ជនភៀសខ្លួន​ខ្មែរ​នៅ​ប្រទេស​ថៃ​ថា ពួកគេ​មិន​បាន​រៀន​របៀប​ផ្ដួល​រំលំ​រដ្ឋាភិបាល​ឡើយ

ដោយ ទីន ហ្សាការីយ៉ា
2023.12.28
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង


ជនភៀសខ្លួន​នៅ​ប្រទេស​ថៃ ដែល​ចូលរួម​សិក្ខាសាលា​នៅ​ប្រទេស​ថៃ កាល​ពី​ពេល​ថ្មីៗ នេះ អះអាង​ថា ពួក​គាត់​មិន​ចូលរួម​វគ្គ​សិក្សា ឬ​របៀប​ប្រឆាំង​រដ្ឋាភិបាល ដូច​ការចោទប្រកាន់​របស់​រដ្ឋាភិបាល​កម្ពុជា​ឡើយ។ ការ​ឆ្លើយតប​នេះ ក្រោយ​ពេល​គណបក្ស​នយោបាយ​ចំនួន​៩ ដែល​ជា​គណបក្ស​សម្ព័ន្ធមិត្ត​របស់​គណបក្ស​កាន់​អំណាច និង​អង្គការ​សង្គម​ស៊ីវិល ១៥ផ្សេង​ទៀត ស្នើ​ទៅ​រដ្ឋាភិបាល​ថៃ ឱ្យ​ពិនិត្យ​មើល​សកម្មភាព​របស់​ពួក​គេ និង​ចោទប្រកាន់​ថា ជន​ភៀស​ខ្លួន​ខ្មែរ​យក​ទឹកដី​ប្រទេស​ថៃ ​សម្រាប់​បណ្ដុះបណ្ដាល​ឱ្យ​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា។

​ជនភៀសខ្លួន​​ខ្មែរ​នៅ​ប្រទេស​ថៃ ដែល​ភាគច្រើន​ជា​សកម្មជន​នយោបាយ សកម្មជន​ដីធ្លី និង​យុវជន​ផង​នោះ ចាត់​ទុក​ការ​ចោទប្រកាន់​របស់​គណបក្ស​នយោបាយ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​អង្គការ​សង្គម​ស៊ីវិល​ថា ជា​ការ​មូល​បង្កាច់​លាប​ពណ៌​លើ​ពួកគាត់។

អ្នក​រៀបចំ​សិក្ខាសាលា​ម្នាក់ និង​ជា​ជនភៀសខ្លួន លោក លឹម សុខា ឱ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​ទី២៨ ខែ​ធ្នូ ថា សិក្ខាសាលា​​នោះ​គឺជា​ការ​រៀបចំ​របស់​របស់​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្រៅ​ប្រទេស គឺ​មិន​ជាប់​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​កៅក្លៃ ឬ​គណបក្ស​ឆ្ពោះ​ទៅ​មុខ​ទេ​នោះ​ទេ។ លោក​បញ្ជាក់​ថា វគ្គ​បណ្ដុះបណ្ដាល ដែល​រៀន​រយៈពេល​មួយ​ថ្ងៃ​នោះ គឺជា​ការ​បណ្ដុះបណ្ដាល​ដល់​ជន​ភៀសខ្លួន ពលករ ​ជាពិសេស​យុវជន ឱ្យ​ដឹង​ពី​សិទ្ធិ បញ្ហា​សង្គម​ដែល​កំពុង​កើត​មាន​ឡើង​នៅ​កម្ពុជា និង​កុំ​ឱ្យ​​យុវជន លង់​ខ្លួន​ជឿ​អ្នក​នយោបាយ​ងប់ងុល។

លោក លឹម សុខា៖ «បណ្ដុះបណ្ដាល​អ្នក​ប្រជាធិបតេយ្យ​ឱ្យ​ស្គាល់​ពី​សិទ្ធិ​នៅ​ក្នុង​ការរស់នៅ​នៅ​ក្នុង​ប្រទេស​សាមី​ដូច​យើង​ឃើញ​ស្រាប់​ហើយ​ប្រទេស​ថៃ​អ៊ីចឹង​ដែល​យើង​ធ្លាប់​រស់នៅ​ហ្នឹង​គេ​អត់​ខ្វល់​ពី​រឿង​អ្នក​និយាយ​អត់​ប្រយោជន៍​សំខាន់ គេ​ផ្ដោត​ទៅ​លើ​មេដឹកនាំ​មេ​ដឹកនាំ បើ​សិន​នៅ​ពេល​មុន​បោះឆ្នោត​គាត់​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​ថា ម៉េច​ខ្លះ ហើយ​នៅ​ពេល​ដែល​ជាប់​ឆ្នោត តើ​យើង​ធ្វើ​អី​ខ្លះ»

ស្រដៀង​គ្នា​នេះ​ដែរ លោកស្រី ប្រាក់ សុភា សកម្មជន​ដីធ្លី​តំបន់​បឹង​តា​មោក ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ ​និង​បាន​ចូលរួម​ក្នុង​សិក្ខា​សាលា​អះអាង​ថា សិក្ខាសាលា​នោះ មិន​បាន​បង្រៀន​ពី​របៀប ប្រឆាំង​រដ្ឋាភិបាល ឬ​​ផ្ដួល​រំលំ​រដ្ឋាភិបាល ដូច​ការ​ចោទប្រកាន់​ឡើយ។ ជន​ភៀស​ខ្លួន​រូប​នេះ ព្រួយបារម្ភ​ពី​សុវត្ថិភាព នៅ​ពេល​មាន​ការ​ចោទ​ប្រកាន់​ដូច្នេះ លោកស្រី​ខ្លាច​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ខ្លួន​ពួកគាត់​ទៅ​កម្ពុជា។ បើ​ទោះ​ជា​ប្រឈម​នឹង​បញ្ហា​សុវត្ថិភាព​បែបនេះ​ក្ដី ជនភៀសខ្លួន​រូប​នេះ អះអាង​ថា លោកស្រី ជាមួយ​កូន​នឹង​ចូលរួម​សិក្ខាសាលា​បែបនេះ​បន្ត​ទៀត ប្រសិនបើ​មាន​ការរៀបចំ​នៅ​ពេល​ក្រោយ។

លោកស្រី ប្រាក់ សុភា៖ «ខ្ញុំ​មក​សិក្ខាសាលា​នេះ គឺ​ពួក​យើង​ចូលរួម​ដើម្បី​ស្ដាប់​មតិយោបល់​ពី​ប្រទេស ដែល​មាន​ការ​រំលោភបំពាន​ប្រទេស ដែល​មាន​ការ​ព្រងើយកន្តើយ​ពី​ថ្នាក់ដឹកនាំ។ អ៊ីចឹង ខ្ញុំ​សុំ​ឱ្យ​នាយករដ្ឋមន្ត្រី​ថៃ មេត្តា​កុំ​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ខ្មែរ​អី​ពីព្រោះ​រដ្ឋាភិបាល​ខ្មែរ​កំពុង​រំលោភ​សិទ្ធិមនុស្ស កំពុងតែ​បំបិទ​ការ​តស៊ូ​របស់​ពួក​យើង គឺ​ពួក​យើង​ចង់​បាន​ប្រជាធិបតេយ្យ​ពិតប្រាកដ​។ យើង​ចង់បាន​ប្រទេស​មួយ​រីកចម្រើន​ដូច​ប្រទេស​ថៃ»

កាល​ពីថ្ងៃ​ទី២ ខែ​ធ្នូ ​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​មក​បណ្ដា​ប្រទេស​នានា​ រួម​មាន​សហរដ្ឋអាមេរិក (United States) ជប៉ុន (Japan) និង​ប្រទេស​កូរ៉េខាងត្បូង(South Korea) ជា​ដើម រៀបចំ​ធ្វើ​សិក្ខា​សាលា​បណ្ដុះបណ្ដាល នៅ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ​​ដែល​អ្នក​ចូលរួម​ជិត ១០០នាក់ ពួក​គាត់​ជា​ជន​ភៀស​ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ភ្លើង​ទៀន សកម្មជន​ដីធ្លី និង​យុវជន​ផង​ដែរ។ ទោះ​ជា​យ៉ាង​ណា​ក្ដី នៅ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ គណបក្ស​នយោបាយ​ចំនួន​៩ ដែល​ជា​គណបក្ស​សម្ព័ន្ធមិត្ត​របស់​គណបក្ស​កាន់អំណាច និង​អង្គការ​សង្គម​ស៊ីវិល ១៥ផ្សេង​ទៀត​មាន​ទំនោរ​គាំទ្រ​រដ្ឋាភិបាល​បាន​ដាក់​សំណើ​ទៅ​ស្ថានទូត​ប្រទេស​ថៃ​ប្រចាំ​ទីក្រុង​ភ្នំពេញ​ឱ្យ​ជំរុញ​ទៅ​នាយករដ្ឋមន្ត្រី​ថៃ លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) ឱ្យ​ពិនិត្យ​មើល​សកម្មភាព​របស់​គណបក្ស​កៅក្លៃ។

ក្រុម​គណបក្ស​នយោបាយ​ និង​អង្គការ​ទាំង​នោះ​ចោទប្រកាន់​ថា ការ​ធ្វើ​សិក្ខាសាលា​នេះ មាន​ការ​គាំទ្រ​ពី គណបក្ស​កៅក្លៃ​ដែល​ជា​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​ថៃ​ ដើម្បី​ឱ្យ​សកម្មជន​ទាំង​នោះ​យក​ទីតាំង​ប្រទេស​ថៃ ធ្វើ​ជា​កន្លែង​សម្រាប់​អប់រំ​ផ្នែក​នយោបាយ​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា។ គណបក្ស​សម្ព័ន្ធមិត្ត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដាក់​សំណើ​ទាំង​នោះ រួម​មាន គណបក្ស​ខ្មែរ​ក្រោក គណបក្ស​ខ្មែរ​តែ​មួយ និង​គណបក្ស​មហាសាមគ្គី​ជាតិ​ខ្មែរ​ជា​ដើម។ ចំណែក​អង្គការ​សង្គម​ស៊ីវិល​រួម​មាន សមាគម​អ្នក​ដឹក​ជញ្ជូន​ត្រីចក្រយានយន្ត​សន្តិភាព សហព័ន្ធ​សហជីព​យុវជន​បញ្ញវន្ត សមាគម​អ្នក​ដឹក​ជញ្ជូន​កម្មករ និង​សម្ព័ន្ធ​យុវជន​សេនា​មរតក​សន្តិភាព ជា​ដើម។ គណបក្ស​នយោបាយ និង​អង្គការ​ទាំង​នោះ ភាគ​ច្រើន​ឃើញ​មានតែ​ឈ្មោះ តែ​កម្រ​ឃើញ​ធ្វើ​សកម្មភាព​បម្រើ​ពលរដ្ឋ​នោះ​ឡើយ។

ទាក់ទង​រឿង​នេះ វិទ្យុ​អាស៊ី​សេរី​មិន​អា​​ទាន់​សុំ​ការ​បញ្ជាក់​ពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក​ ប៉ែន បូណា ដើម្បី​ដឹង​ថា រដ្ឋាភិបាល នឹង​​មាន​វិធានការ​បែប​ណា​លើ​ករណី​នេះ​នៅឡើយ​ទេ។ ចំណែក​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន លើកឡើង​ថា សំណើ​របស់​ក្រុម​គណបក្ស​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល គឺ​ជា​រឿង​ត្រឹមត្រូវ​ក្នុង​បំណង​ទប់ស្កាត់​ការ​ធ្វើ​សកម្មភាព​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា។ លោក សុខ ឥសាន ថា សំណើ​របស់​គណបក្ស​សម្ព័ន្ធមិត្ត​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​នោះ​មិន​ជាប់​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​កាន់អំណាច​ឡើយ។

លោក សុខ ឥសាន៖«បើ​អត់​មាន​ធ្វើ​សកម្មភាព​អ្វី​ផ្ទុយ​ពី​គោលការណ៍​ច្បាប់​អត់មាន​បញ្ហា​អី​ទេ ដែល​គេ​ស្នើ​ទៅ​ឱ្យ​រដ្ឋាភិបាល​ថៃ​ទប់ស្កាត់​ចំពោះតែ​សកម្មភាព​ណា​ដែល​ខុស​ច្បាប់​ហើយ​ដែល​មាន​ចេតនា​ទុច្ចរិត ដើម្បី​បណ្ដុះបណ្ដាល​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​នៅ​ក្នុង​ទឹកដី​តែ​ប៉ុណ្ណោះ​ទេ​បាទ បើ​គាត់​ធ្វើ​ត្រឹមត្រូវ​តាម​ច្បាប់​អត់​បញ្ហា​អី​ទេ»។

ទោះ​យ៉ាង​ណា​ក្ដី ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា យល់​ថា ការ​ចូលរួម​សិក្ខាសាលា​របស់​ជនភៀសខ្លួន ជា​ការ​អនុវត្ត​សិទ្ធិ​នយោបាយ​ និង​សិទ្ធិពលរដ្ឋ ​​បើ​ទោះ​ជា​ពួកគាត់​ជា​ជនភៀសខ្លួន​ក្ដី​តែ​ពួកគាត់​មាន​សិទ្ធិ​ចូលរួម​ដើម្បី​មាន​ការយល់​ដឹង​ពី​បញ្ហា​សង្គមជាតិ។ លោក​បន្ត​ថា បើ​ទោះ​ជា​មាន​ការចោទប្រកាន់​ថា ការ​ចូលរួម​ជា​ការ​រៀន​សូត្រ​ពី​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល តែ​បើ​ការចោទប្រកាន់​មិន​បាន​ពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់​ ការ​ចោទប្រកាន់​នេះ​ជា​ការ​រំលោភ​សិទ្ធិមនុស្ស និង​ច្បាប់​អន្តរជាតិ។

លោក រស់ សុដ្ឋា៖ «ទាមទារ​ឱ្យ​ពិនិត្យ​មើល​ខ្លឹមសារ​ហ្នឹង​ឱ្យ​ច្បាស់លាស់ បើសិនជា​ក្នុង​ក្របខ័ណ្ឌ​អនុវត្ត​សិទ្ធិ​ទេ ពួក​គាត់​មិន​ត្រូវ​បាន​ចោទ​ប្រកាន់​អ៊ីចឹង​ទេ ហើយ​ការ​ចោទ​ប្រកាន់​អ៊ីចឹង​ធ្វើ​ឱ្យ​មាន​ការ​ភ័យ ហើយ​ធ្វើ​ឱ្យ​ស្ថានភាព​ទទួល​សិទ្ធិ​ជ្រកកោន​កាន់តែ​វេទនា​ថែម​ទៀត ដែល​ផ្ទុយ​នឹង​គោលការណ៍​សិទ្ធិមនុស្ស»

ជនភៀសខ្លួន​នៅ​ប្រទេស​ថៃ តែងតែ​ធ្វើ​សកម្មជន​តស៊ូ​មតិ អ្នកខ្លះ​ប្រើប្រាស់​បណ្ដាញ​សង្គម​ដើម្បី​បញ្ចេញមតិ អ្នក​ខ្លះ​ទៀត ប្រមូល​ផ្ដុំ​គ្នា​ទាមទារ​ដើម្បី​ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ ដោះស្រាយ​វិបត្តិ​នយោបាយ និង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ​ជាដើម។ កន្លង​ទៅ​រដ្ឋាភិបាល​កម្ពុជា ធ្លាប់​បាន​សហការ​ជាមួយ​សមត្ថកិច្ច​ថៃ ចាប់​បញ្ជូន​ជន​ភៀស​ខ្លួន​ជា​បន្ត​បន្ទាប់ ពី​ប្រទេស​ថៃ ​យក​ទៅ​ឃុំ​ខ្លួន​នៅ​ប្រទេស​កម្ពុជា​វិញ។ ប៉ុន្តែ​ទង្វើ​នេះ​ រង​ការ​រិះគន់​ពី​ការ​អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ ​ថា ជា​ការ​រំលោភ​សិទ្ធិ​ជនភៀសខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles