កម្ពុជា
08/02/2024 – 10:59
ដោយ៖ ប៉ាង សុចិនាថ
RFI
អគ្គស្នងការរងនគរបាលជាតិថៃលោក Surachate Hakparn បានប្រាប់ឲ្យដឹងនៅថ្ងៃពុធទី៧ កុម្ភៈម្សិលមិញថា សកម្មជនខ្មែរ៣នាក់ដែលថៃចាប់ខ្លួនក្នុងទឹកដីថៃ នឹងមិនត្រូវបញ្ជូនទៅប្រទេសកម្ពុជាវិញទេ។ ការបញ្ជាក់យ៉ាងដូច្នេះ ធ្វើឡើងអំឡុងទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តី លោក ហ៊ុន ម៉ាណែត នៅថៃ និងបន្ទាប់ពីក្រុមអ្នកការពារសិទ្ធិមនុស្ស បានសម្ដែងក្ដីបារម្ភពីសុវត្ថិភាពរបស់សកម្មជនខ្មែរទាំង៣ ប្រសិនបើពួកគេត្រូវបានរដ្ឋអំណាចថៃបញ្ជូនទៅកម្ពុជាវិញ។
សកម្មជនខ្មែរ៣នាក់ដែលថៃចាប់ខ្លួនមុនទស្សនកិច្ចលោក ហ៊ុន ម៉ាណែត នឹងត្រូវបញ្ជូនទៅប្រទេសទី៣
អគ្គស្នងការរងនគរបាលជាតិថៃ លោក Surachate Hakparn បានបញ្ជាក់ប្រាប់សារព័ត៌មាន Reuters នៅថ្ងៃពុធទី៧កុម្ភៈថា សកម្មជនខ្មែរ ឬក្រុមគ្រួសាររបស់ពួកគេ នឹងមិនត្រូវបញ្ជូនត្រឡប់ទៅកម្ពុជាវិញឡើយ។ ទន្ទឹមនឹងនេះ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនហៅកាត់ UNHCR ក៏កំពុងរៀបចំឯកសាររបស់ពួកគេទាំងនោះ ដើម្បីផ្លាស់ទីលំនៅទៅកាន់ប្រទេសទី៣។
តាម Reuters សកម្មជនប្រឆាំងខ្មែរទាំងនេះរួមទាំងក្រុមគ្រួសារពួកគេ គឺជាជនភៀសខ្លួនដែលបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិ និងត្រូវបានថៃចាប់ខ្លួននៅប៉ុន្មានថ្ងៃ មុនទស្សនកិច្ចលោកហ៊ុន ម៉ាណែតនៅថៃ។ ការចាប់ខ្លួនដែលថៃលើកឡើងថា ពួកគេបានល្មើសនឹងច្បាប់អន្តោប្រវេសន៍។

សកម្មជនខ្មែរទាំង៣នាក់មានឈ្មោះ លោក គង់ រ៉ៃយ៉ា និងលោក ផន ផាន់ណា ដែលជាអតីតសមាជិកគណបក្សភ្លើងទៀន និងម្នាក់ទៀតឈ្មោះ លឹម សុខា ដែលជាអនុប្រធានគណកម្មការជនភៀសខ្លួនខ្មែរនៅបាងកក។ នេះតាមក្រុមអ្នកការពារសិទ្ធិមនុស្សដែលបញ្ជាក់ប្រាប់សារព័ត៌មាន Channel News Asia។
នៅក្នុងសំណុំរឿងនេះ នាយករដ្ឋមន្រ្តីថៃលោក Srettha Thavisin បានលើកឡើងនៅនៅក្នុងសន្នីសីទកាសែតរួមគ្នាជាមួយនាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន ម៉ាណេតថា ថៃនឹងមិនអនុញ្ញាតឱ្យអ្នកណាម្នាក់ប្រើទឹកដីថៃដើម្បីសកម្មភាព ឬបង្កគ្រោះថ្នាក់ផ្សេងៗដល់ប្រទេសជិតខាងឡើយ។
ជាការឆ្លើយតបវិញ លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះការប្ដេជ្ញាចិត្តរបស់ថៃ និងបានអះអាងពីការធ្វើដូចគ្នានេះចំពោះថៃវិញ។ គួររម្លឹកថា តាមការមើលឃើញរបស់អ្នកឃ្លាំមើលស្ថានការណ៍នយោបាយ ការចាប់ខ្លួនសកម្មជនខ្មែរ៣នាក់នៅថៃដោយអាជ្ញាធរថៃកាលពីថ្ងៃទី៣ ខែកុម្ភៈ គឺដើម្បីទប់ស្កាត់ចលនាបាតុកម្មប្រឆាំងនឹងវត្តមានលោក ហ៊ុន ម៉ាណែត នៅថៃ៕