កម្ពុជា
28/06/2024 – 13:23
ដោយ៖ ញឹម សុផល
RFI
សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជាដែលមាននិន្នាការស្របនឹងរដ្ឋាភិបាលបានដាក់ពាក្យបណ្តឹងទៅតុលាការក្រុងភ្នំពេញកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីប្តឹងលោក ឃុន ថារ៉ូ មន្ត្រីអង្គការសង់ត្រាល់ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឲ្យមានការរើសអើង។ ជាបណ្តឹងក្រោយលោក ឃុន ថារ៉ូ ធ្វើអត្ថាធិប្បាយជាមួយវិទ្យុអាស៊ីសេរីកាលពីពេលថ្មីៗនេះ។ ស្របពេលជាមួយគ្នា អង្គការសង្គមស៊ីវិលចំនួនជាង៤០ បានចេញសេចក្តីថ្លែងការណ៍រួមដោយស្នើឲ្យបញ្ឈប់ធ្វើទុក្ខបុកម្នេញទៅលើអង្គការសង់ត្រាល់។
សហជីពមាននិន្នាការរដ្ឋាភិបាលប្តឹងមន្ត្រីអង្គការសង់ត្រាល់លោក ឃុន ថារ៉ូ ទារ ១០០លានរៀល
បណ្ដឹងរបស់សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា (CCWPUC) ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានយោងទៅលើលោក ឃុន ថារ៉ូ ប្រធានគ្រប់គ្រងកម្មវិធីការងារអង្គការសង់ត្រាល់ដែលបានផ្តល់កិច្ចសម្ភាសដល់វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។ ជាកិច្ចសម្ភាសដែល CCWPUC លើកឡើងថា លោក ឃុន ថារ៉ូ បានប្រើពាក្យ «យកសហជីពក្លែងក្លាយឲ្យវាយប្រហារសហជីពឯករាជ្យ និងការប្រើប្រាស់យុវជន ឬសង្គមស៊ីវិលក្លែងក្លាយឲ្យវាយប្រហារយុវជន និងសង្គមស៊ីវិលឯករាជ្យ»។
លោក ឃុន ថារ៉ូ មិនមានការឆ្លើយតបយ៉ាងណានៅឡើយទេ តែលោក អំ សំអាត នាយកប្រតិបត្តិអង្គការការពារសិទ្ធិមនុស្សលីកាដូយល់ឃើញថានៅក្នុងរឿងវិវាទរវាងសហជីពនេះ គេគួរតែជួបជជែកគ្នាដោយផ្ទាល់ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី និងចៀសវាងការប្តឹងផ្តល់គ្នាដែលជារូបភាពមិនល្អ។ លោក អំ សំអាត មើលឃើញថា អ្វីដែលលោក ឃុន ថារ៉ូ ថ្លែងជាមួយវិទ្យុអាស៊ីសេរីមិនមែនជាសំដីផ្ទាល់របស់លោក ឃុន ថារ៉ូ ទេ។
ទោះយ៉ាងណា នៅក្នុងពាក្យបណ្ដឹងរបស់ខ្លួន សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជាបានសម្តែងនូវការមិនសុខចិត្ត និងស្នើឲ្យតុលាការចាត់វិធានការតាមផ្លូវច្បាប់ដោយទាមទារឲ្យលោក ឃុន ថារ៉ូ សងជំងឺចិត្តដល់ខ្លួនចំនួន១០០លានរៀល ហើយថវិកាជំងឺចិត្តនេះនឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់។
សូមរំលឹកថាក្នុងរយៈពេលចុងក្រោយនេះ វិវាទរវាងសហជីពដែលមាននិន្នាការរដ្ឋាភិបាល និងសហជីពដែលមាននិន្នាការផ្ទុយពីរដ្ឋាភិបាលបានកើតឡើង ក្រោយអង្គការសង់ត្រាល់ចេញរបាយការណ៍មួយ ដែលមានការរិះគន់ទៅលើលក្ខខណ្ឌការងារមួយចំនួននៅក្នុងប្រទេសកម្ពុជា។ ការរិះគន់នេះបានធ្វើឲ្យសហជីពមួយចំនួនដែលមាននិន្នាការរដ្ឋាភិបាលមិនសប្បាយចិត្ត និងយល់ថា ជាការខាតបង់សម្រាប់កម្ពុជា។

ក្រុមសហជីពដដែលនេះក៏បានដាក់ញត្តិប្រឆាំងនឹងអង្គការសង់ត្រាល់ទៅកាន់ក្រសួងមហាផ្ទៃ និងទៅកាន់ស្ថានទូតអាមេរិកដើម្បីពិនិត្យ និងឲ្យដកជំនួយពីអង្គការសង់ត្រាល់។ នៅថ្ងៃព្រហស្បតិ៍ដដែលដែរ ក្រុមអង្គការសង្គមស៊ីវិលចំនួន៤៣ បានសេចសេក្តីថ្លែងការណ៍រួមមួយដោយស្នើឲ្យបញ្ឈប់ការធ្វើទុកបុកម្នេញអង្គការសង់ត្រាល់៕