ដោយ ប្រាជ្ញ ចេវ
2024.06.28
RFA

ទិដ្ឋភាពផ្ទះប្រជាពលរដ្ឋ នៅភូមិអំពៅព្រៃ ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ថតនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤។ រូបពីពលរដ្ឋ
ពលរដ្ឋមានវិវាទដីធ្លី ជាមួយក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) ដែលកំពុងសាងសង់ព្រលានយន្តហោះថ្មី នៅខេត្តកណ្ដាល ភាគខាងត្បូងនៃរាជធានីភ្នំពេញធ្លាក់ខ្លួនក្រីក្រ ដោយសារក្រុមហ៊ុនហាមឃាត់ពួកគេមិនឲ្យប្រកបមុខរបរ នេសាទ ដាំដំណាំកសិកម្ម និងបេះបន្លែចិញ្ចឹមជីវិតប្រចាំថ្ងៃ។ មន្ត្រីសង្គមស៊ីវិល ទទូចឲ្យរដ្ឋាភិបាលពន្លឿនក្នុងការរកដំណោះស្រាយ និងមានសំណងសមរម្យដល់ពលរដ្ឋរងគ្រោះទាំងអស់នោះ។
ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយប្រឡាយ៩៤ បច្ចុប្បន្នជាសហគមន៍៩៤ ស្ថិតនៅភូមិអំពៅព្រៃ ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ជាង២០០គ្រួសារ កំពុងធ្លាក់ខ្លួនក្រីក្រ ពីព្រោះបាត់បង់មុខរបរចិញ្ចឹមជីវិត ដោយសារតែមានវិវាទដីធ្លី ជាមួយក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) របស់លោកឧកញ៉ា ពុង ឃាវសែ ដែលបានរំលោភយកដីធ្លី និងដីអាស្រ័យផលរបស់ប្រជាពលរដ្ឋប្រមាណ៤រយហិកតារ (៤០០) យកទៅសាងសង់ព្រលានយន្តហោះថ្មី។ អ្នកភូមិឲ្យដឹងថា សន្តិសុខក្រុមហ៊ុន បានហាមឃាត់សហគមន៍មិនឲ្យចូលទៅនេសាទ ដាំដំណាំកសិកម្ម និងរកបន្លែ នៅកន្លែងដែលពួកគេធ្លាប់អាស្រ័យផលនោះទេ ដោយសំអាងថា ដីទាំងនោះគឺជារបស់ក្រុមហ៊ុន ខណៈពលរដ្ឋនៅតំបន់នោះអាស្រ័យផលតាំងពីឆ្នាំ១៩៩០មក និងទទួលស្គាល់ដោយអាជ្ញាធរភូមិឃុំ។
តំណាងសហគមន៍៩៤ លោក ប៉ុល អ៊ួន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៦ ខែមិថុនាថា ប្រជាពលរដ្ឋជាង២០០គ្រួសារ បានបាត់បង់មុខរបរ នេសាទត្រី ដាំឈូក រកបន្លែ និងស្រូវ ធ្វើឲ្យពួកគាត់ធ្លាក់ខ្លួនក្រីក្រវេទនា ដោយរកមួយថ្ងៃរស់មួយថ្ងៃ ពីព្រោះតែមានវិវាទដីធ្លីជាមួយក្រុមហ៊ុន អ្នកមានលុយមានអំណាច។ លោកបន្ថែមថា រហូតមកដល់ពេលនេះ វិវាទដីធ្លីមិនទាន់មានដំណោះស្រាយនោះទេ បើទោះបីជា ប្រជាពលរដ្ឋបានដាក់ញត្តិទៅស្ថាប័នកំពូលៗរួចរាល់ហើយក្ដី។ ទោះជាយ៉ាងណាលោកនៅតែមានសង្ឃឹមថា រដ្ឋាភិបាលនឹងគិតគូរស្វែងរកដំណោះស្រាយ និងផ្ដល់សំណងសមរម្យដល់ប្រជាពលរដ្ឋកំពុងរងគ្រោះ។
លោក ប៉ុល អ៊ួន៖ «ធ្វើស្រូវធ្វើឈូកមួយឆ្នាំៗបានគ្រាន់បើដែរ ដល់ឥឡូវគេលែងឲ្យធ្វើមានតែរកការងារធ្វើសំណង់ ដូចជារោងចក្រ វាមានការខ្វះខាតដែរវាមិនមែនស្រួលទេ សូមឲ្យខាងរដ្ឋាភិបាល និងខាងក្រុមហ៊ុនជួយដោះស្រាយវិវាទដីធ្លីរបស់ប្រជាពលរដ្ឋយើងនៅសហគមន៍៩៤នេះ»។
ប្រជាពលរដ្ឋម្នាក់ទៀត គឺ លោក សុំ ចាន់ធី ឲ្យដឹងថា លោកមានដីលំនៅឋានចំនួន២ឡូត៍ និងដីអាស្រ័យផលចំនួន២ហិកតារ ទុកគ្រាន់ដាំដំណាំ កសិកម្មសម្រាប់ចិញ្ចឹមជីវិត ប៉ុន្តែបច្ចុប្បន្ននេះត្រូវបានក្រុមហ៊ុនសាងសង់ព្រលានយន្តហោះហ៊ុមព័ទ្ធយក ដោយមិនអនុញ្ញាតឲ្យលោកបានអាស្រ័យផលបន្តទៀតឡើយ។ លោកបន្ថែមថា សហគមន៍ចង់ឲ្យអាជ្ញាធរធ្វើការដោះស្រាយ ដោយផ្ដល់ប័ណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋ និងដីដែលរងផលប៉ះពាល់ត្រូវតែផ្ដល់សំណងសមរម្យ។
លោក សុំ ចាន់ធី៖ «វាគ្មានទៅប៉ះពាល់ដីព្រលានគេអភិវឌ្ឍន៍អ្វីទេតំបន់នេះ និយាយរួមគេចង់ដេញយើងមិនចង់ឲ្យយើងនៅតែម្ដង តែប្រជាពលរដ្ឋគាត់ម៉េចនឹងព្រម វាទង្វើទាំងអស់នេះវាមិនស្របច្បាប់ ដោយសារតែកន្លែងនេះ ប្រជាពលរដ្ឋគាត់ធ្លាប់រស់នៅយូរហើយបើចង់អភិវឌ្ឍន៍យើងគួរតែដោះដូរដីឲ្យគាត់រស់នៅក្បែរៗនេះទៅ ថាមិនឲ្យគាត់អភិវឌ្ឍន៍នៅនឹងកន្លែងហើយបម្រុងបញ្ជូនទៅណាទៅណីគាត់ម៉េចនឹងព្រម»។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីសុំការអត្ថាធិប្បាយបានទេ នៅថ្ងៃទី២៦ ខែមិថុនា។ ចំណែកប្រធានក្រុមហ៊ុន អូ.ស៊ី .អាយ.ស៊ី (OCIC) លោក ពុង ឃាវសែ ក៏វិទ្យុអាស៊ីសេរី មិនអាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។រដ្ឋាភិបាលបានបើកឲ្យដំណើរការសាងសង់ព្រលានយន្តហោះ អន្តរជាតិតេជោ កាលពីឆ្នាំ ២០២១ ដោយត្រូវចំណាយថវិកាសាងសង់ដំណាក់ទី១អស់ប្រមាណ១ពាន់៥រយ(១៥០០)លានដុល្លារ ហើយរដ្ឋាភិបាលរំពឹងថាសេដ្ឋកិច្ចប្រទេសកម្ពុជានឹងល្អប្រសើរឡើងក្រោយមានព្រលានយន្តហោះមួយនេះ។ ទោះជាយ៉ាងណា ប្រជាពលរដ្ឋរាប់រយគ្រួសារកំពុងរស់រងទុកដោយសារការអភិវឌ្ឍមិនតម្លាភាព ត្រឹមត្រូវ និងយុត្តិធម៌ ធ្វើឲ្យពលរដ្ឋបាត់បង់ផ្ទះសម្បែងដីស្រែចម្ការរាប់ពាន់ហិកតារ ដោយសារការបណ្ដេញចេញទាំងបង្ខំ និងមិនផ្ដល់សំណងសមរម្យដល់ពួកគេ រហូតដល់មានការប្រើប្រាស់អំពើហិង្សា បាញ់បោះទៅលើប្រជាពលរដ្ឋដែលចេញតវ៉ា និងចាប់ពលរដ្ឋដាក់ពន្ធនាគារថែមទៀត។
ទាក់ទិននឹងបញ្ហានេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យិន ម៉េងលី មានប្រសាសន៍ថា ប្រសិនបើក្រុមហ៊ុនមិនបានដោះស្រាយផ្ដល់សំណងសមរម្យដល់ប្រជាពលរដ្ឋនោះទេ វាជាការអនុវត្តផ្ទុយពីច្បាប់ដែលបានចែង ហើយវានឹងធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋរស់នៅជុំវិញតំបន់នោះ ដូច្នេះការអភិវឌ្ឍន៍របស់រដ្ឋាភិបាលមិនបានធ្វើឲ្យប្រជាពលរដ្ឋល្អប្រសើរ និងមានជីវភាពធូរធារឡើយ។
លោក យិន ម៉េងលី៖ «អ៊ីចឹងសុំឲ្យអាជ្ញាធរពាក់ព័ន្ធ ប្រមុខរដ្ឋាភិបាលពិនិត្យមើលបញ្ហាការអភិវឌ្ឍនេះឡើងវិញ ធ្វើយ៉ាងណាកុំឲ្យប្រជាពលរដ្ឋប៉ះពាល់ កុំឲ្យប្រជាពលរដ្ឋកាន់តែក្រីក្រថែមទៀត ដោយសារតែការអភិវឌ្ឍន៍នេះ ហើយយកច្បាប់ជាមូលដ្ឋានដែលបានចែងក្នុងការដកហូតនេះ»។
គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី នៅលើផ្ទៃដី ជិតបីពាន់ហិកតារ (២.៦០០) នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ធ្វើឲ្យមានភាពចម្រូងចម្រាសចាប់ពីដំបូងទីមក ដោយសារអាជ្ញាធរបានកំណត់តម្លៃដី ក្នុងមួយម៉ែត្រការ៉េចន្លោះ ពី៣ដុល្លារ ដល់៨ដុល្លារ ដែលធ្វើឲ្យប្រជាពលរដ្ឋទាំងអស់នោះមិនអាចទទួលយកបាន និងឈានដល់ការប្រមូលផ្ដុំតវ៉ា សុំកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាលជាច្រើនលើកច្រើនសា ប៉ុន្តែរហូតមកដល់ពេលនេះនៅមិនទាន់មានដំណោះស្រាយនៅឡើយទេ។ ព្រលានយន្តហោះអន្តរជាតិតេជោនេះ ធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន៣ខេត្ត /ក្រុង ក្នុងនោះរួមមាន ស្រុកបាទី ខេត្តតាកែវ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ដែលមានពលរដ្ឋរាប់ពាន់គ្រួសារកំពុងរស់នៅ និងអាស្រ័យផល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។