ដោយ មាន ឫទ្ធិ
2024.04.23
RFA

លោក ហ៊ុន សែន (ស្ដាំ) ប្រធានព្រឹទ្ធសភា ជួបប្រធានរដ្ឋឡាវ លោក ថងលុន ស៊ីសូលីត (Thongloun Sisoulith) នាវិមានព្រឹទ្ធសភា នៅថ្ងៃទី២៣ មេសា ២០២៤។ រូប៖ តេឡេក្រាមលោក ហ៊ុន សែន
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ស្នើឱ្យប្រធានរដ្ឋឡាវ លោក ថងលុន ស៊ីសូលីត (Thongloun Sisoulith) គាំទ្រគម្រោងព្រែកជីកហ្វូណន។ លោក ហ៊ុន សែន ស្នើយ៉ាងដូច្នេះនៅក្នុងជំនួបមួយនៅវិមានព្រឹទ្ធសភានៅថ្ងៃទី២៣ ខែមេសា ក្នុងឱកាសលោក ថងលុន ស៊ីសូលីត កំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា នៅកម្ពុជា។
លោក ហ៊ុន សែន អះអាងនៅលើទំព័រហ្វេសប៊ុក (Facebook) របស់លោកថា លោកបានស្នើសុំប្រធានរដ្ឋឡាវគាំទ្រគម្រោងព្រែកជីកហ្វូណនរបស់កម្ពុជា ពីព្រោះព្រែកជីកនេះមិនប៉ះពាល់ដល់បរិស្ថាន ឬលំហូរចរន្តទឹកនោះទេ។ លោក ហ៊ុន សែន អះអាងបន្តថា ប្រធានរដ្ឋឡាវបានគាំទ្រចំពោះគម្រោងនេះ។
នេះគឺជាលើកទីមួយហើយដែលកម្ពុជាចាប់ផ្តើមស្វែងរកការគាំទ្រលើគម្រោងព្រែកជីកហ្វូណនតេជោពីសមាជិករបស់គណៈកម្មការទន្លេមេគង្គ (MRC)។ ក្រៅពីឡាវ គេនៅមិនទាន់ដឹងថា ប្រទេសសមាជិក MRC ដទៃទៀត ដូចជា ថៃ មីយ៉ាន់ម៉ា ឬភូមា និងវៀតណាម ប្រកាន់ជំហរផ្លូវការយ៉ាងណាចំពោះគម្រោងព្រែកជីកហ្វូណននេះនៅឡើយទេ។ កម្ពុជាអះអាងថា ខ្លួនបានជូនដំណឹងរួចរាល់ហើយទៅគណៈកម្មការទន្លេមេគង្គជុំវិញគម្រោងសាងសង់ព្រែកជីកនេះ។
ទោះជាយ៉ាងណា កន្លងទៅទាំងវៀតណាម និងទាំងសហរដ្ឋអាមេរិក បានលើកឡើងពីកង្វល់របស់ខ្លួនដែលថា ព្រែកជីកនេះអាចជួយសម្រួលឱ្យមានវត្តមានយោធាចិនចូលក្នុងទឹកដីកម្ពុជាកាន់តែជ្រៅតាមឈូងសមុទ្រថៃ។ ប្រទេសទាំងពីរជំរុញឱ្យកម្ពុជាបង្ហាញតម្លាភាព និងធ្វើការឱ្យបានដិតដល់ជាមួយគណៈកម្មការទន្លេមេគង្គជុំវិញរឿងរ៉ាវសាងសង់ព្រែកជីកហ្វូណនតេជោនេះ។
កម្ពុជាគ្រោងនឹងដំណើរការសាងសង់ព្រែកជីកហ្វូណនតេជោប្រវែង ១៨០គីឡូម៉ែត្រ នៅចុងឆ្នាំ២០២៤ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៨ ដោយចំណាយអស់ថវិកាប្រមាណ ១ពាន់៧រយលានដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។