កម្ពុជា
15/02/2024 – 11:57
ដោយ៖ ញឹម សុផល
RFI
កូនប្រុសពៅលោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី គឺលោក ហ៊ុន ម៉ានី នឹងត្រូវឡើងឋានៈជាឧបនាយករដ្ឋមន្ត្រីនៅសប្តាហ៍ក្រោយបន្ទាប់ពីការស្នើឡើងដោយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន។ ដំណឹងនៃការឡើងឋានៈខ្ពស់បំផុតទី២ នៃកូនប្រុសម្នាក់ទៀតរបស់លោក ហ៊ុន សែន ត្រូវបានផ្សព្វផ្សាយក្រោយកិច្ចប្រជុំគណៈអចិន្ត្រៃយ៍រដ្ឋសភានៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
លោក ហ៊ុន ម៉ានី កូនប្រុសពៅលោក ហ៊ុន សែន នឹងក្លាយជាឧបនាយករដ្ឋមន្ត្រី
តាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភានៅថ្ងៃនេះ រដ្ឋសភានឹងបើកកិច្ចប្រជុំវិសាមញ្ញនីតិកាលទី៧របស់ខ្លួន នៅថ្ងៃទី២១ ខែកុម្ភៈ សប្តាហ៍ក្រោយដោយលើករបៀបវារៈនៃការតម្លើងឋានៈអ្នកនយោបាយគណបក្សប្រជាជន ៣រូបជាកិច្ចការសំខាន់។ ឥស្សរៈជនទាំង៣រូបនោះរួមមាន លោក ហ៊ុន ម៉ានី កូនប្រុសពៅលោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នឹងត្រូវតម្លើងឋានៈបន្ថែម២កំរិតទៀតជាឧបនាយករដ្ឋមន្ត្រី។ លោកស្រ៊ី ថាមរុង្គ និងលោក ប៉ែន វិបុល ទាំងពីរនាក់ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នឹងឡើងឋានៈ១កាំទៀតជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស។
តាមរយៈការតម្លើងឋានៈអ្នកនយោបាយបក្សកាន់អំណាច៣នាក់បន្ថែមទៀតទៅក្នុងស្ថាប័ននីតិប្រតិបត្តិនេះ ធ្វើឲ្យរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយកូនប្រុសច្បងលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត បានកើនចំនួនឧបនាយករដ្ឋមន្ត្រីដល់១១រូប ទេសរដ្ឋមន្ត្រីជាង២០រូប រដ្ឋមន្ត្រី៣០រូប រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការជាង១ពាន់នាក់។ នេះមិនទាន់គិតពីរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងទីប្រឹក្សាអមក្រសួងទាំង៣០ផង។

សមាសភាពសមាជិករដ្ឋាភិបាល និងមន្ត្រីនយោបាយផ្នែកខាងលើដ៏ច្រើនសន្ធឹកសន្ធាប់មិនដែលធ្លាប់មាននេះ ត្រូវសង្គមស៊ីវិល និងអ្នកវិភាគមួយចំនួនមើលឃើញថាជារដ្ឋាភិបាលដែលមានក្បាលធំជាងដងខ្លួន។ ក៏ប៉ុន្តែមន្ត្រីរដ្ឋាភិបាល ក៏ដូចជាអ្នកនាំពាក្យគណបក្សកាន់អំណាចតែងច្រានចោលការលើកឡើងពាក្យថា«រដ្ឋាភិបាលក្បាលធំជាងខ្លួន»នេះ។
សូមរំលឹកថារដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយភាគច្រើនជាអ្នកបន្តវេនគណបក្សប្រជាជននេះ ត្រូវគេមើលឃើញថាបានចេញដំណើរយ៉ាងស្វាហាប់។ ទន្ទឹមគ្នានេះក៏មានការលើកឡើងស្កាត់ជាមុនដែរថាការចេញដំណើរជាមួយនឹងធនធានបញ្ញវន្តសំបូរបែបដូច្នេះហើយ បើការដឹកនាំទៅអនាគតមិនមានលទ្ធផល និងគុណភាព នោះទើបជាកំហុសដ៏ធំ៕