ដោយ ហ៊ុំ ចំរើន
2024.04.23
RFA
បញ្ហាអាកាសធាតុកាន់តែក្ដៅ នៅក្នុងរដូវប្រាំងឆ្នាំនេះ បានបង្កផលប៉ះពាល់ដល់ការរស់នៅ និងមុខរបរចិញ្ចឹមសត្វរបស់ប្រជាកសិករមួយចំនួន។ កសិករស្នើដល់រដ្ឋាភិបាល បង្កើតគោលនយោបាយជួយសង្គ្រោះកសិករ ដែលរងគ្រោះ និងគិតគូរបង្កើនប្រព័ន្ធធារាសាស្ត្រ ដើម្បីសង្គ្រោះពួកគាត់ពីភាពក្ដៅហួតហែង និងគ្រោះរាំងស្ងួតក្នុងរដូវប្រាំងនេះ និងឆ្នាំបន្ទាប់។
សីតុណ្ហភាព ក្ដៅហួតហែងនារដូវប្រាំងក្នុងឆ្នាំនេះ មិនត្រឹមតែធ្វើឱ្យពលរដ្ឋពិបាករស់នៅនោះទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់ការចិញ្ចឹមសត្វរបស់កសិករទៀត។
នៅតាមតំបន់វាលស្រែ សួនច្បារដំណាំ និងកន្លែងចិញ្ចឹមសត្វមួយចំនួន របស់កសិករខេត្តបាត់ដំបង និងបន្ទាយមានជ័យ ប្រែជាក្ដៅដីប្រេះបែកក្រហែង រុក្ខជាតិក្រៀមស្វិតក្រញង់ ចំណែកនៅតាមថ្លុក ស្រះ និងអណ្ដូងមួយចំនួន រីងទឹកជាបន្តបន្ទាប់។ អមជាមួយទិដ្ឋភាពទាំងនេះ កសិករមានទឹកមុខក្រៀមក្រោះ មិនខុសពីរុក្ខជាតិ ដែលដាច់ទឹកយូរនោះទេ។ ពួកគាត់ពិបាកចិត្ត ដោយសារតែភាពក្ដៅហួតហែងទាំងនេះ បានបំផ្លាញមុខរបរចិញ្ចឹមសត្វរបស់ពួកគាត់។
កសិករចិញ្ចឹមទាឃ្វាលតាមវាលស្រែជាង ២ពាន់ក្បាល នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង លោក ហ៊ួន សំនៀង រៀបរាប់ថា អាកាសធាតុឡើងកម្ដៅចន្លោះពី៣៩ ទៅ ៤២អង្សាសេ បានបណ្ដាលឱ្យទឹកនៅតាមបឹងបួ ប្រឡាយ រីងខះ ដែលជាហេតុធ្វើឱ្យទាខ្វះចំណី និងអាក់ពង។ លោកត្អូញត្អែរថា កាលពីដើមរដូវប្រាំងចាប់ពីខែវិច្ឆិកា លោកអាចប្រមូលពងទាបានប្រហែលជាង ២ពាន់គ្រាប់ក្នុងមួយថ្ងៃ ប៉ុន្តែ ចាប់តាំងពីដើមខែមេសា នៅពេលដែលអាកាសធាតុកាន់តែក្ដៅទៅ ទារបស់លោកគ្មានពងនោះទេ។
លោក ហ៊ួន សំនៀង៖ «ជាងកន្លះខែហើយ ជិតមួយខែហើយ គ្មានទឹកភ្លៀង។ ឥឡូវគាំងអស់ហើយ ពងទាថោកដូចព្រលិត។ អាកាសធាតុក្ដៅ ខែនេះគ្មានទឹក និងក្ដាមខ្យងឱ្យទាស៊ីទេ។ អ្នកចិញ្ចឹមទា កំពុងក្រពុលមុខដូចគ្នា។ ចំណាយគ្រប់យ៉ាង រត់ធនាគារមិនរួចទេ»។
លោក ហ៊ួន សំនៀង រអ៊ូរទាំទៀតថា ស្របពេលដែលទាគ្មានពងទៅហើយនោះ លោកបានសម្រេចចិត្តលក់មេទាឡាយឡុង ត្រឹមតែ ៦ពាន់រៀលក្នុងមួយក្បាល ដើម្បីសម្រាលបន្ទុកការចំណាយ ប៉ុន្តែ នៅតែគ្មានអ្នកទិញ ដែលបញ្ហានេះ ធ្វើឱ្យលោកប្រឈមនឹងការក្ស័យធន ព្រោះគ្មានពងទាលក់ហើយត្រូវចំណាយប្រាក់ដឹកទា ទៅរកកន្លែងផ្សេងទៀត ដើម្បីរកកន្លែងដែលមានចំណី និងទឹកសម្រាប់សត្វទា។
រដូវប្រាំងនៅប្រទេសកម្ពុជា គឺចាប់ពីខែវិច្ឆិកា ដល់ខែមេសា ដោយខែមីនា និងខែមេសា គឺជាពេលដែលក្ដៅបំផុត ដែលកំណត់ត្រាបង្ហាញថា កម្ដៅឡើងដល់ ៤០អង្សាសេ។ ប៉ុន្តែរដូវប្រាំងឆ្នាំនេះ ហាក់អូសបន្លាយរយៈពេល និងខ្សត់ភ្លៀងកក់ខែជាងឆ្នាំមុន។
នៅរដូវប្រាំងចុងខែចេត្រ ដ៏ហួតហែងនេះ មិនត្រឹមតែបង្កការលំបាកដល់កសិករចិញ្ចឹមទា ដែលជាអម្បូរសត្វបក្សី មានខ្លួនតូចនោះទេ សូម្បីតែថនិកសត្វ ដែលមានខ្លួនធំមួយចំនួន ក៏មិនអាចទប់ទល់នឹងកម្ដៅព្រះអាទិត្យ នេះបានឡើយ។
កសិករចិញ្ចឹមគោ នៅឃុំរាំងកេសី ស្រុកសង្កែ លោក នៅ រ៉ាត់ ប្រាប់ថា អាកាសធាតុក្ដៅ នៅឆ្នាំនេះ បានធ្វើឱ្យគោរបស់លោកចុះស្គម និងពិបាកក្នុងការឃ្វាល។ គង្វាលគោនៅតំបន់វាលស្រែដាច់ស្រយាលរូបនេះ និយាយបន្តថា បញ្ហាពិបាក ក្នុងការមើលថែគោ នៅរដូវប្រាំងឆ្នាំនេះ គឺការកៀងគោ ពីកន្លែងមួយ ទៅកន្លែងមួយ ដើម្បីរកកន្លែងមានស្មៅ និងទឹកគ្រប់គ្រាន់ និងការងូតទឹកឱ្យគោជាច្រើនដង។
លោក នៅ រ៉ាត់៖ «អ្នកដែលចិញ្ចឹមគោនៅផ្ទះ មានតែដាក់ចំបើងឱ្យស៊ីរហូត ហើយចងនៅក្រោមម្លប់ វាអត់សូវមានខ្យល់ នៅវាលនេះអាកាសធាតុល្ហល្ហេវ សម្បូរស្មៅស៊ី ប៉ុន្តែវាក្ដៅបន្តិច»។
មិនខុសពីកសិករនៅខេត្តបាត់ដំបងនោះទេ កសិករចិញ្ចឹមគោនៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ លោក ស៊ុន វិចិត្រ ត្អូញត្អែរថា រដូវប្រាំងឆ្នាំនេះ កាន់តែខ្សត់ស្មៅជាងឆ្នាំមុន ដោយវាលស្រែខ្លះ មានតែដីក្រហមទទេ ដែលធ្វើឱ្យគោរបស់លោកស៊ីស្មៅរហូតដល់គល់នៅជាប់ដី។ លោកបន្តថា សភាពគោរបស់លោកនៅពេលនេះ មានតែស្បែកដណ្ដប់ឆ្អឹង ហើយចួនពេលខ្លះ ដោយសារអាកាសធាតុក្ដៅខ្លាំង និងមិនបានផឹកទឹកគ្រប់គ្រាន់ គោទាំងនោះ បែកពពុះមាត់ និងហៀទឹកភ្នែកទៀតផង។
លោក ស៊ុន វិចត្រ៖ «ដាក់បាអត់ជាប់ទេ ក្ដៅខ្លាំងណាស់អត់ជាប់ទេគោ។ បានលាងទឹកជួយយោង ៧គោលាងទាំងអស់។ ក្ដៅខ្លាំងណាស់ ឆ្នាំនេះ គោឡើងសាច់យាជាងឆ្នាំមុន ឆ្នាំមុនៗ គោសាច់ជាងឆ្នាំនេះ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាតដំបង លោក ឈឹម វជិរា និងអ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី២២ ខែមេសា។
ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្ដីជូនដំណឹង កាលពីថ្ងៃទី២ ខែមីនា ស្ដីពីការព្យាករណ៍អាកាសធាតុលើកទី២ ចាប់ពីខែមីនា ដល់ខែឧសភា ថា សីតុណ្ហភាពនៅរដូវប្រាំងឆ្នាំ២០២៤ នឹងកើនឡើង ហើយមិនសូវមានភ្លៀងធ្លាក់គ្រប់គ្រាន់នៅរដូវវស្សាឡើយ។ បើតាមការព្យាករណ៍ដដែលនេះ ឱ្យដឹងទៀតថា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមេសា កម្ពុជានឹងគ្របដណ្ដប់ដោយសម្ពាធទាប ដែលនឹងធ្វើឱ្យតំបន់វាលទំនាបមានសីតុណ្ហភាពចន្លោះពី២៦អង្សាសេ ទៅ ៣៦អង្សាសេ។ ចំណែកនៅតំបន់ខ្ពង់រាបមានសីតុណ្ហភាពពី ២៣អង្សាសេ ទៅ ៣៧អង្សាសេ។ ដោយឡែកតំបន់មាត់សមុទ្រ មានសីតុណ្ហភាពចន្លោះពី ២៥អង្សាសេ ដល់៣៥អង្សាសេ និងអាចមានភ្លៀងធ្លាក់លើផ្ទៃដីប្រមាណ ៥ភាគរយ រីឯខេត្តនៅភាគពាយ័ព្យប្រទេសកម្ពុជា រួមមាន បាត់ដំបង បន្ទាយមានជ័យ និងភាគឦសានមានខេត្តស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី មានកម្ដៅកើនឡើងដល់ ៤០ ទៅ ៤១អង្សាសេ។
ទីប្រឹក្សា អង្គការសាមគ្គីភាពកសិករកម្ពុជា លោក ឌី គន្ធា មានប្រសាសន៍ថា ក្រសួងពាក់ព័ន្ធគួរចុះស្រង់ស្ថិតិចំនួនកសិករ ដែលរងផលប៉ះពាល់ ឬខាតបង់ដោយសារបញ្ហាបម្រែបម្រួលអាកាសធាតុ ដើម្បីស្នើទៅរដ្ឋាភិបាល ឱ្យបង្កើតគោលនយោបាយ និងបញ្ចេញបញ្ចប់ថវិកាជាតិ ជួយដល់កសិករ។
លោក ឌី គន្ធា៖ «រដ្ឋាភិបាលក៏ត្រូវប្រើប្រាស់កញ្ចប់ថវិកាជាតិ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយស្ដីពីការលើកកម្ពស់សន្តិសុខស្បៀងកម្ពុជា សម្រាប់គាំទ្រទៅលើគ្រួសារកសិកររងគ្រោះហ្នឹង អាកាសធាតុ គ្រោះរាំងស្ងួត ក្ដៅអ៊ីចឹងទៅ ធ្វើឱ្យសត្វរបស់គាត់ប្រឈមមុខនឹងជំងឺឆ្លង ប៉ះពាល់ដល់មុខរបររបស់គាត់ មិនអាចផ្គត់ផ្គង់តម្រូវការទីផ្សារ ប៉ះពាល់ដល់ចំណូលរបស់គាត់ ប៉ះពាល់ដល់ការទូទាត់បំណុល ឬការប្រាក់ជូនធនាគារ តាមរយៈមុខរបររបស់គាត់»។
បើតាមការព្យាករណ៍របស់អង្គការឧតុនិយមពិភពលោកនៃអង្គការសហប្រជាជាតិកាលពីដើមឆ្នាំ បង្ហាញថា ក្នុងឆ្នាំ២០២៤ នេះ ពិភពលោកនឹងរងកម្ដៅក្ដៅជាងឆ្នាំ២០២៣ ដែលជាការបំបែកកំណត់ត្រាអាចឈានទៅរកបាតុភូតអាកាសធាតុ អែល នីណូ ដែលបង្កឱ្យមានភាពក្ដៅហួតហែង គ្រោះរាំងស្ងួត និងមានសីតុណ្ហភាពចន្លោះពី៤០ ទៅ ៤២អង្សាសេ។
យ៉ាងណាក៏ដោយចុះ កសិករស្នើឱ្យរដ្ឋាភិបាល គួរស្រង់យកបទពិសោធន៍ អំពីគ្រោះទុរភិក្សពេលនេះ ធ្វើជាមេរៀន ដើម្បីរកវិធីទប់ស្កាត់កុំឱ្យបង្កផលប៉ះពាល់ ទៅលើកសិករបន្តទៀត ជាមួយគ្នានេះ ក៏ស្នើឱ្យរដ្ឋាភិបាល គួរតែកែលម្អគោលនយោបាយទឹក និងសិក្សាពីបច្ចេកទេស ការបង្កើតស្រះ និងភ្លៀងសិប្បនិម្មិត ដូចប្រទេសជិតខាង ដើម្បីជួយដល់កសិករ និងកុំឱ្យពួកគាត់ធ្វើកសិកម្មប្រវាស់មេឃបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។