2024.04.23
RFA

សកម្មភាពអាជ្ញាធរខេត្តព្រះវិហារចុះបង្ក្រាបហិង្សា លើពលរដ្ឋស្រុកគូលែន កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។ រូប៖ ពលរដ្ឋផ្តល់ឱ្យ
ពលរដ្ឋរងគ្រោះដីធ្លី នៅខេត្តព្រះវិហារ អះអាងថា អាជ្ញាធរបានបង្គាប់បញ្ជាឲ្យពួកគេសារភាពទទួលកំហុស និងប្រគល់ដីឲ្យទៅក្រុមហ៊ុន សិលាដាម៉ិច (Seila Damex) ដើម្បីជាថ្នូរដោះលែងបាននៅក្រៅឃុំ។ មន្ត្រីសង្គមស៊ីវិលយល់ឃើញថា អាជ្ញាធរគួរផ្ដល់ដីសម្បទានសង្គមកិច្ចដល់ពលរដ្ឋ និងបញ្ឈប់ការចាប់ខ្លួនពួកគេដាក់ពន្ធនាគារ។
ពលរដ្ឋរងគ្រោះដីធ្លី ដែលត្រូវបានអាជ្ញាធរចាប់ឃុំខ្លួននៅពន្ធនាគារ នៅស្រុកគូលែន ខេត្តព្រះវិហារ អះអាងថា ពលរដ្ឋជាង២០នាក់ ដែលត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ននោះ ត្រូវបានអាជ្ញាធរខេត្តព្រះវិហារចាប់បង្ខំឲ្យពួកគេសារភាពទទួលស្គាល់កំហុស ជាថ្នូរក្នុងការដោះលែង។
ពលរដ្ឋទើបពីចេញពន្ធនាគារ នៅឃុំស្រយង់ ថ្លែងសុំមិនបញ្ចេញឈ្មោះ អះអាងប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៣ ខែមេសា ថា អាជ្ញាធរខេត្តព្រះវិហារបានបង្ខំពួកលោកឲ្យសារភាពទទួលស្គាល់កំហុស និងប្រគល់ដីឲ្យទៅក្រុមហ៊ុន ទើបអាជ្ញាធរដោះលែងពលរដ្ឋកំពុងជាប់ឃុំទាំងនោះ។ លោកបន្ថែមថា បន្ទាប់ពីប្រគល់ដីឲ្យក្រុមហ៊ុន ពលរដ្ឋទាំងនោះមិនមានដី និងផ្ទះស្នាក់នៅទៀតនោះទេ បច្ចុប្បន្នអ្នកខ្លះសុំបងប្អូន និងអ្នកជិតខាងស្នាក់នៅបណ្ដោះអាសន្នតែប៉ុណ្ណោះ។ លោកស្នើទៅរដ្ឋាភិបាលឲ្យជួយរកទីតាំងឬដីទំនេរចែកដល់ពួកគាត់បានរស់នៅចិញ្ចឹមជីវិត។
ពលរដ្ឋសុំមិនបញ្ចេញឈ្មោះ៖ «សុំឲ្យរដ្ឋាភិបាលជួយគិតគួរដល់ពួកខ្ញុំវាអត់មានអ្វីសោះវាបាតដៃទទេ ជួយគិតគូរឡើងវិញធ្វើយ៉ាងម៉េចឲ្យពួកខ្ញុំមានដីអាស្រ័យផល ទីជម្រកកក់ក្ដៅមានដីកម្មសិទ្ធិខ្លួនឯងសុំតែប៉ុណ្ណឹងអត់មានអ្វីលើសហ្នឹងទេ ពួកខ្ញុំអ្នកក្រអត់មានយកដីឯណាបានលក់បានដូរនោះទេ ពួកខ្ញុំសុំមានដីកម្មសិទ្ធិខ្លួនឯងដើម្បីរស់»។
ពលរដ្ឋដែលទើបចេញពីការរត់គេចក្នុងព្រៃ លោកស្រី ណៃ ធួន ឲ្យដឹងថា បន្ទាប់ពីអាជ្ញាធរដោះលែងពលរដ្ឋដែលជាប់ឃុំ ពលរដ្ឋរត់គេចនៅក្នុងព្រៃមួយចំនួនដែលបាត់បង់ផ្ទះសម្បែង និងដីស្រែចម្ការបាននាំគ្នាទៅប្រទេសថៃហើយ ដើម្បីរកការងារធ្វើបានប្រាក់ចិញ្ចឹមជីវិតបន្តទៀត ពីព្រោះពួកគេមិនមានផ្ទះសម្បែង និងដីស្រែចម្ការសម្រាប់អាស្រ័យផលទៀតនោះទេ។
លោកស្រី ណៃ ធួន៖ «គ្នាគ្មានផ្ទះសម្បែងគ្មានដីធ្លី បើសិនឲ្យគ្នានៅហ្នឹងទៀតគ្នាវាអត់មានអ្វីហូប អ៊ីចឹងគ្នាមានតែចាកចេញទៅស្រុកគេ ដើម្បីរកការងារធ្វើដើម្បីចិញ្ចឹមក្រុមគ្រួសារ បើស្ងាត់ឈឹងអត់មានដំណោះស្រាយអ្វី គ្នាគ្មានអ្វីទីពឹងមានតែចាកចេញពីស្រុកកំណើត ទៅស្រុកគេមួយរយៈពេល»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអភិបាលរងខេត្តព្រះវិហារ លោក ណុប វុទ្ធី ដើម្បីសុំការឆ្លើយតបជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៣ ខែមេសា។ តែទោះជាយ៉ាងណា កាលពីថ្ងៃទី១៧ ខែមេសា លោក ណុប វុទ្ធី ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីថា ពលរដ្ឋទាំង ២៨នាក់ ត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំ ពីព្រោះពួកគេទទួលស្គាល់កំហុស ដោយជឿតាមការអូសទាញរបស់មេខ្យល់ឱ្យពួកគេទៅចាប់យកដីរដ្ឋ។
កាលពីថ្ងៃទី៦ ខែមីនា សមត្ថកិច្ចចម្រុះខេត្តព្រះវិហារ ប្រដាប់ដោយអាវុធ បានចុះរុះរើ និងដុតផ្ទះ សម្បែង និងបង្ក្រាបប្រជាពលរដ្ឋ ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន សិលា ដាម៉ិច។ ក្រៅពីបង្ក្រាបនោះ សមត្ថកិច្ចក៏បានចាប់ឃុំខ្លួននិងចោទប្រកាន់ប្រជាពលរដ្ឋដែលតវ៉ាទាំងនោះ ពីបទហ៊ុមព័ទ្ធកាន់កាប់ដីព្រៃដោយខុសច្បាប់ ខណៈពលរដ្ឋមួយចំនួនទៀត នាំគ្នារត់ពួនក្នុងព្រៃ ដើម្បីគេចពីការតាមចាប់ខ្លួនរបស់អាជ្ញាធរ។
ទាក់ទិននឹងបញ្ហានេះ នាយកប្រតិបត្តិអង្គការពន្លកខ្មែរ លោក ប៉ឹក សោភ័ណ យល់ឃើញថា អាជ្ញាធរគួរសិក្សាអំពីជីវភាពរបស់ពលរដ្ឋទាំងអស់នោះ ប្រសិនបើពួកគេមិនមានដីសម្រាប់អាស្រ័យផលពិតប្រាកដមែន អាជ្ញាធរត្រូវតែរកដីសាធារណៈរបស់រដ្ឋ ដើម្បីផ្ដល់ជាដីសម្បទានសង្គមកិច្ចដល់ពួកគេវាជារឿងល្អប្រសើរ។
លោក ប៉ឹក សោភ័ណ៖ «ទន្ទឹមនឹងនេះ សូមអាជ្ញាធរខេត្តតាមដានសង្កេតពិនិត្យមើលអំពីស្ថានភាពជាក់លាក់ពួកគាត់ទាំងអស់នោះ ហើយផ្ដល់ជាលក្ខណៈដីសម្បទានសង្គមកិច្ចសមរម្យណាមួយដល់ពួកគាត់»។
ប្រជាពលរដ្ឋចំនួន២ឃុំ គឺឃុំស្រយង់ និងឃុំត្បែងពីរ ជាង៣០០គ្រួសារ មានវិវាទដីធ្លីជាមួយក្រុមហ៊ុន សិលា ដាម៉ិច ជាច្រើនឆ្នាំមកហើយ។ ប្រជាពលរដ្ឋនៅតំបន់នោះ បានស្នើឲ្យអាជ្ញាធរកាត់ឆ្វៀលដីរបស់ពួកគេទុកសម្រាប់អាស្រ័យផល ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ក៏ប៉ុន្តែអាជ្ញាធរនៅមិនព្រមដោះស្រាយឱ្យពួកគេនោះទេ រហូតដេញប្រជាពលរដ្ឋទាំងអស់នោះមិនឲ្យចូលទៅរស់នៅក្នុងតំបន់នោះថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។