ដោយ ថា ថៃ
2023.12.29
RFA

សកម្មភាពមន្ត្រីអន្តោប្រវេសន៍ថៃចុះសាកសួរ និងនាំខ្លួនសកម្មជនភៀសខ្លួនខ្មែរផ្នែកនយោបាយ កំពុងសិក្សាពីច្បាប់ស្ដីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី២៩ ធ្នូ ២០២៣។ រូប៖ វីដេអូ ពីហ្វេសប៊ុក សូ មេត្តា
សមត្ថកិច្ចថៃ ឃាត់ខ្លួនជនភៀសខ្លួនខ្មែរចំនួន ១០នាក់ ក្នុងពេលពួកគាត់ចូលរួមវគ្គសិក្សាស្វែងយល់ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស ២៣តុលា នៅក្នុងទីក្រុងបាងកក កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ។ មន្ត្រីសិទ្ធិមនុស្សលើកឡើងថា សមត្ថកិច្ចថៃ គួរតែដោះលែងជនភៀសខ្លួនទាំងនោះវិញ ព្រោះការរៀនសូត្រអំពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស ២៣តុលា មិនខុសច្បាប់ប្រទេសថៃឡើយ។
ជនភៀសខ្លួនដែលត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួនទាំងនោះ រួមមាន សកម្មជនគណបក្សសង្គ្រោះជាតិ សកម្មជនគណបក្សភ្លើងទៀន យុវជនធ្វើការងារសង្គមកញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា អតីតកម្មការិនីរោងចក្រកាត់ដេរ និងជាអ្នកតស៊ូមតិ លោកស្រី សំ សុខា ដែលធ្លាប់យកស្បែកជើងគប់រូបថតលោក ហ៊ុន សែន រួមទាំងជនភៀសខ្លួនខ្មែរក្រោមមួយចំនួនទៀត។

តំណាងជនភៀសខ្លួន លោក លឹម សុខា ឱ្យវិទ្យុអាស៊ីសេរីដឹង នៅថ្ងៃទី២៩ ខែធ្នូ ថា សមត្ថកិច្ចថៃឃាត់ខ្លួនអ្នក ដែលរៀនអំពីកិច្ចព្រមព្រៀងសន្តិភាពនេះ ចំពោះតែអ្នកដែលមានកាត់សម្គាល់ខ្លួនដែលផ្ដល់ឱ្យដោយអង្គការប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ចំណែកពលករខ្មែរ និងអ្នកចូលរួមផ្សេងទៀតដែលមានលិខិតឆ្លងដែនស្របច្បាប់ សមត្ថកិច្ចថៃ មិនបានឃាត់ខ្លួនពួកគេទេ។ លោកថា នៅពេលនេះសមត្ថកិច្ចថៃកំពុងបញ្ជូនជនភៀសខ្លួនទាំងនោះ ទៅប៉ុស្តិ៍នគរបាលមូលដ្ឋានដើម្បីសួរនាំ និងពិនិត្យឯកសារស្នាក់នៅប្រទេសថៃ។ លោកយល់ថា ការឃាត់ខ្លួននេះជាប់ពាក់ព័ន្ធរឿងនយោបាយ ច្រើនជាងការអនុវត្តច្បាប់ និងជាការអនុវត្តតាមការចង់បានរបស់ភាគីរដ្ឋាភិបាលកម្ពុជា។
លោក លឹម សុខា៖ «ពលករហ្នឹងគេ (សមត្ថកិច្ចថៃ) គេអត់ចាប់ទេ គេចាប់តែអ្នក ដែលមានកាតយូអ៊ិន (UN) អ៊ីចឹងក្នុងករណីហ្នឹង បើសិនជាគាត់មានឯកសារជាកាត UN ហើយមានន័យថា ពួកគាត់រស់នៅក្នុងប្រទេសថៃដោយស្របច្បាប់ជ្រកកោន ដោយអង្គការសហប្រជាជាតិជាអ្នកទទួលខុសត្រូវ»។
ការបង្រៀនពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ រៀបចំដោយជនភៀសខ្លួន និងពលករខ្មែរនៅប្រទេសថៃ ដែលបង្រៀនដោយសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសលោក ស្រ៊ុន ស្រ៊ន។
សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសលោក ស្រ៊ុន ស្រ៊ន យល់ថា សមត្ថកិច្ចឃាត់ខ្លួនជនភៀសខ្លួននៅពេលនេះ ព្រោះមានអ្នកញុះញង់ទៅអាជ្ញាធរថៃ។ លោកឱ្យដឹងទៀតថា ក្រោយជួបករណីនេះលោកបានរាយការណ៍ទៅអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) និងអង្គការសិទ្ធិមនុស្សអន្តរជាតិយូមែន រ៉ៃត៍ វ៉ច្ឆ (HRW) ហើយពេលនេះ UNHCR បានបញ្ជូនមេធាវីរបស់ខ្លួន ទៅដល់កន្លែងឃុំខ្លួនជនភៀសខ្លួនទាំងនោះហើយ។
លោក ស្រ៊ុន ស្រ៊ន៖ «មិនមែនជាមនុស្សធម្មតាទេ ដែលទៅប្ដឹងអាជ្ញាធរថៃ។ ជនដែលមានកាត UN ប្រសិនបើក្នុងករណីក្នុងរយៈពេលស្អែកខានស្អែក ព្រោះខ្ញុំទៅបង្រៀននៅសមុទ្រប្រាកានទៀត អ៊ីចឹង បើសិនមានករណីអ៊ីចឹងកើតឡើងទៀត ខ្ញុំនឹងសុំអន្តរាគមន៍ពីអង្គការសហប្រជាជាតិ។ ឥឡូវខ្ញុំទាក់ទងជាមួយយូមែន រ៉ៃត៍ វ៉ច្ឆ (HRW) ហើយ»។
បើទោះជាសមត្ថកិច្ចថៃ បានឃាត់ខ្លួនជនភៀសខ្លួនទាំង ១០នាក់នោះហើយក្ដី តែសមត្ថកិច្ចថៃ មិនបានហាមឃាត់លោក ស្រ៊ុន ស្រ៊ន មិនឱ្យបង្រៀនពលករ ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះឡើយ ហើយលោក ស្រ៊ុន ស្រ៊ន បានបង្រៀនដល់ជនភៀសខ្លួន និងពលករបន្តទៀតរហូតចប់កម្មវិធីដូចការគ្រោងទុក។
ជនភៀសខ្លួនម្នាក់ទៀត លោក ហង្ស ស៊ីសុវត្ថិ ដែលមកចូលរួមរៀនស្វែងយល់កិច្ចព្រមព្រៀងសន្តិភាពនេះ លើកឡើងថា ការរៀនសូត្រនេះ មិនមែនរៀនពីរបៀបផ្ដួលរំលំរដ្ឋាភិបាលឡើយ។ លោក ហង្ស ស៊ីសុវត្ថិ មកចូលរួមសិក្សាស្វែងយល់កិច្ចព្រមព្រៀងសន្តិភាព ជាមួយពលករខ្មែរផ្សេងទៀតដែលកំពុងធ្វើការនៅប្រទេសថៃ គឺក្រោយពេលមានការចាប់ខ្លួនជនភៀសខ្លួនទាំង១០ រួចហើយ។
លោក ហង្ស ស៊ីសុវត្ថិ៖ «ច្បាប់ជាតិ អន្តរជាតិសំខាន់ណាស់បើយើងធ្វើការងារ ឬក៏យើងរស់នៅប្រទេសណាក៏ដោយ គឺយើងត្រូវយល់ដឹងអំពីច្បាប់ហ្នឹងព្រោះច្បាប់ហ្នឹងវាអាចធ្វើឱ្យមនុស្សដើរនៅក្នុងគន្លងនៃផ្លូវលទ្ធិប្រជាធិបតេយ្យ»។
វិធានការរបស់សមត្ថកិច្ចថៃនៅពេលនេះ ក្រោយពេលគណបក្សនយោបាយចំនួន៩ ដែលជាគណបក្សសម្ព័ន្ធមិត្តរបស់គណបក្សកាន់អំណាច និងអង្គការសង្គមស៊ីវិល ១៥ផ្សេងទៀត ដែលលម្អៀងទៅកាន់គណបក្សកាន់អំណាច កាលពីថ្ងៃទី២៨ ខែធ្នូ បានស្នើទៅរដ្ឋាភិបាលថៃ តាមរយៈស្ថានទូតប្រទេសថៃប្រចាំទីក្រុងភ្នំពេញ ឱ្យពិនិត្យមើលសកម្មភាពរបស់ពួកគេ និងចោទជនភៀសខ្លួនខ្មែរថា យកទឹកដីប្រទេសថៃ សម្រាប់បណ្ដុះបណ្ដាលឱ្យប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត សង្កេតឃើញថា រដ្ឋាភិបាលប្រទេសថៃ មានកិច្ចព្រមព្រៀងជាមួយឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលជនភៀសខ្លួន (UNHCR) ក្នុងការអនុញ្ញាតឱ្យជនភៀសខ្លួនអាចរស់នៅប្រទេសនេះ។ ដូច្នេះ លោកយល់ថា អាជ្ញាធរថៃមិនគួរឃាត់ខ្លួនជនភៀសខ្លួនដែលមានការទទួលស្គាល់ពី UNHCRទេ។ លោកបន្តថា ប្រទេសថៃ ក៏ជាប្រទេសហត្ថលេខីមួយនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែរ ដូច្នេះការរៀនពីកិច្ចព្រមព្រៀងនេះ មិនមែនជាសកម្មភាព ខុសច្បាប់នៅប្រទេសថៃឡើយ។
លោក អំ សំអាត៖ «ថៃមិនគួរណានឹងត្រូវបានចាប់ឃាត់ខ្លួនពួកគាត់ទេ ត្រូវតែមានការដោះលែងឱ្យគាត់មានសេរីភាពទៅតាម ការទទួលស្គាល់របស់ UNHCR នោះបាទ»។
ទោះជាយ៉ាងណាក្ដី គិតមកដល់ពេលនេះ ក្រោយការមានសម្របសម្រួលរវាងមន្ត្រីនៃអង្គការប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ជាមួយសមត្ថកិច្ចថៃ សមត្ថកិច្ចថៃ បានដោះលែងស្ត្រីជនភៀសខ្លួនជនភៀសខ្លួនពីរនាក់ម្ដាយកូនព្រោះកូនស្រីជនភៀសខ្លួននោះជាក្មេងស្រីអាយុក្រោម១៨ឆ្នាំ។ ទោះយ៉ាងណា អ្នកការពារសិទ្ធិមនុស្ស ជំរុញទៅរដ្ឋាភិបាលគួរដោះលែងជនភៀសខ្លួនទាំងនោះឱ្យមានសេរីភាពឡើងវិញ និងមិនត្រូវបញ្ជូនពួកគាត់ទៅប្រទេសកម្ពុជាវិញទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។