ដោយ សេក បណ្ឌិត
2024.02.07
RFA

មន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា។ រូប៖ ហ្វេសប៊ុកលោក ស៊ឹង សែនករុណា
ប្រជាពលរដ្ឋ និងយុវជនហួសចិត្តចំពោះប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ដែលដាក់ពាក្យប្ដឹងមន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា ដោយទាមទារសំណងជំងឺចិត្ត ៥០ម៉ឺនដុល្លារ។ ពួកគាត់ថា ទង្វើរបស់លោក ហ៊ុន សែន ដែលតែងតែយកតុលាការ មកគំរាមកំហែងអ្នកប្រឆាំង និងសង្គមស៊ីវិលបែបនេះ គឺជាការប្រើប្រាស់អំណាចលើសដែនកំណត់ របស់គណបក្សប្រជាជន ដើម្បីបំបិទសំឡេងយុត្តិធម៌។
យុវជនលើកឡើងថា ប្រហែលដោយសារកន្លងមក ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានប្រើប្រាស់តុលាការមកចាប់ចង និងធ្វើទុក្ខបុកម្នេញលើអ្នកនយោបាយ សកម្មជន និងអង្គការសង្គមស៊ីវិល បានកាក់កប និងទទួលបានលទ្ធផលហើយ ទើបលោកនៅតែយកវិធីដដែលនេះ ប្រើទៅលើលោក ស៊ឹង សែនករុណា បន្ថែមទៀត។
សកម្មជនបរិស្ថាន កញ្ញា លឹម គឹមស័រ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៦ កុម្ភៈ ថា ការដាក់ពាក្យបណ្ដឹង របស់ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ប្ដឹងមន្ត្រីសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណា គឺជាចេតនាគំរាមលើសង្គមស៊ីវិល។
កញ្ញា លឹម គឹមស័រ៖ «គាត់គឺជាអង្គការសង្គមស៊ីវិលមួយ ដែលនៅចំកណ្ដាល អ៊ីចឹងអ្វីដែលគាត់និយាយហ្នឹង គឺគ្រាន់តែនិយាយក្នុងន័យសម្របសម្រួល តែប៉ុណ្ណឹងទេ»។
សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៦ ខែកុម្ភៈ បានប្រកាសគាំទ្រពាក្យបណ្ដឹងរបស់មេធាវីតំណាងរបស់ខ្លួន ប្ដឹងមន្ត្រីសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ដែលពួកគេចោទថា ប្រព្រឹត្តអំពើទុច្ចរិតនិយាយបំផ្លើស និងមួលបង្កាច់ក្នុងចេតនាទម្លាក់កំហុសមកលើគណបក្សប្រជាជនកម្ពុជា នាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់គណបក្សប្រជាជនកម្ពុជា ដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនៅចុងខែកុម្ភៈ នេះ។
មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា បានទាមទារឱ្យតុលាការសម្រេចចោទប្រកាន់ និងផ្ដន្ទាទោសលើមន្ត្រីជាន់ខ្ពស់អង្គការសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ទៅតាមនីតិវិធីជាធរមាន និងទាមទារ សំណងជំងឺចិត្ត ជូនគណបក្សប្រជាជនកម្ពុជា ចំនួន ២ពាន់លានរៀល ឬប្រមាណ ៥០ម៉ឺនដុល្លារ។
បណ្ដឹងនេះធ្វើឡើងបន្ទាប់ពីប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន នៅថ្ងៃទី៤ ខែកុម្ភៈ បានបញ្ជាឱ្យមេធាវីរបស់គណបក្សប្រជាជនកម្ពុជា សិក្សាផ្លូវច្បាប់ ដើម្បីប្ដឹង លោក ស៊ឹង សែនករុណា ពាក់ព័ន្ធការផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដែលផ្សាយថ្ងៃទី២ ខែកុម្ភៈ ជុំវិញរឿងគណបក្សប្រជាជនកម្ពុជា ប្ដឹងអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ពីបទបរិហារកេរ្តិ៍ ដោយទារសំណងជំងឺចិត្ត ចំនួន ១លានដុល្លារ។
ពលរដ្ឋនៅខេត្តបាត់ដំបង លោក សារឿង វីរៈ លើកឡើងថា នេះមិនមែនជាលើកទីមួយទេ ដែលលោក ហ៊ុន សែន យកតុលាការមកឡាំប៉ា ដើរគំរាម និងចាប់ចងអ្នកមាននិន្នាការផ្ទុយ និងសង្គមស៊ីវិល។ លោកបន្តថា វិធីរបស់លោក ហ៊ុន សែន ដែលតែងតែប្រើប្រាស់ច្បាប់គំរាមអ្នកដទៃ ដើម្បីរកភាពថ្លៃថ្នូរឱ្យខ្លួនឯងបែបនេះ នឹងធ្វើឱ្យគណបក្សប្រជាជនកម្ពុជា រឹតតែមានឈ្មោះអាក្រក់ថែមទៀត ហើយប្រជាពលរដ្ឋ កាន់តែបាត់បង់ទំនុកចិត្តទៅលើប្រព័ន្ធច្បាប់។
លោក សារឿង វីរៈ៖ «ករណីនេះ វាអាចផ្ដល់ជាមេរៀនមួយ ដល់យុវជន ដែលគាត់ទើបតែចាប់ផ្ដើមមើលឃើញហើយហ៊ាននិយាយពីបញ្ហាសង្គមទូទៅ ឱ្យតែនរណានិយាយទាក់ទងនឹងរឿងនយោបាយ គឺគាត់នឹងមានអារម្មណ៍ថា មិនមានសុវត្ថិភាពទេ ព្រោះថ្ងៃណាមួយ គាត់ត្រូវបានតុលាការ ត្រូវបានអាជ្ញាធរ គាត់ហៅទៅសួរនាំ កត្តានេះហើយដែលធ្វើឱ្យយុវជន គាត់លែងហ៊ាននិយាយពីបញ្ហាសង្គម លែងហ៊ាននិយាយពីការពិតអ្វីទៀតហើយ»។
បន្ទាប់ពីទទួលបានការគំរាមប្ដឹង ពីគណបក្សប្រជាជនកម្ពុជា សាធារណជន អ្នកសារព័ត៌មាន សកម្មជន និងសង្គមស៊ីវិល បានចូលទៅបញ្ចេញមតិលើកទឹកចិត្ត និងគាំទ្រលោក ស៊ឹង សែនករុណា ជាបន្តបន្ទាប់ ដោយពួកគាត់ខ្លះលើកឡើងថា ការចោទប្រកាន់របស់លោក ហ៊ុន សែន ទៅលើលោក ស៊ឹង សែនករុណា គឺជារឿងមិនត្រឹមត្រូវ និងមានចរិតនយោបាយ។
សកម្មជនដីធ្លីនៅខេត្តកោះកុង លោកស្រី ផាវ ញ៉ើង លើកឡើងថា ការបញ្ចេញមតិរបស់លោក ស៊ឹង សែនករុណា គឺផ្អែកទៅលើមូលដ្ឋានច្បាប់ អព្យាក្រឹត្យ ហើយលោកតែងតែលើកឡើងជាសំណើ ជំរុញឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហា ដោយតម្លាភាព និងយុត្តិធម៌។
លោក ស៊ឹង សែនករុណា៖ «ប្រសិនបើជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យពិត គឺគេអត់ធ្វើអ៊ីចឹងទេ គឺគេអត់ប្ដឹងពលរដ្ឋខ្លួនឯង ឬក៏ជនណាមួយ ដែលគាត់កែលំអក្នុងស្ថានភាពរឿងនយោបាយ ឬក៏ពលរដ្ឋក្នុងប្រទេសខ្លួនឯងអ៊ីចឹងទេ។ ពីព្រោះថា លោក ស៊ឹង សែនករុណា ខ្ញុំស្គាល់គាត់ច្បាស់ណាស់ គឺជាបុគ្គលម្នាក់ ដែលធ្វើការមានតម្លាភាព សុចរិត យុត្តិធម៌ ហើយជាពិសេសគឺគាត់មិនចេះលម្អៀងទេ»។
លោក ស៊ឹង សែនករុណា សរសេរនៅលើទំព័រហ្វេសប៊ុកនៅថ្ងៃទី៥ កុម្ភៈ ថា រាល់ការសម្រង់សម្ដីរបស់លោកទៅបន្ថែមបន្ថយបញ្ចេញបញ្ចូលវាយប្រហារចំៗ លើឈ្មោះបក្សនយោបាយណាមួយ នោះវាមិនមែនជាចេតនា និងគោលបំណងរបស់លោកនោះទេ។
ជុំវិញរឿងនេះ ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ យល់ឃើញថា ឥស្សរជននយោបាយ គួរដោះស្រាយបញ្ហាដោយផ្អែកលើគោលការណ៍ប្រជាធិបតេយ្យ ជាជាងប្រើប្រាស់ប្រព័ន្ធតុលាការមកដោះស្រាយ។
លោក កើត សារ៉ាយ៖ «នៅពេលដែលយើងចាប់ផ្ដើម រឿងអ្វីបន្តិច ក៏យើងប្ដឹងគ្នា ខ្ញុំថា វាអត់ចំណេញទេ វាខាត។ វាមិនត្រឹមតែខាតទេ វាបានបង្ហាញ ពីឥរិយាបថនយោបាយក្នុងនីតិកាលទី៧ វានៅតែជាឥរិយាបថនយោបាយ ដែលមានការកំណត់ពីឥស្សរជនជើងចាស់នៅឡើយ»។
នេះមិនមែនជាលើកទីមួយទេ ដែលលោក ហ៊ុន សែន គំរាមកំហែងមកលើមន្ត្រីអង្គការសង្គមស៊ីវិល។ ជាក់ស្ដែងកាលពីឆ្នាំ២០២០ លោក ហ៊ុន សែន ដែលកាលនោះ កាន់តំណែងជានាយករដ្ឋមន្ត្រីបានព្រមានចាប់ខ្លួននាយកអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ដោយបានចោទថា អ្នកឃ្លាំមើលសិទ្ធិមនុស្សរូបនេះ និយាយការពារអ្នកផ្សព្វផ្សាយព័ត៌មានមិនពិត ពីជំងឺកូវីដ១៩ (Covid-19) តាមរយៈបណ្ដាញសារព័ត៌មាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។