អ្នកតាមដានសង្គមស្នើឲ្យរដ្ឋាភិបាលដកស្លាកពាណិជ្ជកម្មសា្របៀរនៅតាមផ្លូវទូទាំងប្រទេស

កម្ពុជា
កម្ពុជា-សង្គម
ដោយ៖ សាំ ឧត្តម
RFI

អ្នកតាមដានសង្គមក្រើនរំឭកឱ្យរដ្ឋាភិបាលបញ្ឈប់ការអនុញ្ញាតឱ្យក្រុមហ៊ុនស្រាបៀរផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងនៅតាមដងផ្លូវសាធារណៈ ទោះជានៅទីប្រជុំជន ឬនៅទីតាំងណាមួយ។ ការអំពាវនាវលើកនេះធ្វើឡើង បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនកើតឡើងដោយអ្នកបើកបរប្រើប្រាស់គ្រឿងស្រវឹងជោគជាំ។

អ្នកតាមដានសង្គមស្នើឲ្យរដ្ឋាភិបាលដកស្លាកពាណិជ្ជកម្មសា្របៀរនៅតាមផ្លូវទូទាំងប្រទេស


លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពថ្លែងថា អាជ្ញាធរតាមមូលដ្ឋាន និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវដោះស្រាយជាបន្ទាន់ដោយទម្លាក់ផ្ទាំងប៉ាណូពាណិជ្ជកម្មស្រាបៀរនៅតាមដងផ្លូវទាំងអស់ដើម្បីលើកកម្ពស់សុខមាលភាពសាធារណៈ និងសីលធម៌សង្គម។ តាមលោកយ៉ង់ គឹមអេង ការផ្សព្វផ្សាយគ្រឿងស្រវឹងបានជះផលអវិជ្ជមានខ្លាំងដល់សង្គម ពិសេសរួមចំណែកបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ថ្ងៃ។

ចំណែកលោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាប្រធាននាយកដ្ឋាននៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជាក៏បានយល់ឃើញដូចលោកយ៉ង់ គឹមអេង និងបញ្ជាក់បន្ថែមថា ការផ្សព្វផ្សាយបែបនេះនឹងលើកទឹកចិត្តឲ្យពលរដ្ឋពិសារគ្រឿងស្រវឹងកាន់តែខ្លាំង។

ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរ
ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរ © Internet

ទោះជាយ៉ាងនេះក្តី អ្នកជំនាញទស្សនវិជ្ជា និងជាប្រធាននាយកដ្ឋាននៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិដដែលរូបនេះយល់ថា ការផ្សាយពាណិជ្ជកម្មស្រាបៀរតាមស្លាកប៉ាណូគ្រាន់ជាចំណែកតូចមួយប៉ុណ្ណោះ។ ផ្ទុយមកវិញ គឺការផ្សព្វផ្សាយតាមបណ្តាញសង្គម និងការរៀបចំជាព្រឹត្តិការណ៍កម្សាន្តនានារបស់ក្រុមហ៊ុនស្រា​បៀរដែលរួមចំណែកធំក្នុងការជំរុញពលរដ្ឋឲ្យប្រើប្រាស់គ្រឿងស្រវឹង។ 

ដូច្នេះសម្រាប់លោកបណ្ឌិត ឈត ប៊ុនថង អ្នកពាក់ព័ន្ធត្រូវពិនិត្យមើលឡើងវិញនូវច្បាប់ស្តីពីការផ្សព្វផ្សាយគ្រឿងស្រវឹង បញ្ឈប់ការលើកស្លាកស្រាបៀរតាមដងផ្លូវ និងការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងនានាតាមបណ្តាញសង្គម។

គួរកត់សម្គាល់ថា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ផ្ទាំងប៉ាណូពាណិជ្ជកម្មស្រាបៀរភាគច្រើនមាននៅតាមដងវិថីសំខាន់ៗជិតគល់ស្ពានអាកាស កន្លែងឈប់ស្តុប និងទល់មុខព្រលានយន្តហោះអន្តរជាតិជា។ ចំណែកនៅតាមខេត្តវិញ ស្លាកប៉ាណូស្រាបៀរភាគច្រើនត្រូវបានដាក់ដង្ហែរនៅតាមដងផ្លូវ និងនៅមុខភោជនីយដ្ឋាននានា។

នៅពេលថ្មីៗនេះ រដ្ឋបាលខេត្តកែបបានសម្រេចទម្លាក់ស្លាកពាណិជ្ជកម្មស្រាបៀរចោល និងដាក់ជំនួសវិញដោយរូបទង់ជាតិតាមដងផ្លូវ បន្ទាប់ពីមានមតិរិះគន់ពីសាធារណជន។ ត្រង់ចំណុចនេះ អ្នកលេងបណ្តាញសង្គមសាទរនិងស្នើឱ្យអនុវត្តបែបនេះជារៀងរហូត។ ដោយឡែកនៅខេត្តសៀមរាប ពលរដ្ឋនៅតែបន្តរិះគន់ និងអំពាវនាវឱ្យរដ្ឋបាលខេត្តដកពាណិជ្ជកម្មស្រាបៀរចេញដើម្បីលើកកម្ពស់មុខមាត់ខេត្តដែលជាគោលដៅទេសចរណ៍វប្បធម៌៕

What Next?

Recent Articles