កម្ពុជា
15/02/2024 – 09:47
ដោយ៖ ញឹម សុផល
RFI
នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានព្រមានគណបក្សនយោបាយមួយ ដែលគេដឹងថាជាគណបក្សភ្លើងទៀន ដោយ គ.ជ.ប យល់ថាបានធ្វើសកម្មភាពខុសច្បាប់។ ការព្រមានរបស់ គ.ជ.ប ធ្វើឡើងបន្ទាប់ពីមេដឹកនាំគណបក្សភ្លើងទៀន បានចុះណែនាំ ផ្សព្វផ្សាយដល់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោតរបស់ខ្លួនពិចារណាប្រើសិទ្ធិគាំទ្រគណបក្សឆន្ទៈខ្មែរ ដែលតំណាងឲ្យភ្លើងទៀន នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥នេះ។
គ.ជ.ប ព្រមានចាត់វិធានការផ្លូវច្បាប់ប្រឆាំងគណបក្សប្រឆាំង
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) យល់ឃើញថាគណបក្សនយោបាយមួយដែលគ្មានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតបានធ្វើសកម្មភាពគំរាមកំហែងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួនឲ្យបោះឆ្នោតជូនគណបក្សនេះ ឬគណបក្សនោះ ដែលជាការរំលោភសិទ្ធិ ក្នុងការសម្រេចចិត្តរបស់អ្នកបោះឆ្នោត រំលោភការសម្ងាត់នៃការបោះឆ្នោត និងធ្វើឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។
សេចក្តីថ្លែងការណ៍របស់ គ.ជ.ប ធ្វើឡើងស្របគ្នានឹងការធ្វើសកម្មភាពរបស់មេដឹកនាំគណបក្សភ្លើងទៀនក្នុងការជួបសំណេះសំណាល និងណែនាំឲ្យសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ជាប់ឆ្នោតរបស់ខ្លួនជាង២ពាន់នាក់ ពិចារណាប្រើសិទ្ធិគាំទ្រ គណបក្សឆន្ទៈខ្មែរ ដែលតំណាងឲ្យភ្លើងទៀនសម្រាប់ការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៥នេះ។

លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀនបានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃនេះថាគណបក្សភ្លើងទៀនតែងតែគោរពច្បាប់ ដោយមិនដែលប្រើប្រាស់មធ្យោបាយទុច្ចរិតណាមួយឡើយ។ ផ្ទុយទៅវិញគណបក្សប្រឆាំងមួយនេះ គឺជាអ្នករងគ្រោះ ដោយសារអង្គបោះឆ្នោតរបស់ខ្លួនមួយចំនួនបានរងនូវការបំភិតបំភ័យ ហើយក៏បានស្នើឲ្យគ.ជ.ប ជួយទប់ស្កាត់សកម្មភាពនេះផងដែរ។ នេះបើតាមលោក លី សុធារ៉ាយុត្តិ។
ទោះយ៉ាងណា គ.ជ.ប បានអំពាវនាវឲ្យគណបក្សដែលធ្វើសកម្មភាពខុសច្បាប់បញ្ឈប់ជាបន្ទាន់ និងត្រៀមចាត់វិធានការផ្លូវច្បាប់ចំពោះគណបក្សដែលប្រព្រឹត្តផ្ទុយនឹង មាត្រា៧១ នៃច្បាប់ស្តីពីការជ្រើសតាំងតំណាងរាស្ត្រ ដែលត្រូវយកទៅអនុវត្តសម្រាប់ការបោះឆ្នោតព្រឹទ្ធសភាឆ្នាំ២០២៤ ដែរ។
សូមបញ្ជាក់ថា កម្ពុជានឹងមានការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដែលមានគណបក្សចំនួន៤ចូលរួម គឺគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សហ្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ៕