អ្នកឃ្លាំមើល​ថា រដ្ឋាភិបាល​ព្យាយាម​កែ​ប្រវត្តិសាស្ត្រ តាមរយៈ​ការ​លើក​ស្ទួយ​ទិវា​នយោបាយ​ឈ្នះឈ្នះ

ដោយ មាន ឫទ្ធិ
2023.12.28
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកឃ្លាំមើល​ថា រដ្ឋាភិបាល​ព្យាយាម​កែ​ប្រវត្តិសាស្ត្រ តាមរយៈ​ការ​លើក​ស្ទួយ​ទិវា​នយោបាយ​ឈ្នះឈ្នះ

អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយាអ្នកស្រី ប៊ុន រ៉ានី ចូលរួមសម្ពោធ​វិមានឈ្នះឈ្នះ កាលពីថ្ងៃទី២៩ ធ្នូ​ ២០១៨។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន


ក្រុម​អ្នកឃ្លាំមើល​សង្គម​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​របស់​គណបក្ស​កាន់អំណាច ហាក់​ព្យាយាម​កែប្រែ​ប្រវត្តិសាស្ត្រ តាមរយៈ​ការបង្កើត​ព្រឹត្តិការណ៍ ឱ្យ​ពលរដ្ឋ​ចូលរួម និង​ដឹងគុណ​នយោបាយ​ឈ្នះឈ្នះ ដោយ​បំភ្លេច​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​សំខាន់ៗ​ផ្សេង​ទៀត។ ពួកគាត់​ថា នយោបាយ​ឈ្នះ ឈ្នះ មិន​បាន​រួមចំណែក​ឱ្យ​ភាគី​ជម្លោះ មក​ចូល​តុ​ចរចា​បញ្ចប់សង្គ្រាម និង​បង្កើត​ការ​បោះឆ្នោត​បែប​ប្រជាធិបតេយ្យ ដូច​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​២៣ តុលា ឡើយ។

អ្នកឃ្លាំមើល​លើកឡើង​ថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្សកាន់អំណាច ព្យាយាម​លើកតម្កើង​ឃោសនា នយោបាយ​ឈ្នះ​ឈ្នះ ដើម្បី​បំភ្លៃ​ប្រវត្តិសាស្ត្រ និង​កេង​ចំណេញ​នយោបាយ ដោយ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ ពិសេស​យុវជន​ជំនាន់​ក្រោយ​ភ័ន្តច្រឡំ​ថា គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ការគ្រប់គ្រង​របស់​លោក ហ៊ុន សែន គឺជា​អ្នក​រំដោះ និង​ជួយសង្គ្រោះ​កម្ពុជា ចេញពី​ភ្លើង​សង្គ្រាម។អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក ម៉ែន សុថាវរិន្ទ្រ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៨ ធ្នូ ដោយ​លោក​យល់​ឃើញ​ថា នយោបាយ​ឈ្នះ​ឈ្នះ របស់​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ស៊ី​កេរ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ដែល​គូ​ជម្លោះ​ខ្មែរ​គ្រប់​ភាគី ព្រម​បញ្ចប់​សង្គ្រាមស៊ីវិល​ដ៏​រ៉ាំរ៉ៃ​នៅ​កម្ពុជា។

លោក ម៉ែន សុថាវរិន្ទ្រ៖ «កុម្មុយនិស្ត ផ្ដាច់ការ គឺ​គាត់​បាន​ស៊ី​កេរ ស៊ី​អ្វី​ទាំង​អស់ហើយ គឺ​គាត់​ភ្លេច តាំងពី​គាត់​ធ្វើ​រដ្ឋប្រហារ​តាំងពី​ឆ្នាំ​១៩៩៧ ហ្នឹង​មក​។ អ៊ីចឹង​គឺ​គាត់​ខុស​ធ្ងន់​មែនទែន គឺ​គាត់​ធ្វើ​ហ្នឹង គឺ​បំពាន​លើ​កិច្ចព្រមព្រៀង​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស»។

ការ​លើកឡើង​របស់​អតីត​តំណាងរាស្ត្រ​រូប​នេះ គឺ​បន្ទាប់ពី​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គ្រោង​រៀបចំ​ពិធី​ខួប​លើក​ទី​២៥ នៃ​ការ​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា និង​ការ​អនុវត្ត នយោបាយ​ឈ្នះ​ឈ្នះ និង​ខួប​៥​ឆ្នាំ នៃ​ការ​កសាង​វិមាន​ឈ្នះ​ឈ្នះ នៅ​ថ្ងៃទី​២៩ ដល់ ថ្ងៃទី​៣១ ធ្នូ នៅ​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។ ក្នុង​ពិធី​រម្លឹក​ខួប​នោះ អាជ្ញាធរ​នឹង​បិទផ្លូវ និង​មានការ​រៀបចំ​ពិព័រណ៍​សមិទ្ធផល​ម្ហូប​អាហារ​ខ្មែរ អុជ​កាំជ្រួច និង​ប្រគំ​តន្ត្រី ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​ផង​ដែរ។

ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៧ ខែ​ធ្នូ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើង​ថា លោក​មិន​បង្កើត​ទិវា​សន្តិភាព តាម​យោបល់​របស់​ក្រុម​មន្ត្រី​រដ្ឋាភិបាល​របស់​លោក​ទៀត​នោះ​ទេ ដោយ​លោក​អះអាង​ថា ទិវា​នយោបាយ​ឈ្នះ​ឈ្នះ និង​ការ​បញ្ចប់​សង្គ្រាម​នៅ​កម្ពុជា ដែល​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​២៩ ខែធ្នូ នោះ គឺ​មាន​អត្ថន័យ​ជា​ទិវា​សន្តិភាព​ស្រាប់​ហើយ។

លោក ហ៊ុន ម៉ាណែត៖ «ករណី​ពិសេស​កើតឡើង​មកនេះ ដោយសារ​ស្រុក​មាន​សន្តិភាព​។ បើ​យើង​មាន​សង្គ្រាម យើង​នឹង​វេទនា​ដូច​មុន តែបើ​យើង​មាន​សន្តិភាព ពីរ​ថ្ងៃ​ទៀត​យើង​ត្រូវ​គោរព ប្រារព្ធ ២៥​ឆ្នាំ​នៃ​ខួប​នៃ​នយោបាយ​ឈ្នះ​ឈ្នះ គឺ​ការ​បញ្ចប់​សង្គ្រាម»។

ទាក់ទិន​រឿង​នេះ ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ លោក រស់ សុដ្ឋា មើល​ឃើញ​ថា ក្រោយ​ពេល​ដែល​សម្ដេចព្រះ​នរោត្តម សីហនុ ព្រះ​បរមរតនកោដិ សោយ​ទិវង្គត​ទៅ រដ្ឋាភិបាល​ហាក់​មាន​បំណង​បំភ្លេច​ថ្ងៃ​ប្រវត្តិសាស្ត្រ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា បន្តិច​ម្ដងៗ ដោយ​ដាក់​ជំនួស​មកវិញ នូវ​ទិវា​ឈ្នះ​ឈ្នះ។

លោក រស់ សុដ្ឋា៖ «ឥឡូវនេះ​ឃើញ​ថា ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​ហ្នឹង គឺ​ឃើញថា​ការ​ផ្សព្វផ្សាយ​អំពី​សារប្រយោជន៍ គុណ​តម្លៃ​របស់​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ហ្នឹង វា​ដូច​ថា​មិន​សូវ​មាន​តុល្យភាព។ បើ​និយាយ​ដល់​រឿង​ប្រវត្តិសាស្ត្រ យើង​បារម្ភ​ពី​រឿង​ប្រវត្តិសាស្ត្រ​ដែរ​។ បើ​កាលពី​យើង​ផ្ដល់​តម្លៃ​មិន​មាន​តុល្យភាព វា​ពាក់ព័ន្ធ​នឹង​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​ប្រជាជាតិ អាច​ធ្វើ​ឱ្យ​មាន​ការ​យល់​ច្រឡំ​។ ហើយ​ភាព​រសាយ​បាត់​ទៅ​នៃ​ប្រវត្តិសាស្ត្រ​នេះ វា​អាច​ចេះតែ​មាន​ដំណើរ​ទៅមុខ​ម្ដង​បន្តិចៗ រសាត់​បាត់​ទៅ​ម្ដង​បន្តិចៗ»។

កាលពី​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២២ រដ្ឋាភិបាល​កម្ពុជា បានសម្រេច​យក​ទិវា​នយោបាយ​ឈ្នះ ឈ្នះ ថ្ងៃទី​២៩ ធ្នូ ដាក់​ចូល​ទៅ​ក្នុង​ប្រតិទិន​ប្រចាំឆ្នាំ​តទៅ ប៉ុន្តែ​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ឈប់​សម្រាក​ឡើយ ខណៈ​ទិវា​រំលឹក​ខួប​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា ដក​ចេញពី​បុណ្យជាតិ​នៅ​ឆ្នាំ​២០២០ ទៅវិញ។

អ្នកឃ្លាំមើល ស្នើ​ឱ្យ​រដ្ឋាភិបាល​គោរព​គោលការណ៍​សិទ្ធិមនុស្ស និង​ស្ដារ​ប្រជាធិបតេយ្យ ដោយ​ដើរ​តាម​មាគ៌ា​របស់​សិទ្ធិ​សញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស ជា​ជាង​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ មក​កុហក​ប្រជា​ពលរដ្ឋ​ខ្មែរ ដើម្បី​ផលប្រយោជន៍​បក្ខពួក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles