2024.01.26
RFA

(ឆ្វេង) លោក ស៊ុន ចន្ធី ប្រធានគណបក្សគណបក្សកម្លាំងជាតិ និងស្ដាំ លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន។ រូប៖ ហ្វេសប៊ុកគណបក្សភ្លើងទៀន និងគណបក្សកម្លាំងជាតិ
មេដឹកនាំគណបក្សកម្លាំងជាតិត្រៀមក្រុមការងាររបស់ខ្លួនរួចហើយដើម្បីជួបជជែកជាមួយថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ដើម្បីជួបជជែករឿងបែងចែកមណ្ឌលភូមិភាគបោះឆ្នោតព្រឹទ្ធសភានៅពេលខាងមុខ។ អ្នកជំនាញធ្វើការងារទាក់ទងការបោះឆ្នោតថា នេះជាសញ្ញាល្អដែលគណបក្សក្រៅរដ្ឋាភិបាលចេះជជែករកដំណោះស្រាយ ដើម្បីរក្សាអង្គបោះឆ្នោត ព្រោះបើមិនដូច្នេះទេ នឹងធ្វើនឹងពួកគេខាតបង់សំឡេងឆ្នោតទាំងសង្ខាង។
ភាគីគណបក្សកម្លាំងជាតិជំរុញមេដឹកនាំគណបក្សភ្លើងទៀន គួរកំណត់ថ្ងៃជួបគ្នាឆាប់ជាងនេះ ដើម្បីអាចពេលវេលាគ្រប់គ្រាន់ក្នុងការរៀបចំផែនការនេះបែងចែកកន្លែងគ្នាឈរឈ្មោះ។ ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន យល់ថា គម្រោងជួបគ្នារវាងគណបក្សកម្លាំងជាតិ និងគណបក្សភ្លើងទៀននៅថ្ងៃទី០៩ ខែកុម្ភៈខាងមុខ ជាហាក់អូសបន្លាយវែងពេក ដែលធ្វើឱ្យគណបក្សទាំងជួបការលំបាកក្នុងការរៀបចំខ្លួនចូលរួមប្រកួតប្រជែងការបោះឆ្នោតព្រឹទ្ធសភាខាងមុខ។ លោកចង់ឃើញគណបក្សភ្លើងទៀន គួរដាក់ថ្ងៃជួបគ្នាត្រឹមចុងខែមករា ឬដើមខែកុម្ភៈ ដើម្បីឱ្យក្រុមការងារគណបក្សទាំងពីរអាចរកដំណោះស្រាយរួមគ្នា។ លោកអះអាងទៀតថា គណបក្សកម្លាំងជាតិ បានស្នើជួបប្រធានគណបក្សភ្លើងទៀន តែគណបក្សនេះ ត្រឹមចាត់តាំងថ្នាក់ដឹកនាំរបស់គណបក្សភ្លើងទៀនឱ្យមកជួបភាគីគណបក្សកម្លាំងជាតិ ដូច្នេះ លោកថា គណបក្សកម្លាំងជាតិ ក៏ដាក់បេក្ខភាពត្រឹមក្រុមតំណាងរបស់គណបក្សដើម្បីជួបចរចាជាមួយភាគីគណបក្សភ្លើងទៀន។ លោក រ៉ុង ឈុន មិនទាន់បង្ហាញក្ដីសង្ឃឹមបែបណានៅឡើយទេ ចំពោះគម្រោងជំនួបខាងមុខនេះ ដោយត្រូវរង់ចាំក្រុមការងាររបស់គណបក្សទាំងពីរជួបគ្នាសិន។
លោក រ៉ុង ឈុន៖«តាមពិតទៅត្រូវជួបនៅក្នុងចុងខែមករា ឬក៏ដើមខែកុម្ភៈ បើសល់ពេលវេលាបើត្រូវគ្នាយើងសល់ពេលស្រួលរៀបចំគម្រោងផែនការក្នុងការចុះឃោសនាទៅតាមភូមិភាគ ដែលយើងឯកភាពគ្នាហ្នឹង ហើយដល់ពេលកៀកថ្ងៃ យើងគិតថា គ្រាន់តែជួបថ្ងៃហ្នឹងថ្ងៃស្អែកដល់ថ្ងៃឃោសនាហើយ ដល់អ៊ីចឹងទៅប្រថុចញ៉ុចពេលវេលាខ្លី»។
ប្រធានគណបក្សគណបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី បានដាក់លិខិតសុំជួបប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល ដើម្បីជជែករឿងបែងចែកមណ្ឌលភូមិភាគគ្នាក្នុងការឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភា នៅថ្ងៃទី២៥ខែកុម្ភៈខាងមុខនេះ។ គណបក្សភ្លើងទៀនកាលពីថ្ងៃទី២៣ ខែមករា ក៏បានយល់ព្រមជួបតាមសំណើ។ គណបក្សភ្លើងទៀន បានចាត់ថ្នាក់ដឹកនាំរបស់ខ្លួនឱ្យជួបជាមួយភាគីគណបក្សកម្លាំងជាតិ នៅថ្ងៃទី០៩ ខែកុម្ភៈ នៅទីស្នាក់ការកណ្ដាលរបស់គណបក្សភ្លើងទៀន នៅក្នុងខណ្ឌសែនសុខរាជធានីភ្នំពេញ។
ទាក់ទងរឿងនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការបញ្ជាក់បន្ថែមពីប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ បានទេនៅថ្ងៃទី២៦ ខែមករា។ អ្នកឃ្លាំមើលលើកឡើងថា គណបក្សភ្លើងទៀន ដែលមានសមាជិកប្រឹក្សាឃុំសង្កាត់ជាង២ពាន់អាសនៈ ដែលសមាជិកក្រុមប្រឹក្សាទាំងនេះជាអង្គបោះឆ្នោតព្រឹទ្ធសភា ហើយប្រសិនគណបក្សភ្លើងទៀន និងគណបក្សកម្លាំងជាតិដែលចេញពីអតីតមេដឹកនាំគណបក្សភ្លើងទៀនដែរ នៅតែប្រឹងដណ្ដើមអង្គបោះឆ្នោតនេះដោយគ្មានការជជែកគ្នា គឺអាចធ្វើឱ្យគណបក្សទាំងពីរបាត់បង់អង្គបោះឆ្នោត ហើយអ្នកដែលទទួលបានផលចំណេញគឺគណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន។
ទាក់ទងរឿងនេះដែរ អ្នកសម្របសម្រួលផ្នែកអង្កេតរបស់អង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វែ្រល (COMFREL) លោក កន សាវាង្ស យល់ថា ជារឿងល្អដែលគណបក្សក្រៅរដ្ឋាភិបាលដែលទស្សនៈប្រហាក់ប្រហែលគ្នាអាចជជែកគ្នា ដើម្បីស្វែងយល់ចិត្តគ្នា។ លោកបន្តថា នៅពេលពួកគេជួបគ្នា ហើយឈានដល់ការជជែករកដំណោះស្រាយ បើទោះជាជួបយឺតពេលបន្តិចក្ដី ក៏មិនចោទជាបញ្ហាដែរ។ លោកបន្តថា គណបក្សក្រៅរដ្ឋាភិបាលមានអង្គបោះឆ្នោតតិចតួច បើធៀបនឹងគណបក្សកាន់អំណាច ដូច្នេះ បើពួកគេចូលរួមប្រកួតប្រជែងគ្នាដោយគ្មានការយោគយល់គ្នា ឬមិនបានជជែកគ្នាជាមុនទេ នឹងធ្វើឱ្យគណបក្សទាំងនេះប្រឈមបាត់បង់សំឡេងរបស់ខ្លួននៅព្រឹទ្ធសភា។
លោក កន សាវាង្ស៖ «ជជែកគ្នាបានគួរតែជជែកបើមិនអ៊ីចឹងទេ មានន័យថា កម្លាំងនៅខាងក្រៅហ្នឹង កម្លាំងនៃគណបក្សនៅក្រៅរដ្ឋាភិបាលគឺមិនអាចមានសំឡេងមួយដែលរឹងមាំសម្រាប់ទទួលបានលទ្ធផលនៃការបោះឆ្នោតទេ ការអនុវត្តសកម្មភាពណាមួយគួរតែមាន បើសិនជាប្រយោជន៍ជាលទ្ធផលរួមដែលអាចកើតចេញពីការរួបរួមគ្នាហ្នឹង»។
ស្ថាបនិកគណបក្សភ្លើងទៀន គឺលោក សម រង្ស៊ី បានស្នើទៅក្រុមអ្នកប្រជាធិបតេយ្យឱ្យចេះចែករំលែកការងារគ្នាធ្វើ។ លោកក៏ស្នើទៅអង្គបោះឆ្នោត ត្រូវមានភាពឆ្លាតវ័យដោយបែកចែកមណ្ឌលភូមិភាគគ្នាបោះឆ្នោតកុំឆ្នោតជាន់គ្នាដើម្បីកុំឱ្យខាតបង់សំឡេងឆ្នោតរបស់ខ្លួន៕