ដោយ មាន ឫទ្ធិ
2024.04.23
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ស្ដាំ) ជួបរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) នាវិមានសន្តិភាព កាលពីថ្ងៃទី២២ មេសា ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
លោក ហ៊ុន ម៉ាណែត ក៏បានសរសើរចិនចំពោះគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (BRI) មានដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ជាដើម ដែលលោកថាបានចូលរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធ និងជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា។ ក្រៅពីនោះ កម្ពុជាសង្ឃឹមថា នឹងមានរំហូរវិនិយោគ និងអ្នកទេសចរមកពីប្រទេសចិនថែមទៀតក្នុងឆ្នាំ២០២៤នេះ ដែលជាឆ្នាំនៃការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន។
ដំណើរទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃរបស់ប្រមុខការទូតចិន លោក វ៉ាង យី មកកម្ពុជានាពេលនេះ កើតមានឡើងស្របពេលដែលមានកង្វល់ជារួមពីសហរដ្ឋអាមេរិក និងប្រទេសក្នុងតំបន់ជាពិសេសវៀតណាម (Vietnam) ជំុវិញរឿងរ៉ាវដែលចិនព្យាយាមពង្រីកឥទ្ធិពលផ្នែកយោធា និងសន្តិសុខរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាកាន់តែខ្លាំង។ គម្រោងចម្រូងចម្រាសពីរដែលកំពុងបង្កឱ្យមានក្តីព្រួយបារម្ភនោះ រួមមាន គម្រោងធ្វើ«ទំនើបកម្ម»កំពង់ផែកងទ័ពជើងទឹករាមដែលកំពុងដំណើរការ និងគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ប្រវែង១៨០គីឡូម៉ែត ភ្ជាប់ទន្លេមេគង្គភាគខាងត្បូងទៅកាន់ឈូងសមុទ្រថៃ។
ទន្ទឹមនឹងនោះ ក៏មានក្តីបារម្ភពីរឿងរ៉ាវដែលនាវាចម្បាំងចិនពីរគ្រឿងបន្តមានវត្តមាននៅកំពង់ផែរាមជាង៤ខែមកហើយដោយពុំទាន់ចាកចេញនៅឡើយ។ កម្ពុជាធ្លាប់អះអាងថា ការអនុញ្ញាតឱ្យនាវាចម្បាំងចិនចូលចតនេះ គឺដើម្បីត្រៀម«ហ្វឹកហ្វឺន»នាយនាវិកកងទ័ពជើងទឹកកម្ពុជា។ ក៏ប៉ុន្តែ ពុំបានបញ្ជាក់ពីរយៈពេលជាក់លាក់នៃការ«ហ្វឹកហ្វឺន»នេះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។