អាមេរិក​ថា មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​សមគំនិត​ក្នុង​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស

ដោយ មាន ឫទ្ធិ
2024.06.26
RFA


ក្រសួង​ការបរទេស​អាមេរិក បន្ត​ដាក់​​ចំណាត់​ថ្នាក់​កម្ពុជា​ទាប​បំផុត (Tier 3) ក្នុង​ការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស។ នេះ​គឺ​ដោយសារ​តែ​រដ្ឋាភិបាល​កម្ពុជា នៅ​តែ​បរាជ័យ​មិន​បាន​បំពេញ​ឱ្យ​បាន​ពេញលេញ​តាម​ស្តង់ដារ​អប្បបរមា​ក្នុង​ការ​លុប​បំបាត់​ចោល​ ឬ​​កែ​លម្អ​ជា​ដុំកំភួន​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស។

របាយការណ៍ ស្តី​ពី​ការ​ជួញដូរ​មនុស្ស​នៅ​លើ​ពិភពលោក​ប្រចាំ​ឆ្នាំ​២០២៤​ របស់​ក្រសួង​ការបរទេស​អាមេរិក ផ្សាយ​កាលពី​ថ្ងៃទី២៤ ខែ​មិថុនា រក​ឃើញ​ថា អំពើ​ពុករលួយ និង​ការ​សម​គំនិត​ពី​សំណាក់​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ក្នុង​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស នៅ​តែ​រីក​រាល​ដាល​ខ្លាំង។ នេះ​ក៏​រាប់​បញ្ចូល​ទាំង​ការ​កេងប្រវ័ញ្ច​លើ​ជនរងគ្រោះ​រាប់​ម៉ឺន​នាក់​ក្នុង​ឧក្រិដ្ឋកម្ម​បង្ខាំង​មនុស្ស​ឱ្យ​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា​ផង​ដែរ។

របាយការណ៍​រៀបរាប់​ថា មន្ត្រី​កម្ពុជា​នៅ​តែ​​ព្យាយាម​បដិសេធ​ជា​សាធារណៈ​ពី​កម្រិត​ប្រេវ៉ាឡង់ និង​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​អនឡាញ។ ក្រសួង​ការបរទេស​អាមេរិក លាតត្រដាង​ថា មន្ត្រី​ជាន់ខ្ពស់ និង​ទីប្រឹក្សា​មួយ​ចំនួន​នៃ​រដ្ឋាភិបាល​កម្ពុជា គឺ​ជា​ម្ចាស់​កម្មសិទ្ធិ​ដោយ​ផ្ទាល់ ឬ​តាមរយៈ​អាជីវកម្ម លើ​អចលនទ្រព្យ និង​ទីតាំង​ដែល​ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​សម្រាប់​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​អនឡាញ​ដើម្បី​កេងប្រវ័ញ្ច​លើ​ជន​រងគ្រោះ តាមរយៈ​ការជួញ​ដូរ​កម្លាំង​ពលកម្ម។ ជា​ថ្នូរ​មក​វិញ មន្ត្រី​រដ្ឋាភិបាល​ទាំងនោះ ទទួល​បាន​អត្ថប្រយោជន៍​ផ្នែក​ហិរញ្ញវត្ថុ​ដោយ​ផ្ទាល់​ពី​ឧក្រិដ្ឋកម្ម​ទាំងនេះ។ ក្រសួង​ការបរទេស​អាមេរិក គូសបញ្ជាក់​ថា ការ​សម​គំនិត​ពី​សំណាក់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ទាំងនេះ បាន​រារាំង​មិន​ឱ្យ​មាន​ការ​អនុវត្ត​ច្បាប់​ប្រកប​ដោយ​ប្រសិទ្ធភាព​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស។

វិទ្យុអាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង ដើម្បី​សុំ​ប្រតិកម្ម​ជុំវិញ​ការ​រក​ឃើញ​របស់​ក្រសួងការបរទេស​អាមេរិក​នេះ បាន​នៅឡើយ​ទេ​គិត​ត្រឹម​យប់​ថ្ងៃទី២៤ ខែ​មិថុនា។

វិទ្យាស្ថាន​សហរដ្ឋ​អាមេរិក​ដើម្បី​សន្តិភាព (USIP) ប៉ាន់ស្មាន​ថា កម្ពុជា​តែ​ឯង​លួច​លុយ​ពី​ពិភពលោក​យ៉ាង​ហោច​ណាស់​ជាង ១២ពាន់​៥រយ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ​តាមរយៈ​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ។

កាលពី​ខែសីហា ឆ្នាំ២០២៣ អង្គការ​សហប្រជាជាតិ រក​ឃើញ​ថា យ៉ាងហោចណាស់​មាន​មនុស្ស ១សែននាក់​បាន​ក្លាយ​ជា​ជនរងគ្រោះ​ដោយសារ​តែ​ការ​បង្ខំ​ឱ្យ​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles