២៩ មេសា ២០២៤
ទឹម រក្សា
វីអូអេខ្មែរ

ភ្នំពេញ — អង្គការលីកាដូ និងសង្គមស៊ីវិលបានអំពាវនាវឱ្យមានការដោះលែងជាបន្ទាន់ និងឥតលក្ខខណ្ឌលើលោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) ដែលត្រូវបានឃុំខ្លួនពីបទញុះញង់ចំពោះការនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយអំពីជម្លោះដីធ្លីនៅខេត្តព្រះវិហារ។
កាលពីថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២៤ លោក កើត សារ៉ាយ ត្រូវបានអាជ្ញាធរចម្រុះធ្វើការចាប់ខ្លួននៅទីស្នាក់ការសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ក្រោយការផ្សព្វផ្សាយ និងបញ្ចេញមតិអំពីវិវាទដីធ្លីដ៏រសើបនៅឃុំស្រយង់ និងឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ កាលពីថ្ងៃទី២១ ខែមីនា។
យោងតាមការបង្ហោះសារលើទំព័រហ្វេសប៊ុករបស់អង្គការលីកាដូថ្ងៃច័ន្ទនេះ លោក កើត សារ៉ាយ ត្រូវបានអាជ្ញាធរធ្វើការចាប់ឃុំខ្លួនជាបណ្តោះអាសន្នពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទ មិនរាងចាលបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម។ មុនពេលចាប់ខ្លួន លោកនៅក្នុងរយៈពេលព្យួរទោស នៅក្នុងករណីមុននៅឡើយ។
អង្គការលីកាដូលើកឡើងថា៖ «យើងទាំងអស់គ្នា សូមអំពាវនាវឱ្យមានការដោះលែងលោក កើត សារ៉ាយ ជាបន្ទាន់ និងឥតលក្ខខណ្ឌ ហើយសូមឱ្យទម្លាក់បទចោទប្រកាន់ទៅលើរូបលោកទាំងអស់ ។ សិទិ្ធសេរីភាពក្នុងការបញ្ចេញមតិ ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ហើយពលរដ្ឋទាំងអស់មានសិទិ្ធប្រើប្រាស់សេរីភាពទាំងនោះ ដោយគ្មានការគំរាមកំហែង និងភ័យខ្លាច»។
នាយកទទួលបន្ទុកកិច្ចការទូទៅអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា បច្ចុប្បន្នលោក កើត សារ៉ាយ កំពុងត្រូវបានដាក់ឱ្យស្ថិតក្នុងការឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស។ លោកបន្ថែមថា ការចាប់ខ្លួនលោក កើត សារ៉ាយ នៅពេលនេះ ធ្វើឡើងនៅពេលលោកនៅមានទោសតែត្រូវព្យួរ ពាក់ព័ន្ធនឹងការតវ៉ាទាមទារឱ្យមានការដោះលែងលោក រ៉ុង ឈុន អតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យដែលត្រូវបានចាប់ដាក់ពន្ធនាគារចំពោះការនិយាយរិះគន់ការបោះបង្គោលព្រំដែនកម្ពុជា វៀតណាមនៅខេត្តត្បូងឃ្មុំ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន ប្រាប់វីអូអេថា ការអំពាវនាវរបស់អង្គការលីកាដូមិនមែនជាមធ្យោបាយតាមផ្លូវច្បាប់ក្នុងនីតិវិធីរបស់តុលាការទេ ហេតុដូច្នេះលោកថា សេចក្តីអំពាវនាវនេះមិនមានឥទ្ធិពលផ្លូវច្បាប់មកលើតុលាការដែលជាស្ថាប័នឯករាជ្យនោះទេ ហើយក៏មិនអាចឱ្យលោក កើត សារ៉ាយ បានរួចផុតពីបទចោទនោះដែរ៕