ដោយ ហ៊ុំ ចំរើន
2024.02.15
RFA

ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាប្រាសាទអង្គរវត្ត ខេត្តសៀមរាប។ រូប៖ ក្រសួងព័ត៌មាន
អាជ្ញាធរខេត្តសៀមរាបកំពុងរឹតបន្តឹងសន្តិសុខសុវត្ថិភាពជូនពលរដ្ឋ ដើម្បីទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តក្នុងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រមួយនេះ។ សកម្មភាពនេះស្របពេលខេត្តសៀមរាបនៅមានបទល្មើសបន្តកើតមានជាច្រើន។
ស្នងការនគរបាលខេត្តសៀមរាប លោក តេង ច័ន្ទណាត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៤ កុម្ភៈថា ស្នងការខេត្តកំពុងអនុវត្តផែនការគោលរបស់គណៈបញ្ជាការឯកភាពខេត្ត ដើម្បីធានាសន្តិសុខសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដោយត្រូវពង្រាយកម្លាំងចុះល្បាត និងកំណត់គោលដៅឈរជើង តាមតំបន់ប្រាសាទ និងតំបន់សាធារណៈផ្សេងៗ ក្នុងក្រុងសៀមរាប។
លោកបញ្ជាក់ថា សមត្ថកិច្ចបានពង្រាយកម្លាំងល្បាត ២៤ម៉ោង ដោយបណ្ដាក់គ្នាជាច្រើនទីតាំង ដើម្បីងាយស្រួលអន្តរាគមន៍គ្រប់គ្រងសភាពការណ៍។
លោក តេង ច័ន្ទណាត៖ «ទាក់ទងហ្នឹងភូមិសាស្ត្រខេត្តសៀមរាប យើងធ្វើម៉េច ការពារសុវត្ថិភាពជូនភ្ញៀវជាតិ និងអន្តរជាតិមកខេត្តសៀមរាបយើង យើងមានការល្បាត ការបង្ក្រាប និងទប់ស្កាត់ និងគោលដៅឈរជើងតាមប្រាសាទ និងតំបន់ផ្សេងៗ។ ក្នុងនាមបញ្ជាការដ្ឋានធ្វើផែនការរួមមួយ ជូនគណៈ បញ្ជាការឯកភាពខេត្ត»។
ពលរដ្ឋរស់នៅក្នុងឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម លោក រៀម ពន្លក ឱ្យដឹងថា ក្មេងទំនើងជក់ថ្នាំញៀន នៅតែកើតមានច្រើននៅតំបន់ជនបទ និងក្នុងក្រុងសៀមរាប។
លោកថា កាលពីចុងឆ្នាំ២០២៣ ក្មេងទំនើងមួយក្រុមជិះម៉ូតូ កាប់លោកមួយកាំបិតពីក្រោយខ្នងបណ្តាលឱ្យរបួសធ្ងន់ ក្នុងពេលដែលលោកកំពុងបើកបរម៉ូតូតែម្នាក់ឯង តាមផ្លូវជាតិលេខ០៥ នាក្នុងស្រុកប្រាសាទបាងគង ហើយនៅថ្ងៃបន្ទាប់ក៏មានករណីប្លន់យកម៉ូតូ ១គ្រឿងទៀតពីពលរដ្ឋផ្សេងទៀត។
លោកបន្ថែមថា ក្រោយពីកើតហេតុ លោកបានប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ក៏ប៉ុន្តែគ្មានបានផលឡើយមកទល់ពេលនេះ។
លោក រៀម ពន្លក៖ «ខ្ញុំជិះទៅ វាជិះមកពីក្រោយ អត់ដឹងរឿងអីផង វាកាប់ដែរ ត្រូវដៃខាងឆ្វេង ដាច់សរសៃឈាម ៤ ជិតដល់ឆ្អឹង។ ថ្ងៃក្រោយឡើង ១ទៀត គេប្លន់ម៉ូតូ»។
ចំណែកឯការប្រើប្រាស់កាំភ្លើងកែច្នៃក៏កំពុងគំរាមកំហែងដល់អាយុជីវិតពលរដ្ឋ និងសត្វស្លាបកម្រនៅតំបន់ជនបទ និងតំបន់ការពារធម្មជាតិផ្សេងៗទៀត ។ អ្នកភូមិអះអាងថា ពលរដ្ឋរស់នៅតំបន់ជនបទឆ្ងាយៗ ក្នុងស្រុកប្រាសាទបាគង និងស្រុកសូទ្រនិគម ជាដើម តែងតែកែច្នៃកាំភ្លើងទុកប្រើប្រាស់នៅផ្ទះ ដើម្បីបាញ់សត្វស្លាប ធ្វើអាជីវកម្ម បង្កហានិភ័យខ្ពស់ ដល់អាយុជីវិតពលរដ្ឋ។
កន្លងទៅអ្នកភូមិរស់នៅឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ៣នាក់ រងគ្រោះដោយសារកាំភ្លើងក្នុងនោះ ២នាក់ របួសធ្ងន់ និងម្នាក់ទៀតស្លាប់ ដោយសារប្រើខុសបច្ចេកទេស។
ស្នងការនគរបាលខេត្តសៀមរាប លោក តេង ច័ន្ទណាត បន្ថែមថា សមត្ថកិច្ចបានផ្សព្វផ្សាយ និងលើកទឹកចិត្តឱ្យពលរដ្ឋមានកាំភ្លើងច្នៃ ត្រូវយកកាំភ្លើងច្នៃប្រគល់ឱ្យសមត្ថកិច្ចវិញ ដើម្បីកម្ទេចចោល។
លោកថា បច្ចុប្បន្ននៅមានពលរដ្ឋតិចតួចប្រើប្រាស់កាំភ្លើងច្នៃដើម្បីបាញ់សត្វ ហេតុនេះសមត្ថកិច្ចបន្តតាមដាន និងស្រាវជ្រាវ។
លោក តេង ច័ន្ទណាត៖ «បើគាត់ឆ្នៃកាំភ្លើងគោលបំណងបាញ់សត្វអាហ្នឹងជាប្រពៃណី ប៉ុន្តែក្រោយៗមក គាត់ភ្លាត់ប៉ះពាល់ពលរដ្ឋ បាញ់ប៉ះគ្នាគាត់ និងប៉ះអ្នកដទៃ អ៊ីចឹងហើយជាគោលការណ៍របស់ខេត្តផ្តល់ព័ត៌មានឱ្យពលរដ្ឋនិងលើកទឹកចិត្តប្រគល់ឱ្យសមត្ថកិច្ច»។
ជុំវិញរឿងនេះ ប្រធានសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក ហេង គឹមហុង យល់ថា ជនណាមួយប្រើអាវុធកែច្នៃធ្វើជាមធ្យោបាយប្រើប្រាស់ គឺជាទង្វើខុសច្បាប់ដែលរដ្ឋាភិបាលត្រូវតែគ្រប់គ្រង និងទប់ស្កាត់ ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម។
លោកយល់ថា បញ្ហានេះប្រសិនបើមិនទប់ស្កាត់ច្បាស់លាស់នោះទេ នឹងប៉ះពាល់ដល់វិស័យទេសចរ និងអសន្តិសុខសង្គម។
លោក ហេង គឹមហុង៖ «ការប្រើប្រាស់កាំភ្លើងច្នៃវាមិនត្រឹមតែបង្កប៉ះពាល់ពលរដ្ឋ ការបរបាញ់ និងប្រមាញ់ខុសច្បាប់នោះទេ តែពេលខ្លះវាបង្កអសន្តិសុខសង្គម គួរមានវិធានការទប់ស្កាត់គ្រប់ជ្រុងជ្រោយ។ អាជ្ញាធរគួរតាមដាន និងណែនាំពលរដ្ឋ ហើយអាជ្ញាធរជាតិគួរតែតាមដាន ការលក់ និងជួញដូរតាមអ៊ីនធឺណិត (Internet) មុខសញ្ញាត្រូវហាមឃាត់»។
ខេត្តសៀមរាបមានប្រជាជនជាង ១លាននាក់។ អាជ្ញាធរខេត្តសៀមរាបឱ្យដឹងថា កម្លាំងនគរបាលជាង ២ពាន់នាក់ (២.០០០) ត្រូវបានដាក់ពង្រាយដើម្បីការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ ជូនពលរដ្ឋភ្ញៀវទេសចរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។