កម្ពុជា
កម្ពុជា-សង្គម
27/06/2024 – 11:34
ដោយ៖ សាំ ឧត្តម
RFI
អង្គការអន្តរជាតិចំនួន២ស្ថាប័ន បានចេញមុខថ្កោលទោសនឹងក្រុមសហជីពដែលមានទំនោររដ្ឋាភិបាលចំពោះសកម្មភាពលាបពណ៍លើអង្គការសង់ត្រាល់ជុំវិញការចេញផ្សាយរបាយណ៍ស្តីពីស្ថានភាពសហជីពនៅកម្ពុជា។ ការចេញមុខថ្កោលទោសយ៉ាងដូចនេះធ្វើឡើង ក្រោយអង្គការអន្តរជាតិទាំង ២យល់ថា សកម្មភាពរបស់ក្រុមសហជីពដែលមានទំនោររដ្ឋាភិបាលបង្កបរិយាកាសគៀបសង្កត់លើសហជីពឯករាជ្យនៅកម្ពុជាពាក់ព័ន្ធនឹងការចងក្រងឯកសារ ឬរាយការណ៍ពីបញ្ហាសិទ្ធិមនុស្ស។
អង្គការអន្តរជាតិចំនួន២ ថ្កោលទោសក្រុមសហជីពដែលប្រឆាំងនឹងរបាយការណ៍របស់សង់ត្រាល់
ក្រោយអង្គការអន្តរជាតិធំៗចេញមុខការពារភាពស្អាតស្អំលើរបាយការណ៍របស់អង្គការសង់ត្រាល់ សម្ព័ន្ធភាពសកលនៃអង្គការសង្គមស៊ីវិល (CIVICUS) និងវេទិកាអាស៊ីសម្រាប់សិទ្ធិមនុស្ស និងការអភិវឌ្ឍន៍ (FURUM-ASIA) បានចេញសេចក្តីថ្លែងការណ៍រួមគ្នានៅថ្ងៃទី២៧ មិថុនានេះដោយអំពាវនាវឱ្យសហគមន៍អន្តរជាតិគាំទ្ររបាយការណ៍របស់សង់ត្រាល់ក៏ដូចជាសកម្មភាពរបស់អង្គការសង្គមស៊ីវិល និងសកម្មជនផ្សេងទៀតដែលប្រឈមនឹងការយាយី ឬគៀបសង្កត់។ សម្រាប់អង្គការ CIVICUS និង FURUM-ASIA ការដែលក្រុមសហជីពមានទំនោររករដ្ឋាភិបាលចេញមុខវាយប្រហារពេលថ្មីៗនេះបង្ហាញឱ្យឃើញកាន់តែច្បាស់ពីបរិយាកាសគៀបសង្កត់លើអង្គការសង្គមស៊ីវិល សហជីពឯករាជ្យ និងសកម្មជនការពារសិទ្ធិមនុស្ស និងបរិស្ថាន។
ក្នុងសេចក្តីថ្លែងការណ៍ដដែល អង្គការអន្តរជាតិទាំងពីរចាត់ទុកសកម្មភាពច្រងក្រងឯកសារស្តីពីសិទ្ធិមនុស្ស និងសិទ្ធិការងាររបស់អង្គការសង់ត្រាល់កន្លងមកថាជាផ្នែកមួយជួយជំរុញឱ្យរដ្ឋាភិបាល និងក្រុមហ៊ុនឧស្សាហកម្មធំៗដែលកំពុងធ្វើប្រតិបត្តិការក្នុងប្រទេសកម្ពុជាធានាឲ្យបាននូវការគោរពច្បាប់ស្របតាមស្តង់ដារអន្តរជាតិ និងការពារសិទ្ធិកម្មករខ្មែរ។
គួរកត់សម្គាល់ដែរថា ក្រោយមានការលូកដៃពីក្រុមអង្គការសង្គមស៊ីវិល និងសហជីពធំៗក្នុងលោក ក្រុមសហជីពដែលមានទំនោររដ្ឋាភិបាលហាក់ស្ងប់ស្ងាត់បន្តិចទៅវិញ។ តែពួកគេនៅតែចាត់ទុករបាយការណ៍របស់អង្គការសង់ត្រាល់មានចរិតលក្ខណៈនយោបាយ និងញុះញង់ក្រោមរូបភាពចង់បំបែកឆ្នាំងបាយរបស់កម្មកររោងចក្រកាត់ដេរ។
ចំណែកប្រធានសហព័ន្ធសហជីពដើម្បីកម្មករកម្ពុជាលោក ហ៊ុន សម្បត្តិ រិះគន់អង្គការសង់ត្រាល់ថាបានធ្វើឱ្យខូចមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិតាមរយៈការចេញរបាយការណ៍ស្រមោល ពិសេសនាំឱ្យម្ចាស់ជំនួយ អ្នកបញ្ជាទិញ និងម្ចាស់ម៉ាកយីយោដកឥវ៉ាន់ឈប់ឱ្យកម្មករធ្វើ។

ទោះយ៉ាងណា នៅថ្ងៃទី២៦ មិថុនា អង្គការសង់ត្រាល់បានចេញសេចក្តីថ្លែងការណ៍មួយដើម្បីបំភ្លឺរបាយការណ៍របស់ខ្លួន។ អង្គការសង់ត្រាល់បានបំភ្លឺថា របាយការណ៍ដែលខ្លួនបានចេញផ្សាយស្តីពីឧបសគ្គរារាំងភាពជាតំណាងសេរីភាពសហជីពនៅកម្ពុជាពុំមានចេតនាវាយប្រហារលើភាគី ស្ថាប័ន ឬធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់កម្ពុជាឡើយ និងថា របាយការណ៍របស់ខ្លួនមានគោលដៅលើកកម្ពស់លក្ខខណ្ឌការងារ និងអនុវត្តសិទិ្ធរបស់កម្មករនិយោជិត ពិសេសធ្វើឱ្យដំណើរការវិស័យមួយនេះកាន់តែល្អប្រសើរ។
នៅទន្ទឹមគ្នានេះ សង់ត្រាល់ក៏ទទួលស្គាល់ពីភាពខ្វះចន្លោះនៃរបាយការណ៍របស់ខ្លួនដែរ។ ខ្វះចន្លោះដោយហេតុថាវិធីសាស្ត្រប្រមូលព័ត៌មានមានវិសាលភាពតូច និងពុំទាន់ជាតំណាងឱ្យកម្មករនិយោជិតកាត់ដេរទាំងអស់នៅកម្ពុជា៕