សង្គម​ស៊ីវិល​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចេញ​ច្បាប់​គ្រប់គ្រង​គ្រឿងស្រវឹង

កម្ពុជា
18/02/2024 – 09:11
ដោយ៖ អេង គីមហុង
RFI

នៅ​ថ្ងៃ​ទី​១៨​ខែ​កុម្ភៈ​នេះ ក្រុម​អង្គការ​សង្គមស៊ីវិល​បន្ត​ជំរុញ​ឲ្យ​រដ្ឋាភិបាលកម្ពុជា​លៃលក​ធ្វើយ៉ាងណាឲ្យ​ច្បាប់​ស្ដីពីគ្រប់គ្រង​គ្រឿង​ស្រវឹង​ចេញ​រូបរាង​ឲ្យបាន​ឆាប់ ព្រោះតែ​ច្បាប់​នេះ​បាន​ជាប់​គាំង​៩ឆ្នាំ​មក​ហើយ។ ក្រុម​មន្រ្តី​អង្គការសង្គម​ស៊ីវិល​ទាំងនេះ​បាន​ចោទ​ជា​សំណួរ​ថា  តើ​ពេលណា​កម្ពុជា​មាន​ច្បាប់​ស្ដីពីការ​គ្រប់គ្រង​គ្រឿងស្រវឹង​ដូចប្រទេស​ក្បែរខាង​ដូចជា ថៃ ឡាវ វៀតណាម? 

សង្គម​ស៊ីវិល​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចេញ​ច្បាប់​គ្រប់គ្រង​គ្រឿងស្រវឹង


គេជឿថា នៅ​ពេលច្បាប់​ស្ដីពីការ​គ្រប់គ្រង​គ្រឿងស្រវឹង​លេចចេញ​ជា​រូបរាង វារួម​ចំណែកយ៉ាង​សំខាន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សង្គម​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន។ បញ្ហា​សង្គម​ដែល​គេ​សំដៅដល់​នោះគឺការ​ជួយ​ទៅ​លើជនរង​គ្រោះ​និងយុវជន។  

លោក យង់ គឹមអេង នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ ​និង​សន្តិភាព​បន្ត​អះអាង​ថា បើ​ច្បាប់ស្ដីពី​ការ​គ្រប់​គ្រង​គ្រឿង​ស្រវឹង​ត្រូវបាន​បង្កើត​ឡើង​វា​នឹង​ផ្ដល់​ផល​ចំណេញ៥​ចំ​ណុច​បន្ថែម​ទៀត​មក​សង្គម​រួមមាន៖ទី១-កាត់​បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺ​មិន​ឆ្លង​ជាង​២០០មុខ​ដែល​កើត​ឡើង​ដោយ​សារ​គ្រឿង​ស្រវឹង ទី២-កាត់​បន្ថយ​ហិង្សាក្នុង​គ្រួសារ​និង​សហគមន៍ ទី៣-កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ទី៤-រដ្ឋ​ចំណេញ​ថវិកា​ដែល​ថវិកានេះ​ចំណាយ​ទៅលើការ​ខូចខាត​ដែល​បណ្ដាល​មក​ពី​គ្រឿង​ស្រវឹង ទី៥-ធានា​សុវត្ថិភាព​សហគមន៍ ឆ្លើយតប​នឹង​គោលនយោបាយ​ភូមិឃុំ​មាន​សុវត្ថិភាព។

RIF
RIF © Internet

ជាមួយគ្នានោះ​លោក ប៉ា ច័ន្ទរឿន​ ប្រធាន​វិទ្យា​ស្ថាន​ប្រជា​ធិបតេយ្យ​កម្ពុជា​លើក​ឡើង​ថា នៅក្នុង​ប្រទេស​ប្រជាធិបតេយ្យសេរី គេ​មិន​ឃាត់​ពលរដ្ឋ​មិន​ឲ្យ​ទទួល​ទាន​គ្រឿងស្រវឹង​នោះ​ទេ​ តែ​គេ​មាន​ច្បាប់​ទប់ស្កាត់​និងការពារផល​វិបាកដែល​អាច​កើត​មាន​ជាយថាហេតុ​ក្រោយ​ហូប​គ្រឿង​ស្រវឹង។ លោក ប៉ា ច័ន្ទរឿន ក៏បាន​លើក​យក​របាយការណ៍ស្រាវជ្រាវ​ដែល​លោកធ្លាប់អាន​មក​បង្ហាញ​ថា ពលរដ្ឋខ្មែរ​ម្នាក់​ទទួលទាន​គ្រឿង​ស្រវឹង​ប្រហែល​៧០លីត្រ​ក្នុង​មួយ​ឆ្នាំ។ លោក​ចាត់​ទុក​ថា នេះជា​តួលេខ​មួយ​ខ្ពស់​និង​គួរបារម្ភ ហើយ​តួលេខនេះ​អាច​បន្ត​កើន​ឡើងទាំង​ចំនួន​អ្នក​ផឹក​និងបរិមាណ​ទទួល​ទាន​លើស​ពី៧០លីត្រ​ក្នុង​មួយ​ឆ្នាំ​សម្រាប់​មនុស្ស​ម្នាក់។

បើតាម​លោក ប៉ា ច័ន្ទរឿន រដ្ឋាភិបាល​អាណត្តិទី៧​នេះ​ក៏ចំណេញ​ដែរ បើ​ឆាប់​អនុម័ត​ច្បាប់​ស្ដីពីការ​គ្រប់គ្រង​ស្រវឹង។ ផល​ចំណេញ​ដែលលោក ប៉ា ច័ន្ទរឿន មើលឃើញ​គឺ​ឆ្លើយ​តប​គោលនយោបាយ​របស់​រដ្ឋាភិបាល​ស្ដីពី​ការគាំពារសុខមាលភាព​និង​សង្គម​ដល់​ប្រជាពលរដ្ឋ។

គួរជម្រាបជូនថា ការជំរុញ​និង​ការទទូច​ស្នើ​សុំ​ចង់​បាន​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​គ្រឿង​ស្រវឹង​កើត​មាន​បន្ទាប់​ពី​មនុស្សស្លាប់​ដោយ​សារ​តែឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​កើត​មាន​រាល់​ថ្ងៃ។ នៅក្នុងសេចក្តី​ព្រាង​ច្បាប់​ស្ដីពីការគ្រប់គ្រងគ្រឿងស្រវឹង​គេកំណត់​មិន​អនុញ្ញាត​ឲ្យ​យុវជន​អាយុ​ក្រោម​២១​ឆ្នាំ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​នោះ​ទេ​។ ច្បាប់​នេះ​នឹង​ដាក់​បន្ទុក​ពន្ធ​ខ្ពស់​ទៅ​លើ​គ្រឿង​ស្រវឹង​ និង​រឹត​បន្តឹង​លើ​ការ​បើក​លក់​គ្រឿង​ស្រវឹង​ ដែល​បច្ចុប្បន្ន​នេះ​មាន​ការ​រីក​សុះសាយ​ស្ទើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​សារ​តែ​កង្វះ​ច្បាប់​គ្រប់គ្រង៕

What Next?

Recent Articles