កម្ពុជា
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ
25/05/2024 – 14:16
ដោយ៖ សាំ ឧត្តម
RFI
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Lloyd Austin នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានាថ្ងៃទី០៤ ខែមិថុនាឆ្នាំ២០២៤។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរបញ្ចកោណសហរដ្ឋអាមេរិក។ នេះជាលើកទី២ហើយដែលរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិករូបនេះធ្វើដំណើរមកកម្ពុជា ក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនងក្នុងភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងកម្ពុជា។
រដ្ឋមន្ត្រីការពារជាតិអាមេរិកនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានាដើមខែមិថុនា
មន្ទីរបញ្ចកោណសហរដ្ឋអាមេរិកបានឱ្យដឹងថា លោក Lloyd Austin រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកនឹងធ្វើដំណើរមកប្រទេសកម្ពុជានៅថ្ងៃទី០៤ មិថុនា ដើម្បីជួបជជែកពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់របស់កម្ពុជាមួយចំនួន ដូចគ្រាដែលលោកធ្លាប់បានជួបជជែកកាលពីកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី០៩ អំឡុងខែវិច្ឆិកា ឆ្នាំ២០២២។
ដំណើរទស្សនកិច្ចរបស់លោក Lloyd Austin ជាលើកទី២មកកម្ពុជានេះ ខាងមន្ទីរបញ្ចកោណសហរដ្ឋអាមេរិកមិនបានបញ្ជាក់ពីកម្មវត្ថុលម្អិតអ្វីឡើយ។ ប៉ុន្តែដំណើរទស្សនកិច្ចមកតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកលើកនេះ មន្ទីរបញ្ចកោណរៀបរាប់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា សហរដ្ឋអាមេរិកចង់បន្តពង្រឹងទំនាក់ទំនងល្អជាមួយសម្ព័ន្ធមិត្ត និងប្រទេសជាដៃគូ ដើម្បីរួមគ្នារក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។
ចំណែកអ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាលោក Wesley Holzer បានបញ្ជាក់មកវិទ្យុបារាំងអន្តរជាតិRFIនៅរសៀលថ្ងៃទី២៥ ឧសភានេះថា ដំណើរទស្សនកិច្ចជាផ្លូវការរបស់រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក គឺដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខ និងការពារជាតិជាមួយមេដឹកនាំថ្មីរបស់កម្ពុជា។
តាមអ្នកនាំពាក្យស្ថានទូតអាមេរិក វត្តមានរបស់លោករដ្ឋមន្ត្រី Lloyd Austinនៅកម្ពុជានាដើមខែមិថុនាខាងមុខ គឺជាដំណើរការទស្សនកិច្ចផ្លូវការលើកទី១។ ប៉ុន្តែបើនិយាយក្នុងក្របខណ្ឌប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានកាលពីខែវិច្ឆិកា ឆ្នាំ២០២២ នេះគឺជាលើកទី២។
តែយ៉ាងណា លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាយល់ថា ដំណើរការទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកជារឿងធម្មតា។ ប៉ុន្តែបើនិយាយអំពីភូមិសាស្ត្រនយោបាយវិញ លោកបណ្ឌិតគិន ភា អះអាងថា សហរដ្ឋអាមេរិកទំនងជាព្រួយបារម្ភទៅនឹងឥទ្ធិពលរបស់ចិនមកលើកម្ពុជា។ ហើយដំណើរការទស្សនកិច្ចខាងមុខនេះ អាមេរិកចង់ធ្វើឱ្យមានតុល្យភាពរវាងឥទ្ធិពលនៃប្រទេសមហាអំណាចទាំងពីរ។ នេះបើតាមលោកបណ្ឌិត គិត ភា។
បើតាមអ្នកជំនាញកិច្ចការបរទេសរូបនេះ សហរដ្ឋអាមេរិកមិនគួរមកដាក់សម្ពាធណាមួយចំពោះកម្ពុជាបន្ថែមឡើយ។ ផ្ទុយមកវិញ សហរដ្ឋអាមេរិកគួរគប្បីជំរុញការវិនិយោគ បង្កើនជំនួយអភិវឌ្ឍន៍ ជំរុញការផ្លាស់ប្តូរប្រជាជននិងប្រជាជន រួមនឹងរឹតចំណងការទូតនៃប្រទេសទាំងពីរកាន់តែល្អប្រសើរជាជាងមកស្តីបន្ទោសកម្ពុជា។

គួរកត់សំគាល់ថា ដំណើរទស្សនកិច្ចរបស់ប្រមុខការពារជាតិអាមេរិកមកកម្ពុជាលើកនេះ គឺបន្ទាប់ពីកម្ពុជានិងចិនបានធ្វើសមយុទ្ធយោធារួមគ្នាពីថ្ងៃទី១៦ ដល់ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៤ក្រោមឈ្មោះថា ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌»។ សមយុទ្ធនៅលើដីគោកនេះ គឺធ្វើឡើងនៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ហើយសមយុទ្ធនៅលើផ្ទៃសមុទ្រ និងលើអាកាសនឹងត្រូវធ្វើឡើងនៅក្នុងខេត្តព្រះសីហនុ ជាទីដែលអាមេរិកចោទប្រកាន់ពីវត្តមានយោធាជើងទឹកចិននៅសមុទ្ររាម។
សូមជម្រាបថា នៅសប្តាហ៍ក្រោយនេះលោក Lloyd Austin នឹងចាប់ផ្តើមធ្វើដំណើរមកកាន់ប្រទេសសឹង្ហបុរី ដោយលោកត្រូវចូលរួមកម្មវិធីកិច្ចពិភាក្សា Shangrila Dialogue ជាមួយសមភាគីអាស៊ាន ចិន ជប៉ុន និងកូរ៉េ។ បន្ទាប់មកលោកនឹងត្រូវធ្វើដំណើរមកប្រទេសកម្ពុជា ហើយចុងក្រោយគឺប្រទេសបារាំង៕