សង្គម​ស៊ីវិល​សង្ឃឹម​ថា នឹង​មាន​ការ​ទម្លាក់​ការ​ចោទ​ប្រកាន់​ក្រោយ​កាសែត​កែប្រែ​សម្រង់​សម្ដី លោក ស៊ឹង សែនករុណា

ដោយ ខាន់ លក្ខិណា
2024.02.07
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សង្គម​ស៊ីវិល​សង្ឃឹម​ថា នឹង​មាន​ការ​ទម្លាក់​ការ​ចោទ​ប្រកាន់​ក្រោយ​កាសែត​កែប្រែ​សម្រង់​សម្ដី លោក ស៊ឹង សែនករុណា

អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន (ឆ្វេង) និងអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកលោក ស៊ឹង សែនករុណា (ស្ដាំ)។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន និងអាដហុក


ក្រុម​អង្គការ​សង្គម​ស៊ីវិល​សង្ឃឹម​ថា នឹង​មាន​ការ​ទម្លាក់​ការ​ចោទ​ប្រកាន់​ក្រោយ​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បាន​កែប្រែ​សម្រង់​សម្ដី លោក ស៊ឹង សែនករុណា។

ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា លោក​បណ្ឌិត ប៉ា ច័ន្ទរឿន បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃទី​៧ កុម្ភៈ ថា តាមរយៈ​ការ​កែ​តម្រូវ​របស់​សារព័ត៌មាន ខេមបូឌា ដេលី លោក​សង្ឃឹម​ថា ដើម​បណ្តឹង និង​តុលាការ​នឹង​ទម្លាក់​ការ​ចោទ​ប្រកាន់ ដើម្បី​ផ្តល់​ភាព​ស្អាតស្អំ និង​យុត្តិធម៌​ដល់​លោក ស៊ឹង សែនករុណា វិញ។

បណ្ឌិត ប៉ា ច័ន្ទរឿន៖ «ខ្ញុំ​សំណូមពរ​ដល់​បងប្អូន​អ្នកសារព័ត៌មាន​ឱ្យ​ដកស្រង់​សម្ដី​របស់ខ្ញុំ​ដោយ​ផ្ទាល់​ទៅ​ចុះផ្សាយ ជាជាង​ការ​រៀបរាប់​សម្ដី​របស់​ខ្ញុំ​ឡើងវិញ ហើយ​ថែម​ម្ទេស​ឱ្យ​ហិរ ឬ​អំបិល​ឱ្យ​ប្រៃ​ជ្រុល»។

ការ​ស្នើ​សុំ​ឱ្យ​អនុគ្រោះ​ដល់​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា នេះ បន្ទាប់​ពី​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី បាន​ចេញ​សេចក្ដី​ជូនដំណឹង​មួយ​នៅ​ថ្ងៃទី៧ កុម្ភៈ ដោយ​កែ​សម្រង់​សម្ដី​របស់​លោក ករុណា នៅ​ក្នុង​អត្ថបទ​ចុះផ្សាយ​កាល​ពី​ថ្ងៃទី២ កុម្ភៈ ដែល​មាន​ចំណងជើង «លោក សុន ឆ័យ គ្រោង​លក់​ផ្ទះ​ចុងក្រោយ​របស់​លោក​ជាង ១​លាន​ដុល្លារ ដើម្បី​សង​ជំងឺចិត្ត​បក្ស​កាន់​អំណាច»។

ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី៧ កុម្ភៈ ថា យោង​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ធានា និង​លើក​កម្ពស់​អ្នក​ការពារ​សិទ្ធិមនុស្ស ហើយ​រដ្ឋធម្មនុញ្ញ​កម្ពុជា ក៏​លើកកម្ពស់​សិទ្ធិមនុស្ស​ទាំង​ច្បាប់​អន្តរជាតិ ដូច្នេះ ការ​អនុគ្រោះ​ដល់​លោក ស៊ឹង សែនករុណា បាន​ជួយ​លើក​កម្ពស់​ដល់​មុខមាត់​របស់​រដ្ឋាភិបាល​កម្ពុជា។

លោក​ថា លោក ស៊ឹង សែនករុណា បាន​លះបង់​ច្រើន ទាំង​សេចក្ដី​សុខ​ផ្ទាល់​ខ្លួន​ដើម្បី​ការពារ​សិទ្ធិមនុស្ស។

លោក រស់ សុដ្ឋា៖ «លោក​មាន​ស្នាដៃ​ច្រើន ដូច្នេះ​ទេ គួរតែ​មាន​ការលើកលែង​ដល់​គាត់​ដែល​ជា​អ្នក​គេ​ហៅថា ការពារ​សិទ្ធិមនុស្ស​ដែល​បាន​ធានា ដោយ​គេ​ហៅ​ថា ច្បាប់​អន្តរជាតិ និង​ច្បាប់​ជាតិ​របស់​យើង ហើយក៏​ជួយ​រដ្ឋាភិបាល​មួយ​ចំណែក​ធំ​ដែរ បើសិនជា​គ្មាន​ពួក​អស់លោក​ដូចជា លោក ស៊ឹង សែនករុណា នោះ​ទេ ក៏​ពេលខ្លះ​ការ​ធ្វើ​សម្រេចចិត្ត​របស់​យើង​ករណី​មួយចំនួន ក៏​វា​មាន​ការ​មិន​ច្បាស់លាស់​ដែរ។ ដូច្នេះ​ហើយ​ការ​ដែល​ជួយ​ធ្វើការ​សិក្សា​ផ្ដល់​ព័ត៌មាន​ដូចជា បំភ្លឺ ចង្កៀង​បំភ្លឺ​នៅ​ស្ថានភាព​ធ្វើ​ការ​សម្រេចចិត្ត​របស់​អាជ្ញាធរ​ក៏ដូចជា​រដ្ឋាភិបាល​កន្លែង​ខ្លះ​ក៏បាន​ល្អ​ប្រសើរ»។

អតីត​នាយិកា​នៃ​មជ្ឃ​មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​អ្នកស្រី​អម​ជាមួយ​រូបភាព​លោក ស៊ឹង សែនករុណា នៅ​លើ​ហ្វេសប៊ុក​របស់​អ្នកស្រី​កាលពី​ថ្ងៃទី៥ កុម្ភៈ ថា លោក ស៊ឹង សែនករុណា តែងតែ​ប្រកាន់​ខ្ជាប់​វិជ្ជាជីវៈ និង​បំពេញ​បេសកកម្ម​ការងារ​របស់​ខ្លួន​ដោយ​ឥត​រួញរា និង​ចំណាយ​ពេលវេលា​នៅ​មូលដ្ឋាន​សង្កេតការណ៍​គ្រប់​ករណី និង​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​សហគមន៍​នានា។

អ្នកស្រី​សង្ឃឹមថា តុលាការ​នឹង​ឈរ​លើ​មូលដ្ឋាន​យុត្តិធម៌​លើ​ករណី​លោក ស៊ឹង សែនករុណា និង​អំពាវនាវ​ឱ្យ​មាន​ការ​យោគយល់ ធានា និង​ការពារ​ដល់​ការ​បំពេញ​តួនាទី​របស់​តួអង្គ​សង្គម​ស៊ីវិល ដែល​មាន​ទស្សនវិស័យ​ចូលរួម​ធានា​លើកកម្ពស់​សិទ្ធិ​សេរីភាព​មូលដ្ឋាន​ដែល​ប្រទេស​កម្ពុជា​បាន​ទទួល​ស្គាល់។

ចំពោះ​ការ​ទទូច​របស់​មន្ត្រី​សង្គម​ស៊ីវិល​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បញ្ហា​នេះ ពី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និង​ក្រុម​មេធាវី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី៧ កុម្ភៈ។

កាលពី​ថ្ងៃទី៥ កុម្ភៈ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​ពាក្យបណ្ដឹង​ប្រឆាំង​នឹង​លោក ស៊ឹង សែនករុណា ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ចោទ​ប្រកាន់​មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​ថា បង្ក​ចលាចល ញុះញង់​បង្កើត​ឱ្យ​មាន​ការ​ស្អប់​រើសអើង​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា និង​មាន​ចេតនា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​បោះឆ្នោត​ព្រឹទ្ធសភា​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០២៤។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា កាលពី​នៅ​ថ្ងៃទី៥ កុម្ភៈ បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​ថា រាល់​ការ​សម្រង់​សម្ដី​របស់​លោក ទៅ​បន្ថែម​បន្ថយ​បញ្ចេញបញ្ចូល​វាយប្រហារ​ចំៗ​លើ​ឈ្មោះ​បក្ស​នយោបាយ​ណាមួយ នោះ​វា​មិនមែន​ជា​ចេតនា​និង​គោលបំណង​របស់​លោក​នោះ​ទេ ដូច្នេះ​លោក​មិន​ទទួល​ស្គាល់​ឡើយ។

លោក​បញ្ជាក់​ថា បេសកកម្ម សកម្មភាព និង​ការ​ផ្តល់​បទសម្ភាសន៍​របស់​លោក ទៅ​កាន់​សារព័ត៌មាន ក្នុង​បំណង​ពង្រឹង​ការ​គោរព សិទ្ធិមនុស្ស ច្បាប់ យុត្តិធម៌​សង្គម និង​ប្រជាធិបតេយ្យ ដោយ​មិន​បម្រើ​បក្ស​នយោបាយ​ណាមួយ​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles