ដោយ សុ ជីវី
2024.04.23
RFA

ទីតាំង និងសាកសពជនរងគ្រោះក្នុងហេតុការណ៍ផ្ទុះគ្រាប់ បេ-៤១ (B-41) ក្នុងព្រៃជ្រៅ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ដែលក្នុងចំណោមជនរងគ្រោះស្លាប់ មានក្មេងប្រុសអាយុ ១០ឆ្នាំ ជាចៅ ជីតា ឪពុក និងកូន។ រូប៖ ពីពលរដ្ឋ
សមត្ថកិច្ចខេត្តមណ្ឌលគិរីណែនាំពលរដ្ឋដែលតែងតែចូលទៅរកអនុផលព្រៃឈើ នៅក្នុងព្រៃជ្រៅឲ្យប្រុងប្រយ័ត្ននឹងគ្រាប់មីន ពីព្រោះពួកគេថាមន្ត្រី នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅមិនទាន់បានចូលដោះគ្រាប់មីនក្នុងព្រៃជ្រៅនោះទេ។ ការលើកឡើងនេះ បន្ទាប់ពីមានពលរដ្ឋចំនួន៤នាក់ រស់នៅភូមិស្រែអ៊ី សង្កាត់រមនា ក្រុងមនោរម្យ ខេត្តមណ្ឌលគិរី បានចូលទៅរកអនុផលព្រៃឈើជ័រចុង ក្នុងដែនជម្រកសត្វព្រៃកែវសីមា បានស្លាប់ដោយសារគ្រាប់មីនផ្ទុះ និង ២នាក់ផ្សេងទៀតរងរបួស កាលពីថ្ងៃទី២០ ខែមេសា។
មេប៉ុស្តិ៍នគរបាលសង្កាត់រមនា លោក អិន សាមេន ប្រាប់វិទ្យុអាស៊ីសេរីថា នៅថ្ងៃទី២២ ខែមេសាថា ពលរដ្ឋទាំងនោះតែងតែចូលទៅរកអនុផលព្រៃឈើក្នុងព្រៃជ្រៅជាប្រចាំថ្ងៃ ហើយអាជ្ញាធរតែងតែប្រាប់ និងដាស់តឿនដល់ពលរដ្ឋនៅតំបន់ឲ្យមានការប្រុងប្រយ័ត្នជាហូរហែកន្លងមក។ លោកបន្ថែមថា នៅក្នុងខេត្តមណ្ឌលគិរី បច្ចុប្បន្នមន្ត្រី នៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានចុះដោះគ្រាប់មីនជាបន្តបន្ទាប់ ប៉ុន្តែសកម្មភាពទាំងនោះធ្វើឡើងនៅតែតាមដីស្រែចម្ការ និងទីវាលសាធារណៈដោយមិនបានចូលទៅដោះមីននៅក្នុងព្រៃជ្រៅនោះទេ។ លោកអំពាវនាវដល់ពលរដ្ឋទាំងនោះឱ្យប្រុងប្រយ័ត្នបន្ថែមទៀត។
លោក អិន សាមេន៖ «កម្លាំងខ្ញុំតែងតែចុះផ្សព្វផ្សាយរហូតអំពីគ្រាប់មីន អំពីល្បែងស៊ីសង ពាក់ព័ន្ធច្បាប់ចរាចរគ្រប់ប្រភេទគោលនយោបាយភូមិឃុំខ្ញុំចុះផ្សព្វផ្សាយបន្តបន្ទាប់ តែមិនដឹងយ៉ាងម៉េចវាជាការភ្លាត់ស្នៀត តែបើសិនជាឃើញគ្រាប់មីនអ៊ីចឹងកុំនាំគ្នាលេង ឃើញហើយ រាយការណ៍មកពួកខ្ញុំមក ដើម្បីឲ្យពួកខ្ញុំរាយការណ៍បន្តទៅ (CMAC) និងមន្ត្រីជំនាញឲ្យគាត់ចុះទៅយក»។
របាយការណ៍អាជ្ញាធរឲ្យដឹងថា ក្នុងពេលចូលព្រៃ កាលពីថ្ងៃទី២០ មេសា ក្មេងប្រុសមានអាយុ ១០ឆ្នាំម្នាក់ បានបេ៤១ និងបានលើកយកមកបង្ហាញជីតា រួចរបូតដៃធ្លាក់ដីទើបផ្ទុះបណ្ដាលឲ្យជនជាតិភាគតិចព្នង ដែលជា ឪពុក កូន និងចៅ ស្លាប់ចំនួន ៤នាក់ រួមមានឈ្មោះ ជើម ក្លឹប ភេទប្រុស អាយុ៥៨ឆ្នាំ ឈ្មោះ ក្លេវ ដា ភេទប្រុស អាយុ៣៧ឆ្នាំ ឈ្មោះ ដា ហាត់ ភេទស្រី អាយុ ១៣ឆ្នាំ ឈ្មោះ ដា សា ភេទប្រុស អាយុ ១០ឆ្នាំ និងអ្នករងរបួស២នាក់ ឈ្មោះ តែក ខ្លូង ភេទស្រីអាយុ ៣៦ឆ្នាំ និងកូនស្រីឈ្មោះ ដា វាសនា អាយុ៦ឆ្នាំ។
របាយការណ៍របស់មជ្ឈមណ្ឌលសកម្មភាពកំហាត់មីនកម្ពុជា (CMAC) ឱ្យដឹងថា ពូបច្ចុប្បន្នគ្រាប់មីននៅតែបង្កគ្រោះថ្នាក់ បណ្ដាលឲ្យពលរដ្ឋខ្លះស្លាប់ និងពលរដ្ឋខ្លះទៀតពិការ ប៉ុន្តែ ចំនួនអ្នករងគ្រោះ ដោយសារគ្រាប់មីន បានថយចុះបើប្រៀបធៀបទៅនឹង ៣០ឆ្នាំមុន។
រដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាចិត្តបោសសំអាតគ្រាប់មីនប្រឆាំងមនុស្ស និងរថក្រោះ ដែលមានក្នុងទិន្នន័យឱ្យអស់នៅត្រឹមឆ្នាំ២០២៥ ។ បន្ទាប់ពីបញ្ចប់ការបោសសំអាតមីនប្រឆាំងមនុស្ស និងរថក្រោះ ត្រឹមឆ្នាំ២០២៥ ហើយនោះ កម្ពុជានឹងបន្តបោសសំអាតគ្រាប់បែកចង្កោម និងគ្រាប់ដែលទម្លាក់ពីលើយន្តហោះ ដែលបានទម្លាក់ក្នុងសម័យសង្គ្រាមវៀតណាម នៅភូមិភាគឦសាន និងភាគខាងកើតនៃប្រទេសថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។