ដោយ ជី វិតា
2024.02.01
RFA

គ្រួសារ លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា រួមទាំងគណបក្សកាន់អំណាច និងរដ្ឋាភិបាលផង រក្សាភាពស្ងៀមស្ងាត់ជុំវិញព័ត៌មានបែកធ្លាយ ដែលចុះផ្សាយថា ភរិយារបស់លោក ហ៊ុន សែន គឺអ្នកស្រី ប៊ុនរ៉ានី ដួលសន្លប់ និងកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ ក្នុងក្រុងភ្នំពេញ។
រយៈពេលជិត ១០ម៉ោងកន្លងផុតហើយ ដែលមានការចុះផ្សាយថា ភរិយារបស់លោក ហ៊ុន សែន គឺអ្នកស្រី ប៊ុន រ៉ានី ដែលជាប្រធានកាកបាទក្រហមកម្ពុជាផងនោះ កំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ តែក្រុមគ្រួសារលោក ហ៊ុន សែន មិនទាន់បង្ហាញប្រតិកម្ម ឬឆ្លើយតបការចុះផ្សាយនោះឡើយ។
ទំព័រហ្វេសប៊ុក និងតេឡេក្រាម ផ្លូវការរបស់លោក ហ៊ុន សែន គឺត្រឹមបង្ហោះព័ត៌មានស្ដីពីសកម្មភាពការងាររបស់លោក ហ៊ុន ម៉ាណែត ដែលបំពេញការងារជានាយករដ្ឋមន្ត្រី។ រីឯកូនៗ របស់លោក ហ៊ុន សែន រួមមាន លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានី លោក ហ៊ុន ម៉ានិត និងអ្នកស្រី ហ៊ុន ម៉ាណា ជាដើមនោះ គឺរក្សាភាពស្ងៀមស្ងាត់ជុំវិញបញ្ហាសុខភាពម្ដាយរបស់ខ្លួន។
សារព័ត៌មាន វីអូឌី បានចុះផ្សាយនៅថ្ងៃទី១ ខែកុម្ភៈថា អ្នកស្រី ប៊ុន រ៉ានី ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ក្រោយដួលសន្លប់ កាលពីថ្ងៃទី៣១ ខែមករា។ វីដេអូឃ្លីបបែកធ្លាយមួយប្រវែងជាង១នាទីនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក គេឃើញព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ស្ដេចយាងទៅសួរសុខទុក្ខអ្នកជំងឺ នៅក្នុងបន្ទប់មន្ទីរពេទ្យមួយ។ វីដេអូ ដែលបង្ហោះកាលពីថ្ងៃទី៣១ ខែមករានោះ គេឃើញមានលោក ហ៊ុន សែន លោក ហ៊ុន ម៉ានី អ្នកស្រី ហ៊ុន ម៉ាណា និងកូនប្រសារលោក ហ៊ុន សែន ឈរទទួលស្វាគមន៍សម្ដេចម៉ែ ហើយពួកគេពាក់ម៉ាស់ទាំងអស់គ្នា ប៉ុន្តែគេមិនបង្ហាញរូបអ្នកជំងឺទេ។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការបកស្រាយពីប្រធានអង្គរក្សការពារសុវត្ថិភាពគ្រួសារ លោក ហ៊ុន សែន គឺលោក ហ៊ីង ប៊ុនហៀង បានទេ នៅថ្ងៃទី១ ខែកុម្ភៈ។ ចំណែក ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល ប៉ែន បូណា អ្នកនាំពាក្យនាយករដ្ឋមន្ត្រី លោក មាស សុភ័ណ្ឌ និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ក៏មិនអាចសុំអត្ថាធិប្បាយបានដែរ នៅថ្ងៃដដែលនេះ។
អ្នកស្រី ប៊ុន រ៉ានី ដែលមានវ័យ ៧០ឆ្នាំ មិនដែលបង្ហើបឱ្យដឹងជាសាធារណៈថា អ្នកស្រីមានជំងឺអ្វីនោះទេ។ ទោះជាយ៉ាងណាក្ដី លោក ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា ភរិយារបស់លោកមានបញ្ហាចង្កេះ។ កាលពីឆ្នាំ២០២៣ ប្អូនស្រីបង្កើតរបស់អ្នកស្រី ប៊ុន រ៉ានី ម្នាក់ គឺអ្នកស្រី ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង បានទទួលមរណភាពដោយរោគាពាធ ក្នុងវ័យ៦៧ឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។