ដោយ ម៉ៅ សុធានី
2024.02.06
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងភរិយា ធ្វើដំណើរដល់ទីក្រុងបាងកក ប្រទេសថៃ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
ជនភៀសខ្លួន និងក្រុមពលករខ្មែរនៅប្រទេសថៃ ប្រកាសបន្តធ្វើបាតុកម្មប្រឆាំងវត្តមានលោក ហ៊ុន ម៉ាណែត នៅប្រទេសថៃ។ អ្នកអត្ថាធិប្បាយនយោបាយថា ខ្មែរនៅក្រៅស្រុកតែងតែធ្វើបាតុកម្មប្រឆាំងវត្តមាន លោក ហ៊ុន ម៉ាណែត ព្រោះមេដឹកនាំរូបនេះ ឡើងកាន់អំណាចមិនស្របច្បាប់។
បើទោះបីជាប្រឈម នឹងការចាប់ខ្លួនបញ្ជូនទៅប្រទេសកម្ពុជាវិញ ជនភៀសខ្លួននិងពលករខ្មែរមួយចំនួននៅប្រទេសថៃ នៅតែរក្សាជំហរទាមទារប្រឆាំងវត្តមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដដែល។ ការប្រឆាំងវត្តមានលោក ហ៊ុន ម៉ាណែត នេះ ក្រុមជនភៀសខ្លួននិងក្រុមពលករខ្មែរនៅប្រទេសថៃ នឹងជួបជុំសម្ដែងមតិនៅទីតាំងមួយចំនួននៅក្នុងប្រទេសថៃ និងសម្ដែងមតិនៅតាមបណ្ដាញសង្គមហ្វេសប៊ុក។
មន្ត្រីគណបក្សសង្គ្រោះជាតិប្រចាំខេត្តព្រះសីហនុ ដែលកំពុងភៀសខ្លួននៅប្រទេសថៃ លោក ម៉េង សុធារ៉ា ឱ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃទី៦ ខែកុម្ភៈ ថា ក្រុមជនភៀសខ្លួននឹងមានពិធីស្វាគមន៍លោក ហ៊ុន ម៉ាណែត ដែលមិនមែនយកកម្រងផ្កាទៅជូនលោក ហ៊ុន ម៉ាណែត ឡើយ។ លោកបញ្ជាក់ថា ក្រុមរបស់លោកនៅតែតស៊ូតាមរបៀបផ្សេងៗគ្នា ដើម្បីទាមទារឱ្យលោក ហ៊ុន ម៉ាណែត បញ្ឈប់ការធ្វើទុក្ខបុកម្នេញលើជនភៀសខ្លួន ដោះលែងអ្នកទោសនយោបាយ ដោះស្រាយវិបត្តិនយោបាយ និងដោះស្រាយបញ្ហាប្រឈមរបស់ពលករខ្មែរនៅប្រទេសថៃជាដើម។
លោក ម៉េង សុធារ៉ា៖ «យើងមានតាមបណ្ដាញសង្គមខ្លះហើយក៏យើងអាចបង្ហាញនូវរូបភាពនៅខាងក្រៅខ្លះបើយើងខ្លាចរអានៅតែមានបញ្ហាដល់បងប្អូនប្រជាពលរដ្ឋយើងដែលជាម្ចាស់អ៊ីចឹង យើងសំខាន់គឺផលប្រយោជន៍ម្ចាស់ឆ្នោតតែម្ដងក្នុងនាមយើងជាបក្សប្រឆាំង»។
លោក ម៉េង សុធារ៉ា ឱ្យដឹងទៀតថា ក្រុមរបស់លោក បានសហការជាមួយក្រុមពលរដ្ឋមកពី ១៣ខេត្ត នៅប្រទេសថៃ បូករួមទាំងនៅទីក្រុងបាងកក ដែលពួកគាត់នៅនឹងធ្វើការទាមទារ នៅទីតាំងមួយចំនួន។
ស្រដៀងគ្នានេះ ជនភៀសខ្លួនម្នាក់ទៀត លោកស្រី ហុង អាន ប្រាប់ថា លោកស្រីនឹងធ្វើការតស៊ូមតិនៅតាមបណ្ដាញសង្គមហ្វេសប៊ុក ប្រឆាំងវត្តមានលោក ហ៊ុន ម៉ាណែត មកប្រទេសថៃនេះដែរ។ លោកស្រីបញ្ជាក់ថា មូលហេតុដែលមិនអាចចេញមកក្រៅជួបជុំគ្នាសម្ដែងមតិ ព្រោះលោកស្រីបារម្ភពីសុវត្ថិភាពខណៈនៅរយៈពេលចុងក្រោយនេះ មានការចាប់ខ្លួនជនភៀសខ្លួនជាបន្តបន្ទាប់។
លោកស្រី ហុង អាន៖ «ខ្ញុំប្រឆាំងដាច់ខាតវត្តមានលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តពូជ នាយករដ្ឋមន្ត្រីផ្ដាច់ការពុករលួយបក្ខពួកនិយមគឺពួកខ្ញុំជាជនជាតិខ្មែរ គឺមិនទទួលស្គាល់ជាដាច់ខាត ហើយមិនអបអរសាទរដែលមកជាន់ដីលើទឹកដីប្រទេសគេ ដែលមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដទេ»។
លោកនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត គ្រោងទៅបំពេញទស្សនកិច្ចនៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី៧ ខែកុម្ភៈ ដើម្បីជជែកជាមួយនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) ទាក់ទងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យពាណិជ្ជកម្ម និងបញ្ហាព្រំដែន។
អ្នកអត្ថាធិប្បាយនយោបាយ លោក គឹម សុខ យល់ថា មូលហេតុដែលជំរុញឱ្យខ្មែរនៅក្រៅស្រុក តែងតែធ្វើបាតុកម្មប្រឆាំងវត្តមាន លោក ហ៊ុន ម៉ាណែត ព្រោះមេដឹកនាំរូបនេះ ឡើងកាន់អំណាចតាមរយៈការបោះឆ្នោតមួយដែលគ្មានគណបក្សប្រឆាំងចូលរួម។ លោកបន្តថា លោក ហ៊ុន ម៉ាណែត ប្រសិនបើ មិនព្យាយាមដោះស្រាយបញ្ហាសិទ្ធិមនុស្ស និងវិបត្តិនយោបាយទេ នៅពេលលោក ហ៊ុន ម៉ាណែត ចេញទៅធ្វើទស្សនកិច្ចនៅក្រៅប្រទេសទៀត ខ្មែរនៅប្រទេសនោះនឹងធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត ដដែល។
លោក គឹម សុខ៖ «ទោះបីជាគាត់ទៅដល់ទីណា ហើយនៅទីនោះមានការរឹតត្បិតយ៉ាងណា ក៏ប្រជាពលរដ្ឋខ្មែរនៅតែរកវិធីក្នុងការធ្វើបាតុកម្មប្រឆាំងនឹងគាត់សម្ដែងមតិឱ្យពិភពលោកឃើញថា ហ៊ុន ម៉ាណែត មិនមែនជាតំណាងឆន្ទៈរបស់គាត់ថា ហ៊ុន ម៉ាណែត មិនមែនតំណាងឆន្ទៈរបស់ពួកគាត់ជាប្រជាពលរដ្ឋខ្មែរ»។
វិទ្យុអាស៊ីសេរីមិនអាចសុំការបកស្រាយពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល ប៉ែន បូណា និងមន្ត្រីអនុព័ន្ធការងារអមស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ លោក ឈឹម វិបុល បានទេ នៅថ្ងៃទី៦ ខែកុម្ភៈ។
ទោះយ៉ាងណា សារព័ត៌មានហ្វ្រេសញូវដែលស្និទ្ធជាមួយរដ្ឋាភិបាល ចុះផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ថា រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសថៃ លោក សុទីន ក្លុងសាង (Sutin klungsang) បានប្រកាសថារដ្ឋាភិបាលថៃ មិនអនុញ្ញាតឱ្យក្រុមចលនាប្រឆាំងកម្ពុជា ប្រមូលផ្តុំតវ៉ាដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ឡើយ។ ប្រភពដដែលបន្តថា បើសិនសមត្ថកិច្ចថៃឃើញមានសកម្មភាពប្រឆាំងលោក ហ៊ុន ម៉ាណែត សមត្ថកិច្ចថៃ នឹងមានវិធានការលើជនប្រព្រឹត្ត។
ទាក់ទងការព្រមាននេះដែរ ក្នុងអំឡុងពេល លោក ហ៊ុន ម៉ាណែត គ្រោងមកបំពេញទស្សនកិច្ចនៅប្រទេសថៃ សមត្ថកិច្ចថៃ ក៏កំពុងសម្រុកចាប់ខ្លួនជនភៀសខ្លួនខ្មែរនៅប្រទេសនេះ ដែលមកដល់ពេលនេះ ជនភៀសខ្លួន ប្រពន្ធ និងកូនៗរបស់ជនភៀសខ្លួនចំនួន ១៥នាក់កំពុងជាប់ឃុំនៅពន្ធនាគារប្រទេសថៃ។ ជនភៀសខ្លួន និងក្រុមពលករខ្មែរនៅប្រទេសថៃ នៅតែរក្សាជំហរ ទាមទារ និងតស៊ូតាមបណ្ដាញសង្គម ប្រឆាំងវត្តមានលោក ហ៊ុន ម៉ាណែត នៅលើទឹកដីថៃដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។