គណបក្ស​កម្លាំង​ជាតិ​ត្រៀមខ្លួន​ធ្វើ​សម្បទាន​ឱ្យគណបក្ស​ភ្លើងទៀន​​ចូលរួម​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​ខាង​មុខ

ដោយ យ៉ង ចាន់តារា
2023.12.28
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

គណបក្ស​កម្លាំង​ជាតិ​ត្រៀមខ្លួន​ធ្វើ​សម្បទាន​ឱ្យគណបក្ស​ភ្លើងទៀន​​ចូលរួម​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​ខាង​មុខ

លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ថ្លែង​នៅ​ក្នុង​សមាជ​គណបក្សកម្លាំងជាតិ នាខេត្ត​កំពង់ធំ នៅថ្ងៃទី១២ វិច្ឆិកា ២០២៣។ រូប​៖ ពលរដ្ឋ​ផ្តល់ឱ្យ


ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​លោក រ៉ុង ឈុន អះអាង​ថា គណបក្ស​របស់​លោក​ត្រៀម​ធ្វើ​សម្បទាន​ឱ្យ​គណបក្ស​ភ្លើងទៀន​ក្នុង​ការ​ចូលរួម​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​ឆ្នាំ​២០២៤ ខាងមុខ​។ លោក រ៉ុង ឈុន ក៏​ត្រៀមខ្លួន​ជជែក​ជាមួយ​មេដឹកនាំ​គណបក្ស​ភ្លើងទៀន​ផង​ដែរ ប្រសិនបើ​មាន​ការ​ចរចា​កើត​ឡើង​។ ទោះ​យ៉ាងណាក្ដី ភាគី​ខាង​គណបក្ស​ភ្លើងទៀន​ឆ្លើយតប​ថា បើ​គណបក្ស​កម្លាំង​ជាតិ​ចង់​ធ្វើ​ការងារ​ជាមួយ​គណបក្ស​ភ្លើងទៀន លុះត្រា​តែគណបក្ស​នេះ​ចូលរួម​ជាមួយ​សម្ព័ន្ធភាព​របស់​គណបក្ស​នេះ​ជាមុន​សិន។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថ្ងៃទី​២៧ ខែធ្នូ ថា មេដឹកនាំ​គណបក្ស​កម្លាំង​ជាតិ និង​មេដឹកនាំ​គណបក្ស​ភ្លើងទៀន​ធ្លាប់​ជួបគ្នា​ក្រៅផ្លូវការ​ជជែក​គ្នា ក្នុង​នាម​ជា​អ្នក​ប្រជាធិបតេយ្យ​ដូចគ្នា និង​ទាក់ទង​ការ​ចូលរួម​ការបោះឆ្នោត​ព្រឹទ្ធសភា​ខាងមុខ។ លោក​បន្ត​ថា មក​ដល់​ពេល​នេះ​មិនទាន់​មាន​ជំនួប​ផ្លូវការ​ណាមួយ​អាច​កើតមាន​នៅឡើយ​ទេ​។ លោក រ៉ុង ឈុន ដែល​ជា​អតីត​អនុប្រធាន​គណបក្ស​ភ្លើងទៀន បញ្ជាក់​ថា គណបក្ស​កម្លាំង​ជាតិ​ត្រៀមខ្លួនធ្វើ​​សម្បទាន​ទៅ​គណបក្ស​ភ្លើងទៀន ក្នុង​ការ​បែងចែក​ភូមិ​ភាគ​គ្នា​ឈរឈ្មោះ​ព្រោះ​មធ្យោបាយ​បែប​នេះ​មិន​បាន​ធ្វើ​ឱ្យ​បាត់​បាត់​សំឡេង​អង្គ​បោះឆ្នោត​នោះ​ឡើយ។

លោក រ៉ុង ឈុន៖ «ឥឡូវនេះ​យើង​មិនទាន់​អាច​បញ្ជាក់​ថា នឹង​មាន​សម្បទាន​អ្វីខ្លះ​ទេ ប៉ុន្តែ​គ្រាន់តែ​យើង​មាន​គោលជំហរ​ថា នឹង​មាន​សម្បទាន​។ សម្បទាន​គ្នា​ទៅវិញទៅមក​ឈ្នះ​ឈ្នះ​ទាំងអស់គ្នា ត្រូវតែ​មាន​លក្ខណៈ​សម្បទាន ឬមួយ​យើង​ថា បែងចែក​ភូមិភាគ​បែប​ម៉េច​លើ​ការ​ជជែក​គ្នា​ បើសិនជា​គណបក្ស​កម្លាំង​ជាតិ​ធ្វើការ​សម្បទាន​។ ប៉ុន្តែ ភាគី​ម្ខាង​ទៀត​មិន​សម្បទាន​ ក៏​មិន​ត្រូវ​គ្នា​ដែរ»។

ទាក់ទង​ការ​លើកឡើង​របស់​លោក រ៉ុង ឈុន បែប​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ឆ្លើយតប​ពី​អគ្គលេខាធិការ​គណបក្ស​ភ្លើងទៀន លោក លី សុធារ៉ាយុត្តិ បាន​ទេ​នៅ​ថ្ងៃទី​២៧ ខែ​ធ្នូ។

អតីត​ប្រធាន​អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន លោក គីមសួរ ភីរិទ្ធ ដែល​សព្វ​ថ្ងៃជា​សមាជិក​គណបក្ស​ឆន្ទៈ​ខ្មែរ ប្រាប់​ថា លោក​មិន​បានដឹង​ពី​ជំនួប​ក្រៅផ្លូវការ​រវាង​មេដឹកនាំ​គណបក្ស​ភ្លើងទៀន ជាមួយ​គណបក្ស​កម្លាំង​ជាតិ​ឡើយ​។ តែ​លោក​យល់​ថា ជំនួប​ផ្លូវការ​រវាង​មេដឹកនាំ​គណបក្ស​ទាំងពីរ​នៅ​ពេល​នេះ​ទំនង​ពិបាក​នឹង​កើតមានឡើង​។ លោក គីមសួរ ភីរិទ្ធ បញ្ជាក់​ពី​ជំហរ​ដដែល​ថា ប្រសិនបើ​គណបក្ស​កម្លាំង​ជាតិ​ចង់​សហការ​ជាមួយ​គណបក្ស​ភ្លើងទៀន គណបក្ស​អាច​ចូលរួម​ជាមួយ​សម្ព័ន្ធភាព​នយោបាយ​របស់​គណបក្ស​ភ្លើងទៀន។

លោក គីមសួរ ភីរិទ្ធ៖ «អ៊ីចឹង​ទេ​ប្រហែល​ពិបាក​អាច​នឹង​ជជែក​គ្នា​នៅក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ស្រុក​។ ខ្លួន​ខ្ញុំ ខ្ញុំ​ប្រកាស​អ៊ីចឹង​ហ្មង បើសិនជា ខាង​ថ្នាក់ដឹកនាំ​ហ្នឹង​ចូលក្នុង​សម្ព័ន្ធភាព​ពី​ឥឡូវ​ទៅ​ខ្លួន​ខ្ញុំ​ ដែល​ជា​បេក្ខជន​លំដាប់​ទី១ ភូមិភាគ​៧​ ខ្ញុំ​សុខចិត្ត​ជាប់​ហើយ ក៏​លាលែង​ឱ្យ​ខាង​ហ្នឹង​​ (គណបក្ស​កម្លាំង​ជាតិ​)​ ដែរ ព្រោះ​ដើម្បី​ផល​ប្រយោជន៍​រួម»។

គណបក្ស​ភ្លើងទៀន បាន​ចងសម្ព័ន្ធភាព​នយោបាយ​ជាមួយ​គណបក្ស​កែទម្រង់​កម្ពុជា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស​ឆន្ទៈ​ខ្មែរ​។ គណបក្ស​ភ្លើងទៀន​ដែល​មិនអាច​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ខាងមុខនេះ​បាន ផ្ដល់​សិទ្ធិ​ឱ្យ​គណបក្ស​ឆន្ទៈ​ខ្មែរ​ចូលរួម​ប្រ​កួង​ប្រជែង​ការបោះឆ្នោត​ព្រឹទ្ធសភា​ជំនួស​ខ្លួន​ហើយ ចំណែក​គណបក្ស​កម្លាំង​ជាតិ ដែល​មេដឹកនាំ​និង​អ្នកគាំទ្រ​គណបក្ស​នេះ​ភាគច្រើន​មកពី​គណបក្ស​ភ្លើងទៀន ក៏​ដាក់​បញ្ជី​ឈរ​ឈ្មោះ​ចូលរួម​ការ​បោះឆ្នោត​នេះ​ដែរ​។ នៅ​ពេល​នេះ មេដឹកនាំ​គណបក្ស​នេះ រួម​មាន អនុប្រធាន​គណបក្ស​ភ្លើងទៀន បណ្ឌិត សុក ហាច និង​មន្ត្រីជាន់ខ្ពស់​គណបក្ស​ភ្លើងទៀន​ផ្សេងទៀត ដូចជា លោក ហុង សុខហួរ លោក គង់ មុនីកា បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន នៃ​គណបក្ស​ឆន្ទៈ​ខ្មែរ សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ខាងមុខ។

នាយក​ប្រតិបត្តិ​អង្គការឃ្លាំមើល​ការបោះឆ្នោត​នៅ​កម្ពុជា​ ហៅ​កាត់​ថា និចហ្វិច (Nicfec) លោក សំ គន្ធាមី លើកឡើង​ថា ប្រសិនបើ​គណបក្ស​ទាំងពីរ​មិន​បាន​ជជែក​រក​ដំណោះស្រាយ​បែងចែក​ភូមិភាគ​គ្នា ឈរឈ្មោះ​ទេ​នោះ នឹងធ្វើ​ឱ្យ​បែក​សំឡេងឆ្នោត​របស់​ខ្លួន​។ អ្នកជំនាញ​កិច្ចការ​បោះឆ្នោត រូប​នេះ យល់​ថា ជម្រើស​ល្អ​គឺ​ គណបក្ស​ទាំងពីរ​គួរ​ជួប​ជជែក​រក​ដំណោះស្រាយ ឬ​រៀបចំ​ផែនការ​សម្រាប់​ការ​ឈរឈ្មោះ​ការ​បោះឆ្នោត​ព្រឹទ្ធសភា​ខាងមុខ​នេះ។

លោក សំ គន្ធាមី៖ «ព្រោះ​អី​អង្គ​បោះឆ្នោត​បោះឆ្នោត​ព្រឹទ្ធសភា​ហ្នឹង ខ្ញុំ​មើលទៅ​អង្គ​បោះឆ្នោត​ចេញ​មកពី​គណបក្ស​ភ្លើងទៀន ​សមាជិក​ក្រុម​ប្រឹក្សាឃុំ​ ដល់​អ៊ីចឹង​ទៅ បែក​សន្លឹកឆ្នោត​ ហើយ​បើ​តែមួយ​មិន​អី​ទេ»។

អ្នកឃ្លាំមើល​ការ​បោះឆ្នោត​ព្យាករណ៍​ថា គណបក្ស​ភ្លើងទៀន ​ដែល​មាន​អង្គ​បោះឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ទូទាំង​ប្រទេស​ជាង​ពីរ​ពាន់​អាសនៈ​អាច​នឹង​ទទួល​បាន​កៅអី​ព្រឹទ្ធសភា​ចំនួន ៨​អាសនៈ ប៉ុន្តែ​ប្រសិនបើ​គ្មាន​ការ​ជជែក​គ្នា​រវាង​មេដឹកនាំ​គណបក្ស​ភ្លើងទៀន និង​គណបក្ស​កម្លាំង​ជាតិ​ទេ​នោះ អាច​នឹង​ធ្វើ​ឱ្យ​បែក​សំឡេងឆ្នោត​គាំទ្រ​ ដែល​ផល​ចំណេញ​បាន​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles