ដោយ ច័ន្ទ ដារ៉ូ
2024.04.24
RFA

មន្ត្រីគណបក្សកម្លាំងជាតិគឺ លោក គា វិសាល ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៥ មីនា ២០២៤។ រូប៖ ហ្វេសប៊ុកលោក គា វិសាល
សាច់ញាតិអះអាងថា មន្ត្រីគណបក្សប្រឆាំងខេត្តកំពង់ចាមគឺ លោក គា វិសាល ធ្លាក់ខ្លួនឈឺធ្ងន់នៅក្នុងពន្ធនាគាររាជធានីភ្នំពេញ ឬប៉េហ្ស៊ី (PJ) បណ្តាលមកពីជំងឺបេះដូង។ គ្រួសារ និងមន្ត្រីសិទ្ធិមនុស្សស្នើដល់អាជ្ញាធរយកចិត្តទុកដាក់ថែទាំព្យាបាលជំងឺអ្នកជាប់ឃុំឱ្យដិតដល់ដើម្បីរួចផុតពីការរិះគន់នានាថា ការអនុវត្តច្បាប់ស្តង់ដារពីរ និងជាការរំលោភសិទ្ធិជនជាប់ឃុំ។
សាច់ញាតិលោក គា វិសាល ព្រួយបារម្ភពីសុខភាពរបស់មន្ត្រីគណបក្សកម្លាំងជាតិរូបនេះកំពុងធ្លាក់ខ្លួនឈឺក្នុងពន្ធនាគារអាចនឹងគ្រោះថ្នាក់ដល់អាយុជីវិត ប្រសិនបើមិនបញ្ជូនគាត់ទៅព្យាបាលនៅមន្ទីរពេទ្យខាងក្រៅពន្ធនាគារទាន់ពេល។
ជំទប់ទី២ នៃឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលត្រូវជាប្រពន្ធរបស់លោក គា វិសាល គឺអ្នកស្រី ញ៉ែ សុខឿន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៣ ខែមេសា ថា អ្នកស្រីអាណិតប្តីនៅក្នុងពន្ធនាគាររយៈពេលជាង ១ខែមកនេះ រាងកាយមានសភាពចុះខ្សោយ និងស្លេកស្លាំងអស់កម្លាំង បណ្តាលមកពីជំងឺបេះដូងធ្វើទុក្ខ ស្របពេលអាធាតុក្តៅ បរិយាកាសក្នុងពន្ធនាគារចង្អៀតណែនថែមទៀត។ អ្នកស្រីឱ្យដឹងថា ប្តីអ្នកស្រីឧស្សាហ៍ឈឺដើមទ្រូង ពិបាកដកដង្ហើម ឬថប់ទ្រូងនៅពេលដេកដោយប៉ុន្មានថ្ងៃមកនេះគាត់គាំងបេះដូងបាត់មាត់ តែដោយសារអ្នកជាប់ឃុំនៅក្នុងបន្ទប់ជាមួយគ្នាជួយរឹតទ្រូង និងលើកបញ្ឈរដងខ្លួនទាន់ពេលគាត់ក៏បានធូរស្រាលមកវិញ។
អ្នកស្រី ញ៉ែ សុខឿន៖ «ឥឡូវ មកដល់ពេលនេះយើងមិនដឹងថា ជួយគាត់យ៉ាងមិចទេ តើនៅពេលគាត់ជំងឺធ្វើទុក្ខទៀតអាចប៉ះពាល់អាយុជីវិតយ៉ាងមិចនៅថ្ងៃក្រោយ ថាគ្រួសារហ្នឹងទទួលយកបានទេ។ គ្រួសារណាមិនបារម្ភអ្នកជំងឺ សូម្បីតែយើងនៅខាងក្រៅនេះមានពេទ្យគ្រប់គ្រាន់ គឺម្នាក់ៗនៅតែគិតខ្លាចអ៊ីចេះអ៊ីចុះ ចុះទំរាំទៅទីនោះ។ ខ្ញុំសុំឱ្យខាងពន្ធនាគារជួយយកគាត់មកពិនិត្យសុខភាពទើបដឹងថា យ៉ាងមិច ពីព្រោះឥឡូវគាត់ធ្វើទុក្ខញឹកញាប់អ៊ីចឹងខ្ញុំបារម្ភខ្លាចប៉ះពាល់ដល់អាយុជីវិតគាត់»។
អ្នកស្រី ញ៉ែ សុខឿន ឱ្យដឹងទៀតថា លោក គា វិសាល ជួបបញ្ហាជំងឺបេះដូងជាច្រើនឆ្នាំមកហើយ ប៉ុន្តែក្រោយពេលគាត់ជាប់ឃុំមកនេះបានធ្វើឱ្យអាការៈជំងឺវិវឌ្ឍកាន់តែធ្ងន់ធ្ងរ។ អ្នកស្រីគ្រោងដាក់លិខិតទៅអគ្គនាយកដ្ឋានពន្ធនាគារស្នើជួយអន្តរាគមន៍បញ្ជូនប្តីទៅពិនិត្យព្យាបាលជំងឺបេះដូងនៅមន្ទីរពេទ្យខាងក្រៅពន្ធនាគារឆាប់ៗខាងមុខនេះ។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សវនា ប្រាប់វិទ្យុអាស៊ីសេរីថាគ្រូពេទ្យរបស់អង្គការសិទ្ធិមនុស្សលីកាដូបានចូលទៅពិនិត្យព្យាបាលជំងឺជនជាប់ឃុំនៅពន្ធនាគាររាជធានីភ្នំពេញរួចហើយនៅថ្ងៃទី២៣ ខែមេសា ដោយក្នុងនោះគ្រូពេទ្យក៏បានពិនិត្យព្យាបាលជំងឺលោក គា វិសាល ផងដែរ។
លោក នុត សវនា៖ «ពេទ្យពីអង្គការលីកាដូបានទៅជួយពិនិត្យព្យាបាលជំងឺជនជាប់ឃុំនៅពន្ធនាគាររាជធានីភ្នំពេញ អ៊ីចឹងលោក គា វិសាល ក៏មានការណាត់ជួបជាមួយពេទ្យលីកាដូដែរ អ៊ីចឹងពេទ្យគេពិនិត្យព្យាបាលជាក់ស្តែងនៅពន្ធនាគារហ្នឹងផ្ទាល់ហើយ»។
កន្លងមកសកម្មជន ប្រជាពលរដ្ឋ និងអង្គការផ្នែកសិទ្ធិមនុស្សមួយចំនួនធ្លាប់បានរិះគន់អាជ្ញាធរក្រុងភ្នំពេញជុំវិញការអនុវត្តស្តង់ដារពីរ ចំពោះអ្នកជាប់ឃុំដែលក្រីក្រ និងអ្នកមានលុយមានអំណាច។ អ្នកជាប់ឃុំក្រីក្រ និងអ្នកទោសមនសិការ មិនងាយទទួលបានការអនុញ្ញាតឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខាងក្រៅឡើយ ទោះជាពួកគេមានជំងឺធ្ងន់ធ្ងរ ឬក៏ស្នើសុំច្រើនដងបែបណាក្ដី។ ផ្ទុយទៅវិញ អ្នកជាប់ឃុំខ្លះដែលជាឧក្រិដ្ឋជន តែមានលុយ ឬមានអំណាច អាចទទួលបានការអនុញ្ញាតឱ្យសម្រាកព្យាបាលរយៈពេលវែងនៅមន្ទីរពេទ្យខាងក្រៅពន្ធនាគារ។
ជុំវិញរឿងនេះ មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត មានប្រសាសន៍ថាជនជាប់ឃុំបាត់បង់តែសេរីភាពដើរហើរ ចំណែកសិទ្ធិសេរីភាពផ្សេងទៀតដូចជា ការថែទាំព្យាបាលជំងឺពួកគេនៅមានដដែល។ លោកយល់ថាបើសិនប៉ុស្តិ៍សុខភាពនៅពន្ធនាគារពុំមានលទ្ធភាពព្យាបាលជំងឺបេះដូងនោះ អាជ្ញាធរពាក់ព័ន្ធគួរតែបញ្ជូនលោក គា វិសាល ទៅព្យាបាលជំងឺនៅខាងក្រៅពន្ធនាគារឱ្យបានឆាប់ ដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាព និងសិទ្ធិរបស់ជនជាប់ឃុំ។
លោក យី សុខសាន្ត៖ «ខ្ញុំស្នើទទូចដែរសូមឱ្យមន្ត្រីពន្ធនាគារ បើសិនជាអាជ្ញាធរជាអ្នកមើលថែ បើសិនអ្នកជាប់ឃុំមានបញ្ហាសុខភាព គួរផ្តល់មតិយោបល់ភ្លាមៗឱ្យអ្នកជាប់ឃុំមានលទ្ធភាពបានមកព្យាបាលនៅខាងក្រៅដើម្បីកុំមានការសម្លាប់នៅក្នុងពន្ធនាគារបាទ»។
អាជ្ញាធររដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បានចាប់ខ្លួនអនុប្រធានក្រុមការងារ បណ្ដោះអាសន្នរបស់គណបក្សកម្លាំងជាតិខេត្តកំពង់ចាម និងជាបេក្ខជនក្រុមប្រឹក្សាខេត្តលេខរៀងទី១ គឺលោក គា វិសាល នៅភូមិកោះប៉ែន ឃុំកោះមិត្ត ស្រុកកំពង់សៀម ហើយបានបញ្ជូនទៅឃុំខ្លួននៅរាជធានីភ្នំពេញកាលពីថ្ងៃទី១៥ ខែមីនា។ តុលាការក្រុងភ្នំពេញបានចោទប្រកាន់មន្ត្រីគណបក្សកម្លាំងជាតិរូបនេះពីបទ «ញុះញង់បង្កឱ្យមានការរើសអើង និងបរិហារកេរ្តិ៍ជាសាធារណៈ » តាមបណ្តឹងរបស់លោក ម៉ៃ ហុងស្រៀង ដែលជាសមាជិកគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែលោក គា វិសាល ច្រានចោលការប្រកាន់របស់តុលាការនោះថា ធ្វើឡើងមិនត្រឹមត្រូវ និងសម្រេចក្រោមហេតុផលនយោបាយ។
ប្រពន្ធលោក គា វិសាល ទទូចឱ្យតុលាការ និងពន្ធនាគារអនុវត្តច្បាប់ដោយគ្មានការរើសអើង និងស្មើភាពគ្នាចំពោះជនជាប់ឃុំទាំងឡាយដែលមានជំងឺធ្ងន់ធ្ងរពិតប្រាកដ។ អ្នកស្រីក៏ស្នើដល់តុលាការដោះលែងប្តីឱ្យមានសេរីភាពឡើងវិញ ពីព្រោះការឃុំប្តីអ្នកស្រីដែលគ្មានកំហុសឱ្យរងទុក្ខវេទនាបែកបាក់គ្រួសារគឺជាការដាក់ទណ្ឌកម្មផ្លូវចិត្តមួយដ៏ឈឺចាប់សម្រាប់អ្នកតស៊ូក្នុងបុព្វហេតុលទ្ធិប្រជាធិបតេយ្យ និងយុត្តិធម៌ក្នុងសង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។