ដោយ សុជីវី
2024.02.14
RFA

ស្លាកសញ្ញានៅជាប់របងក្រុមហ៊ុនចិន រង់ ឈីង ដែលជាទីតាំងសិប្បកម្មលាងសំអាតរ៉ែមាស។ រូបថតនៅថ្ងៃទី៨ កញ្ញា ២០១៨។ RFA File
អាជ្ញាធរខេត្តមណ្ឌលគិរី ចេញបញ្ជាឲ្យក្រុមឈ្មួញដែលធ្វើអាជីវកម្មរ៉ែមាស នៅឃុំចុងផ្លាស់ ស្រុកកែវសីមា បញ្ឈប់ការប្រើប្រាស់សារធាតុគីមី និងសម្ភារៈមានសារធាតុផ្ទុះគ្រប់ប្រភេទ ដើម្បីទាញយករ៉ែមាសបែបអនាធិបតេយ្យតទៅទៀត។ សហគមន៍និងមន្ត្រីសង្គមស៊ីវិល សាទរចំពោះវិធានការរបស់អាជ្ញាធរខេត្ត។
អាជ្ញាធរខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១២ ខែកុម្ភៈ បានចេញលិខិតបញ្ជាឲ្យក្រុមឈ្មួញធ្វើអាជីវកម្មរ៉ែមាស បញ្ឈប់ការប្រើប្រាស់ ឧបករណ៍ សម្ភារៈសារធាតុគីមី និងសារធាតុផ្ទុះគ្រប់ប្រភេទ ដោយខុសច្បាប់ នៅតំបន់មេសំ ស្ថិតនៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី និងត្រូវរុះរើឧបករណ៍រុករករ៉ែមាស ក្នុងរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី១២ខែកុម្ភៈ ដល់ថ្ងៃទី២៧ខែកុម្ភៈ ប្រសិនបើមិនរុះរើ និងឈប់នោះទេ អាជ្ញាធរខេត្តនិងចាត់វិធានការតាមច្បាប់ ។ ការចេញលិខិតនេះ បន្ទាប់ពីសហគមន៍ បានរាយការណ៍ និងផ្សព្វផ្សាយកន្លងទៅថា មានក្រុមឈ្មួញ និងក្រុមហ៊ុន មួយចំនួនបានធ្វើអាជីវកម្មរ៉ែមាស ដោយមិនបានគោរពទៅតាមគោលការណ៍និងច្បាប់អនុញ្ញាត បានបង្ហូរទឹកកខ្វក់ចូលទៅក្នុងអូរធម្មជាតិដែលពលរដ្ឋនៅតំបន់នោះប្រើប្រាស់ជាប្រចាំ និងធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ និងសត្វ ។ ទោះជាយ៉ាងណា អាជ្ញាធរខេត្តនេះមិនបានបញ្ជាក់ឈ្មោះក្រុមហ៊ុនដែលអាជ្ញាធរចេញលិខិតហាមប្រាមនៅពេលនេះឡើយ។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលា ខេត្តមណ្ឌលគិរី លោក នាង វណ្ណៈ និងប្រធានមន្ទីររ៉ែ និងថាមពល ខេត្តមណ្ឌលគិរី លោក ទី សុផល ដើម្បីសុំការអត្ថាធិប្បាយបន្ថែមបានទេ នៅថ្ងៃទី១៣ កុម្ភៈ ដោយទូរស័ព្ទចូលតែគ្មានអ្នកលើក។
តំណាងសហគមន៍ជនជាតិដើមភាគតិចព្នងនៅឃុំចុងផ្លាស់ លោក ឌិន សារ៉ន ប្រាប់វិទ្យុអាស៊ីសេរីឲ្យដឹងនៅថ្ងៃទី១៣ ខែកុម្ភៈ ថា ពលរដ្ឋសាទរចំពោះវិធានការនេះ ពីព្រោះកន្លងទៅការធ្វើអាជីវកម្មរ៉ែមាសទាំងនោះ បានបង្ហូរទឹកកខ្វក់ដែលមានសារធាតុគីមី ចូលទៅក្នុងអូរធម្មជាតិដែលពលរដ្ឋរស់នៅតំបន់នោះប្រើប្រាស់ជាប្រចាំ និងបានធ្វើឲ្យសត្វចិញ្ចឹមរបស់អ្នកភូមិមួយចំនួនងាប់ជាបន្តបន្ទាប់ និងបានរំខានទៅដល់ការរករ៉ែមាសបែបប្រពៃណីរបស់ជនជាតិដើមភាគតិចព្នងថែមទៀត។
លោក ឌិន សារ៉ន៖ «បើគាត់ធ្វើអត់គ្រប់គ្រងកាកសំណល់ច្បាស់លាស់ហ្នឹង វាពិបាក ដោយសារពួកគាត់គ្រប់គ្រងអត់ច្បាស់លាស់ វាប៉ះពាល់ដល់សត្វធាតុរបស់បងប្អូនប្រជាពលរដ្ឋ អ្នកគ្រប់គ្រងមិនច្បាស់លាស់ត្រូវតែចាត់ការហើយបើមិនចាត់វិធានការវាប៉ះពាល់ គាត់ធ្វើផលប្រយោជន៍របស់គាត់តែប៉ះពាល់អ្នកដទៃម៉េចកើត ត្រូវតែចាត់វិធានការហើយ កាត់អ្នកខ្លះខ្ជះខ្ជាយដែរហ្នឹងគាត់ធ្វើបង្ហូរពាសវាលពាសកាល»។
ចំណែកនាយកប្រតិបត្តិអង្គការសមធម៌កម្ពុជា លោក អៀង វុទ្ធី ឲ្យដឹងថា ការធ្វើអាជីវកម្មរ៉ែមាស ដែលប្រើប្រាស់ សារធាតុគីមី និងសារធាតុផ្ទុះ បានបង្កឲ្យប៉ះពាល់បរិស្ថាន និងពលរដ្ឋ ដែលកំពុងរស់នៅជុំវិញតំបន់នោះ ដូច្នេះអាជ្ញាធរត្រូវតែចាត់វិធានការឲ្យបានតឹងរ៉ឹង ទៅលើក្រុមឈ្មួញនិងក្រុមហ៊ុន អាជីវកម្មរ៉ែមាស ដោយមិនមានការអនុញ្ញាត និងមិនបានគោរពទៅតាមលក្ខខណ្ឌ ។ លើសពីនោះលោកថា អាជ្ញាធរក៏ត្រូវអនុញ្ញាតឲ្យពលរដ្ឋនៅតំបន់នោះអាចរុករករ៉ែមាស ដោយដៃ ដែលជាមុខរបរប្រពៃណីរបស់ពួកគាត់ និងជួយផ្គត់ផ្គង់ជីវភាពរបស់ពួកគាត់។
លោក អៀង វុទ្ធី៖ «រដ្ឋាភិបាលគួរតែរឹតបន្តឹងយ៉ាងម៉ឺងម៉ាត់ទាក់ទងការធ្វើអាជីវកម្មរ៉ែដែលមិនមានច្បាប់អនុញ្ញាត បានន័យថា ខុសច្បាប់ហ្នឹង ដើម្បីធានាថា ទីមួយគឺគាត់អាចគ្រប់គ្រងនៅការបំពុលបរិស្ថាន និងប្រភពទឹក ធនធានធម្មជាតិរបស់យើង ការលួចបានន័យថា ការធ្វើអាជីវកម្មដោយខុសច្បាប់ហ្នឹង គឺយើងវាបាត់បង់នៅធនធានទ្រព្យសម្បត្តិជាតិដែលជារ៉ែរបស់ជាតិហ្នឹងអាចបាត់បង់»។
កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ អង្គការសមធម៌កម្ពុជា (Equitable Cambodia ) បានចេញរបាយការណ៍មួយរកឃើញថា ក្រុមហ៊ុន រង់ឈីង អ៊ីនដាសស្ទ្រៀល អ៊ិនវេសមិន (ខេមបូឌា) (Rong Cheng Industrial Investment (Cambodia) Co., Ltd) នៅខេត្តមណ្ឌលគិរី កំពុងរំលោភយកដីធ្លី ព្រៃជំនឿ បង្ខំឲ្យពលរដ្ឋលក់ដីស្រែចម្ការ និងធ្វើឲ្យប៉ះពាល់បរិស្ថាននៅជុំវិញតំបន់ដែលពួកគេកំពុងរស់នៅសព្វថ្ងៃ។
ក្រៅពីនេះ អង្គការនេះក៏បានរកឃើញក្រុមហ៊ុនចំនួន៥ធំៗ ដែលកំពុងធ្វើអាជីវកម្មរ៉ែមាសប៉ះពាល់ដល់ពលរដ្ឋ និងបរិស្ថាន ក្នុងខេត្តចំនួន៤ផ្សេងទៀត រួមមាន ក្រុមហ៊ុន សឹង យន្ដ គ័ង យិក ខូអិលធីឌី (XING YUAN KANNG YEAK CO., LTD. ) ស្ថិតនៅខេត្តក្រចេះ ក្រុមហ៊ុន ឌែលខម ខេមបូឌា Delcom (Kampuchea) PTE. Ltd) ក្រុមហ៊ុន ស៊ិនហ្សាន អ៊ិនដាសស្ទ្រៀល ខេមបូឌា (Xinshan Industrial, Cambodia) នៅខេត្តព្រះវិហារនិងក្រុមហ៊ុន អង្គរហ្គោល ខប មេសកូហ្គោល (Angkor Gold Corp, Mesco Gold) នៅខេត្តរតនគិរី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។