្សា ដោយសារតែសាច់ញាតិរបស់ពួកគេ បានទទួលមរណភាពហើយមិនបានចូលរួមបុណ្យសព ក្នុងនោះមានដូចជាប្រពន្ធរបស់ លោក សុខ ចន្ថា គឺអ្នកស្រី សោម ចន្ធូ និងម្ដាយក្មេករបស់លោក កាក់ កុម្ភារ ជាដើម។
តំណាងក្រុមស្ត្រីថ្ងៃសុក្រ និងជាប្រពន្ធមន្ត្រីគណបក្សសង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញលោក កាក់ កម្ភារ គឺលោកស្រី ព្រំ ចាន់ថា ថ្លែងថាជីវិតគ្រួសារអ្នកតស៊ូដើម្បីជាតិមាតុភូមិជួបតែរឿងទុក្ខសោកខ្លោចផ្សាដែលគ្រួសាររបស់លោកស្រីត្រូវរស់នៅបែកបាក់គ្នា ដោយសារតុលាការមិនឯករាជ្យផ្ដន្ទាទោសឱ្យប្តីលោកស្រីជាប់ពន្ធនាគារ ៦ឆ្នាំដោយគ្មានកំហុស។ លោកស្រីប្ដេជ្ញាចិត្តបន្តសកម្មភាពទាមទារយុត្តិធម៌បន្តទៀត បើទោះបីជាគ្រួសារលោកស្រីទទួលរងការធ្វើទុក្ខបុកម្នេញ បំភិតបំភ័យយ៉ាងណាក្តី។
លោកស្រី ព្រំ ចាន់ថា៖ «ក្រុមគ្រួសារពួកគាត់ ដូចជាតុលាការ រដ្ឋាភិបាល ឬសម្តេចក៏ដោយគាត់ចេះស្រឡាញ់ក្រុមគ្រួសារ ខ្ញុំក៏ចេះស្រឡាញ់ក្រុមគ្រួសាររបស់ខ្ញុំដែរ គាត់ហេតុអ្វីគាត់អត់ចេះពិចារណាចេះគិត ហេតុអ្វីចាប់គាត់អត់មានកំហុសសោះ ប្រទេសដែលមានច្បាប់គេអត់ចាប់គាត់(ប្តី)អត់មានកំហុសសោះដាក់ពន្ធនាគារ អ៊ីចឹងទេ វាអត់ត្រូវទេ ខ្ញុំអត់មានអ្វីត្រូវនិយាយដោយសារប្រព័ន្ធតុលាការ រដ្ឋាភិបាលធ្វើនេះគឺខុសយ៉ាងខ្លាំងចំពោះក្រុមគ្រួសារពួកខ្ញុំចា៎»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា និងអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន ដើម្បីសាកសួរជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៥ ខែវិច្ឆិកា។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត មើលឃើញថា ក្រុមគ្រួសាររបស់អ្នកជាប់ឃុំនយោបាយដែលរងនូវអំពើអយុត្តិធម៌ងាយរងវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរដែលទាញឱ្យពួកគេមានសុខភាពទ្រុឌទ្រោមប្រឈមនឹងជំងឺផ្សេងៗគំរាមកំហែងដល់អាយុជីវិត។ លោកយល់ថា រដ្ឋាភិបាលថ្មីគួរទទួលយកសំណើរបស់គ្រួសារសកម្មជនទាំងនោះទៅពិចារណា និងទទួលយកអនុសាសន៍របស់សហគមន៍ជាតិ និងអន្តរជាតិទៅពិនិត្យដោះស្រាយដើម្បីផលប្រយោជន៍ជាតិ ពីព្រោះសកម្មភាពពួកគេកន្លងទៅជាការអនុវត្តសិទ្ធិសេរីភាពនៅក្នុងសង្គមមិនមែនជាបទល្មើសនោះទេ។
លោក អំ សំអាត៖ «បើសិនជាមានការដោះលែងសកម្មជនគណបក្សនយោបាយ សកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន និងមេដឹកនាំសហជីព ហ្នឹងក៏ជួយមួយ សម្រាប់រដ្ឋាភិបាលអាណត្តិទី៧ ក្នុងការអភិវឌ្ឍជាតិដែរ ពីព្រោះសហគមន៍អន្តរជាតិនឹងសាទរ ហើយយើងនឹងទទួលបានផលចំណេញផងដែរ»។
គិតត្រឹមខែវិច្ឆិកា មានសកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស សហជីព និងដីធ្លី ប្រមាណ៤០នាក់កំពុងជាប់ឃុំ។ តុលាការបានចោទប្រកាន់ពួកគេដូចៗគ្នាពីបទរួមគំនិតក្បត់ និងញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមជាដើម។
កាលពីពេលថ្មីៗនេះ គណៈកម្មការអឺរ៉ុបបានជំរុញឱ្យរដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត បង្ហាញភាពជឿជាក់ក្នុងការស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ជាពិសេសពាក់ព័ន្ធនឹងក្ដីកង្វល់ជុំវិញសិទ្ធិពលរដ្ឋ និងនយោបាយ រួមទាំងបញ្ហាដីធ្លី និងសិទ្ធិការងារ ដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធ (EBA) ពេញលេញឡើងវិញ។ ប៉ុន្តែមកដល់ពេលនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនទាន់បញ្ជាក់ពីការប្ដេជ្ញាចំពោះក្តីកង្វល់របស់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។