កម្ពុជា​ចង់​ទាក់ទាញ​អ្នក​វិនិយោគ​ទុន​អាមេរិក​ឱ្យ​ចូល​មក​រកស៊ី​កាន់​តែ​ច្រើន

ដោយ ប្រាជ្ញ ចេវ
2024.06.27
RFA

កម្ពុជា​ចង់​ទាក់ទាញ​អ្នក​វិនិយោគ​ទុន​អាមេរិក​ឱ្យ​ចូល​មក​រកស៊ី​កាន់​តែ​ច្រើន

ជំនួបរវាងមន្ត្រីក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជ​ដឹកនាំដោយលោក ស៊ុន ចាន់ថុល ជា​មួយ​ភារធារី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ លោក ​អាន់ឌ្រូ ហឺរ៉ុប (Andrew Herrup) កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុកលោក ស៊ុន ចាន់ថុល


ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) ​បាន​បង្ហាញ​បំណង​ទាក់ទាញ​អ្នក​វិនិយោគ​ពី​សហរដ្ឋ​អាមេរិក ​ឱ្យ​ចូល​មក​រកស៊ី​នៅ​កម្ពុជា​បាន​កាន់​តែ​ច្រើន ​ខណៈ​ដែល​សេដ្ឋកិច្ច​កម្ពុជា ​កំពុង​ទន់ខ្សោយ។

ក៏​ប៉ុន្តែ​អ្នក​វិភាគ​សង្គម​យល់​ថា​ ក្នុង​គោល​នយោបាយ​ដឹកនាំ​ដូច​បច្ចុប្បន្ន​នេះ​ កម្ពុជា​នឹង​មិន​អាច​ទាក់ទាញ​អ្នក​វិនិយោគ​ពី​សហរដ្ឋ​អាមេរិក​និង​បណ្ដា​ប្រទេស​សេរី​ផ្សេង​ទៀត​បាន​ឡើយ។

ឧបនាយករដ្ឋមន្ត្រី​និង​ជា​អនុ​ប្រធាន​ទី​១ ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​លោក ស៊ុន ចាន់ថុល បាន​បង្ហាញ​ឱ្យ​ឃើញ​ថា កម្ពុជា​កំពុង​ត្រូវការ​អ្នក​វិនិយោគ​អាមេរិក​ ឱ្យ​ចូល​មក​រកស៊ី​កាន់​តែ​ច្រើន​ថែម​ទៀត។

លោក ស៊ុន ចាន់ថុល បាន​ថ្លែង​ក្នុង​ជំនួប​ជា​មួយ​ភារធារី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ លោក ​អាន់ឌ្រូ ហឺរ៉ុប (Andrew Herrup) កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា ថា ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​ចង់​ធ្វើការ​រួម​គ្នា ​ជាមួយ​ស្ថានទូត​អាមេរិក​ ដើម្បី​ពិនិត្យ​លទ្ធ​ភាព​និង​សម្របសម្រួល​ ក្នុង​ការ​រៀបចំ​ជា​វេទិកា​ធុរកិច្ច និង​ការ​គោះ​ទ្វារ​រក​អ្នក​វិនិយោគ​ពី​តាម​ក្រុមហ៊ុន​អាមេរិក​ ជា​មួយ​និង​ការ​លើក​ទឹកចិត្ត​ឱ្យ​ចូល​មក​រកស៊ី​នៅ​កម្ពុជា។

ការ​ចង់​ទាក់ទាញ​អ្នក​វិនិយោគ​សហរដ្ឋ​អាមេរិក​នេះ​ បន្ទាប់​ពី​គណប្រតិភូ​ចម្រុះ​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បាន​បញ្ចប់​បេសកកម្ម​គោះ​ទ្វារ​រក​អ្នក​វិនិយោគ​នៅ​សហភាព​អឺរ៉ុប ចាប់​ពី​ថ្ងៃ​ទី៩ ដល់ ១៨ ខែ​មិថុនា​រួច​មក។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​ពន្យល់​បន្ថែម​ជុំវិញ​រឿង​នេះ​ពី​អនុ​ប្រធាន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​លោក ស៊ុន ចាន់ថុល និង​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ ​លោក ​មាស សុខសេនសាន បាន​នៅ​ឡើយ​ នៅ​ថ្ងៃ​ទី២៦ ខែ​មិថុនា។

ក៏​ប៉ុន្តែ​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ធ្លាប់​បាន​ថ្លែង​នៅ​ក្នុង​ជំនួប​ជាមួយ​អនុ​ប្រធាន​ជាន់ខ្ពស់ និង​ជា​នាយក​គ្រប់គ្រង​នៃ​ក្រុម​ប្រឹក្សា​ធុរកិច្ច​អាមេរិក-អាស៊ាន ប្រចាំ​តំបន់​ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ ថា ​រដ្ឋាភិបាល​កម្ពុជា​គាំទ្រ​ការ​វិនិយោគ​ពី​អាមេរិក ​ព្រមទាំង​ធានា​នូវ​សន្តិភាព ​ស្ថិរភាព​នយោបាយ ​និង​សណ្ដាប់ធ្នាប់​សង្គម​ ជា​ពិសេស​គោល​នយោបាយ​លើក​ទឹកចិត្ត​ដល់​អ្នក​វិនិយោគ​ផង។

បើទោះបីជា​រដ្ឋាភិបាល​កម្ពុជា​អះអាង​យ៉ាង​នេះ​ក្តី ​ក៏​អ្នក​សិក្សា​សង្គម និង​សេដ្ឋកិច្ច យល់​ថា​ ក្នុង​ស្ថានភាព​នយោបាយ​ដូច​បច្ចុប្បន្ន​ កម្ពុជា​មិន​អាច​ទាក់ទាញ​អ្នក​វិនិយោគ​ពី​សហរដ្ឋ​អាមេរិក ​ឱ្យ​ចូល​មក​រកស៊ី​បាន​ទេ។

us.jpg
ឧបនាយករដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល (ស្ដាំ) ជួប​ភារធារី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ លោក ​អាន់ឌ្រូ ហឺរ៉ុប (Andrew Herrup) កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០២៤។ រូប៖ ហ្វេសប៊ុកលោក ស៊ុន ចាន់ថុល

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការ​សិក្សា​ស្រាវជ្រាវ ​លោក សេក សុជាតិ ​មាន​ប្រសាសន៍​ថា ការ​ដែល​កម្ពុជា​ចង់​ទាក់ទាញ​អ្នក​វិនិយោគ​ពី​សហរដ្ឋ​អាមេរិក​គឺ​ជា​ឆន្ទៈ​ល្អ។ ​ក៏​ប៉ុន្តែ​កម្ពុជា​ត្រូវ​កែ​សម្រួល​បញ្ហា​ជា​ច្រើន​ដូច​ជា​ការ​បើក​លំហូរ​លទ្ធិ​ប្រជាធិបតេយ្យ​ឱ្យ​ទូលាយ​ឡើង​វិញ ​ការ​គោរព​សិទ្ធិមនុស្ស ​បំបាត់​អំពើ​ពុក​រលួយ និង​បញ្ហា​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ ​ដែល​អាមេរិក​កំពុង​សង្ស័យ​រឿង​កំពង់​ផែ​នៅ​សមុទ្រ​រាម​ជា​មុន​សិន។

លោក សេក សុជាតិ៖ «ប្រសិន​បើ​កម្ពុជា​មិន​ទាន់​មាន​ឥរិយាបថ​ណា​មួយ​បង្ហាញ​ឱ្យ​សហរដ្ឋ​អាមេរិក​ឃើញ​ពី​ភាព​ស្មោះត្រង់ ​ហើយ​និង​ភាព​ឯករាជ្យ ឬ​ក៏​ភាព​ប្ដេជ្ញាចិត្ត​​របស់​ខ្លួន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​ប្រទេស​ទេ​ គឺ​ពិបាក​ទាក់ទាញ​អ្នក​​វិនិយោគ​​អាមេរិក​មែនទែន​។ ​បើសិនជា​យើង​ពិនិត្យ​មើល​អំពី​ការ​ទាក់ទាញ​​អ្នក​វិនិយោគ​​បរទេស ជា​ពិសេស​គឺ​អាមេរិក ​បើ​ប្រៀបធៀប​ជាមួយ​ក្រុមហ៊ុន​ចិន​​វិញ ​គឺ​ខុស​គ្នា​។ អ្នក​វិនិយោគ​អាមេរិក ​គេ​គោរព​តាម​ស្តង់ដារ​ ហើយ​គេ​មិន​អាច​ចូល​រួម​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជាមួយ​ភាគី​ណា​មួយ​ទេ ​ពីព្រោះ​គេ​យក​គោលការណ៍​ច្បាប់​ជា​ធំ។ ចំណែក​​អ្នក​វិនិយោគ​ចិន ​គឺ​គេ​គោរព​ទៅ​លើ​ច្បាប់​របស់​ប្រទេស​នីមួយៗ​ ប៉ុន្តែ​គេ​អាច​ឆ្លៀត​ប្រមូល​យក​ផល​ប្រយោជន៍​ទៅ​តាម​លទ្ធភាព​ ដែល​អាច​ធ្វើ​បាន»។

ចំណែក​អ្នក​វិភាគ​បញ្ហា​សង្គម ​លោក​បណ្ឌិត មាស នី​ ក៏​យល់​ឃើញ​ប្រហាក់​ប្រហែល​គ្នា​ដែរ​ថា​ អ្នក​វិនិយោគ​មក​ពី​បស្ចិម​ប្រទេស​ ដូច​ជា​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ ភាគ​ច្រើន​តែង​ភ្ជាប់​ល័ក្ខខ័ណ្ឌ​ទៅ​និង​ការ​គោរព​សិទ្ធិមនុស្ស ​​លទ្ធិ​ប្រជាធិបតេយ្យ។

លោក​ថា​ អំពើ​ពុករលួយ​គឺ​ជា​សត្រូវ​ធំ​បំផុត​របស់​បស្ចិម​ប្រទេស ​ដូច្នេះ​បើ​រដ្ឋាភិបាល​កម្ពុជា​ប្ដេជ្ញា​ចិត្ត​ពិត​ប្រាកដ​ក្នុង​ការ​បំបាត់​បញ្ហា​ទាំង​នេះ​ទើប​អាច​ទាក់ទាញ​អ្នក​វិនិយោគ​​ពី​អាមេរិក​និង​អឺរ៉ុប​បាន។

លោក​បណ្ឌិត មាស នី៖ «អ្នក​វិនិយោគ​មក​ពី​បស្ចិម​ប្រទេស ​ភាគ​ច្រើន​គឺ​គេ​ប្រកាន់​ខ្ជាប់​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស ​ហើយ​និង​លទ្ធិប្រជាធិបតេយ្យ​។ ដូច្នេះ​កម្ពុជា​នៅ​តែ​ជា​ឆ្អឹង​ទទឹង​ក ​ដែល​សហរដ្ឋអាមេរិក​តែង​ព្រួយ​បារម្ភ។ ប្រសិន​បើ​កម្ពុជា​មាន​ការ​ពិចារណា​លើ​បញ្ហា​ទាំង​នេះ ​ហើយ​មាន​ការ​កែ​តម្រូវ​បញ្ហា​ទាំង​អស់​នេះ​ថែម​ទៀត ទើប​​អាច​ស្រូប​យក​អ្នក​វិនិយោគទុន​ធំ​ៗ ​ពី​ប្រទេស​មហា​អំណាច​សេរី​ទាំង​នោះ​​​បាន»។

កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ កន្លង​ទៅ​ មាន​ក្រុមហ៊ុន​ធំ​ៗ​ របស់​អាមេរិក​ចំនួន​​១៧ ដែល​មាន​អាជីវកម្ម​ក្នុង​វិស័យ​បច្ចេកវិទ្យា​ទំនើប ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ​ទេសចរណ៍​ ហិរញ្ញវត្ថុ ​និង​ថាមពល​ជា​ដើម​ បាន​មក​ទស្សនកិច្ច​ហើយ​បង្ហាញ​ការ​ចាប់​អារម្មណ៍​ចង់​មក​វិនិយោគ​នៅ​កម្ពុជា។ ក៏​ប៉ុន្តែ​ក្រុមហ៊ុន​ទាំង​នោះ​ ត្រូវការ​ស្វែងយល់​បន្ថែម​អំពី​គោល​នយោបាយ​ របស់​រដ្ឋាភិបាល​កម្ពុជា​លើ​ការ​វិនិយោគ។

អ្នក​សិក្សា​កិច្ចការ​សង្គម និង​នយោបាយ ​លោក ប៉ោ មករា មាន​ប្រសាសន៍​ថា របាយ​ការណ៍​ របស់​អ្នក​ជំនាញ​អន្តរជាតិ​ជា​ច្រើន​កន្លង​មក​ បាន​ផ្ដល់​ចំណាត់​ថ្នាក់​ឱ្យ​កម្ពុជា​ទាប​ ទៅ​លើ​បញ្ហា​គោរព​នីតិរដ្ឋ និង​ការ​លុប​បំបាត់​អំពើ​ពុករលួយ។

លោក​ថា ​បើ​កម្ពុជា​មិន​ប្រញាប់​ស្ដារ និង​ដោះស្រាយ​បញ្ហា​ទាំង​នេះ​ ជា​បន្ទាន់​ទេ ​គឺ​មិន​អាច​ផ្ដល់​សេចក្តី​ទុកចិត្ត ​ឱ្យ​អ្នក​វិនិយោគ​ អាមេរិក​មក​រកស៊ី​បាន​ឡើយ។

លោក ប៉ោ មករា៖ «ស្ថានភាព​កម្ពុជា​បច្ចុប្បន្ន​មាន​ការ​រឹតត្បិត​នយោបាយ​ពាក់ព័ន្ធ​ទៅ​និង​ការ​សំដែង​មតិ ​សិទ្ធិ​សារព័ត៌មាន​ សកម្មជន​បរិស្ថាន ​សកម្មជន​គណបក្ស​នយោបាយ​និង​​កិច្ច​ការងារ​មួយ​ចំនួន​ដែល​មាន​ប្រជាពលរដ្ឋ​ចូលរួម ​ឬ​ក៏​អ្នក​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​និង​សិទ្ធិមនុស្ស​ជាដើម​គឺ​រឹតត្បិត។ ដូច្នេះ​ស្ថានភាព​បែប​នេះ ​ធ្វើ​ឱ្យ​បណ្ដា​ប្រទេស​សេរី​មួយ​ចំនួន ​ជា​ពិសេស​សហរដ្ឋ​អាមេរិក ​អត់​ចូល​មក​វិនិយោគ​ទុន​ទេ ​ពីព្រោះ​បណ្ដា​ប្រទេស​ទាំង​អស់​នោះ ​មាន​ល័ក្ខខ័ណ្ឌ​ ការ​គោរព​សិទ្ធិមនុស្ស​ជា​ចាំ​បាច់»។

បច្ចុប្បន្ន​នេះ​កម្ពុជា​អាច​ទាក់ទាញ​អ្នក​វិនិយោគ​ទុន​មក​ពី​ប្រទេស​សេរី​ឱ្យ​ចូល​មក​រក​ស៊ី​ នៅ​កម្ពុជា​បាន​តិចតួច ​បើ​ធៀប​ទៅ​និង​អ្នក​វិនិយោគ​មក​ពី​ប្រទេស​ចិន។

ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​មិថុនា ឱ្យ​ដឹង​ថា តួលេខ​នៃ​អ្នក​មក​វិនិយោគ​នៅ​កម្ពុជា ​ក្នុង​ខែ​ឧសភា ឆ្នាំ​២០២៤​ ក្រៅ​តែ​ពី​ចិន​នាំ​មុខ​ជិត​៥០ ​(៤៩,​៦៧)​ ភាគ​រយ​​នោះ ​ការ​វិនិយោគ​មក​ពី​សហរដ្ឋអាមេរិក (United State of America) មាន​ជិត​១ ​(០,៦៣) ភាគ​រយ​​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles