ក្រសួង​សុខាភិបាល​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ជំងឺ​កូវីដ-១៩ ខណៈ​ករណី​ឆ្លង​ថ្មី​កើន​ឡើង

ដោយ ឡេង ម៉ាលី
2023.12.29
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រសួង​សុខាភិបាល​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ជំងឺ​កូវីដ-១៩ ខណៈ​ករណី​ឆ្លង​ថ្មី​កើន​ឡើង

(រូបតំណាង) ស្លាកសញ្ញាក្រសួងសុខាភិបាល Photo: RFA


ក្រសួងសុខាភិបាលនៅយប់ថ្ងៃទី២៨ ខែធ្នូ បានប្រកាសព័ត៌មានអំពីការរកឃើញវីរុសកូវីដ១៩បំប្លែង​ថ្មី​ប្រភព​អូមេក្រុង ជេអនវ័ន (Omicron JN1) តែ​ក្រសួង​អះអាង​ថា អ្នក​ជំងឺ​ទាំង​នោះ​ទទួល​បាន​ការ​ព្យាបាល​ជា​សះស្បើយ​ដោយ​បន្ត​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​ផ្ទះ​រៀងៗ ខ្លួន។ ក្រសួង​បញ្ជាក់ដោយផ្អែកតាមអង្គការសុខភាពពិភពលោកថាជំងឺកូវីដ១៩ ប្រភេទថ្មីនេះ មិនសូវមានសភាពធ្ងន់ធ្ងរទេ ដោយសារតែជាវីរុសប្រភេទចាប់អារម្មណ៍ (Variant of Interest) មិន​មែន​ជា​វីរុស​បំប្លែង​ថ្មី ដែល​ជា​ប្រភេទ​ព្រួយ​បារម្ភ (Variant of Concern) នោះ​ទេ។

តែយ៉ាងណាក្តីក្រសួងសុខាភិបាលកត់សម្គាល់ដោយរកឃើញថាករណីឆ្លងជំងឺកូវីដ១៩តាមរយៈការធ្វើតេស្តរហ័សនៅក្នុងចំណោមអ្នកជំងឺដែលមកទទួលសេវាសុខាភិបាលនៅតាមមន្ទីរពេទ្យមានចំនួនកើនឡើង។

បញ្ហានេះប្រសួងសុខាភិបាល​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ដោយ​ត្រូវ​អនុវត្ត​គោការណ៍​អនាម័យ ដូចជា ពាក់ម៉ាស លាងដៃ រក្សា​គម្លាត​ពី​គ្នា បន្ត​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​គ្រប់​ដូស ហើយ​អ្នក ដែល​មាន​ហានិភ័យ ដូចជា កុមារ ចាស់ជរា និងបុគ្គលដែលមានជំងឺប្រចាំកាយ ស្រ្តីមានផ្ទៃពោះ មិន​ត្រូវ​ចូលរួម​កម្មវិធី ដែល​មាន​មនុស្ស​ច្រើន​ជា​ដើម។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ឈាង រ៉ា និង​ប្រធាន​យកដ្ឋាន​ប្រយុទ្ធ និង​ជំងឺ​ឆ្លង​លោក លី សូវ៉ាន់ ដើម្បី​សាកសួរ​បន្ថែម​បាន​ទេ នៅ​ថ្ងៃ​ទី២៩ ខែធ្នូ។

ជុំវិញ​រឿង​នេះ អ្នក​ជំនាញ​ព្រមាន​ថា ប្រសិន​មាន​ការ​រីក​រាល​ដាល នៃ​ជំងឺ​កូវីដ-១៩ រាលដាល​ជា​ថ្មី​នោះ កម្ពុជា​អាច​នឹង​ប៉ះពាល់​សេដ្ឋកិច្ច​ជាតិ និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ប្រចាំ​ថ្ងៃ​កាន់​តែ​ធ្ងន់ធ្ងរ។

ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោក អ៊ូច វុទ្ធី ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ករណី​ឆ្លង​ថ្មី​បច្ចុប្បន្ន​មាន​ចំនួន​តិចតួច​នៅ​ឡើយ ហើយ​លោក​គាំទ្រ​ចំណាត់​ការ​របស់​ក្រសួង​សុខាភិបាល​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ការ​វិវឌ្ឍ​នៃ​ការ​ឆ្លង​ជំងឺ​កូវី​ពេល​នេះ។ ប៉ុន្តែ​លោក​យល់​ថា រដ្ឋាភិបាល​គួរ​ចាត់​វិធានការ​ឱ្យ​បាន​ម៉ឺងម៉ាត់​បន្ថែម​ទៀត ដោយ​ពង្រឹង​សេវា​សុខាភិបាល​នៅ​មន្ទីរពេទ្យ​តាម​មូលដ្ឋាន ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​របស់​ពលរដ្ឋ​ឱ្យ​បាន​ទាន់​ពេល។ ទោះបី​វីរុស​ប្រភេទ​ថ្មី​មាន​សភាព​ធូរ​ស្រាល​ក៏​ដោយ ក៏​លោក​រំឮក​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​តែ​បន្ត​ប្រុងប្រយ័ត្ន និង​ការពារ​ខ្លួន​ជា​ប្រចាំ​តាម​រយៈ​ការ​ពាក់​ម៉ាស់ លាង​សម្អាត​ដៃ​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ជៀស​ផុត​ពី​ជំងឺ​កូវីដ-១៩ នេះ។

លោក អ៊ូច វុទ្ធី៖ «ក្នុងនាម​ខ្ញុំ​ជា​គ្រូពេទ្យ​ក្រៅ​រដ្ឋាភិបាល ជា​គ្រូពេទ្យ​អង្គារ​សមាគម ខ្ញុំ​បារម្ភ អំពាវនាវ​ដល់​បងប្អូន​ទាំង​អស់​គ្នា​ឱ្យ​ចេះ​ប្រយ័ត្ន ការពារ​ខ្លួន។ ហានិភ័យ​វា​អាច​នឹង​កើត​ឡើង​មួយ​ភ្លែតៗ ដល់​បង​ប្អូន ហើយ​បើសិន​ជា​មាន​អាការៈ​មិន​ស្រួល សូម​បងប្អូន​ទៅ​មណ្ឌល​សុខភាព​ក្បែរ​ខ្លួ ក្បែរ​ផ្ទះ ឬ​មន្ទីរពេទ្យ​រដ្ឋ​ឱ្យ​ទាន់​ពេលវេលា»

គិតត្រឹមព្រឹកថ្ងៃទី២៩ ខែធ្នូ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបជាង ១៣ម៉ឺន ៩ពាន់នាក់ (១៣៩.០០៧) ក្នុង​នោះ​អ្នក​ជា​សះស្បើយ​មាន​ជាង ១៣ម៉ឺននាក់ ៥ពាន់នាក់ (១៣៥.៩៣០)  យើង​ខ្ញុំ​សូម​ជម្រាប​សួរ​លោក​អ្នកនាង ពី​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក!និងអ្នក​ស្លាប់​នៅចំនួន ៣ពាន់ ៥៦នាក់ (៣.០៥៦) ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles