ដោយ យ៉ង ចាន់តារា
2024.06.28
RFA

អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ។ រូប៖ ហ្វេសប៊ុកលោក ឃុន ថារ៉ូ
សហជីពឯករាជ្យថា សេរីភាពរបស់សហជីពកម្មកររោងចក្រ នៅពេលបច្ចុប្បន្ន ពិតជាមានការរឹតត្បិតខ្លាំង ដោយសារតែអាជ្ញាធរនិងនិយោជកបានប្រើប្រាស់ប្រព័ន្ធតុលាការគំរាមកំហែងគ្រប់រូបភាព រហូតដល់បញ្ឈប់ថ្នាក់ដឹកនាំសហជីពពីការងារជាបន្តបន្ទាប់។ ពួកគាត់ថា ករណីនេះ អាជ្ញាធរពាក់ព័ន្ធ គួរតែរកដំណោះស្រាយដល់សហជីព និងកម្មករ។
ក្រុមសហជីពឯករាជ្យដែលធ្វើការការពារសិទ្ធិកម្មកររោងចក្រកាត់ដេរ នៅតែរក្សាជំហរការពារការរកឃើញរបស់ខ្លួនដែលថា សេរីភាពសហជីពឯករាជ្យពុំមានភាពល្អប្រសើរនោះទេ គឺបន្តរងការគំរាមកំហែង និងរឹតត្បិត ពីសំណាក់អាជ្ញាធរ និងថៅកែ។ ការអះអាងជាថ្មីនេះ ធ្វើឡើងក្រោយពេលអង្គការសង់ត្រាល់ (Central) បានចេញរបាយការណ៍ ស្ដីអំពីការរារាំងសេរីភាពរបស់សហជីពនៅក្នុងប្រទេសកម្ពុជា ហើយត្រូវបានសហជីព ដែលមាននិន្នាការគាំទ្ររដ្ឋាភិបាល និងថៅកែ ព្រួតគ្នាវាយប្រហារ និងតវ៉ាប្រឆាំង។
ក្រុមសហជីពឯករាជ្យ រួមមានសហព័ន្ធសហជីពកម្ពុជា (CATU) សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDO) និង អង្គការសង់ត្រាល់ (Central) កាលពីថ្ងៃទី២៦ មិថុនា បានចេញសេចក្ដីថ្លែងការណ៍ រៀបរាប់ថា របាយការណ៍របស់អង្គការសង់ក្រាល ដែលចេញផ្សាយ កាលពីពេលថ្មីៗ នេះ ធ្វើឡើងតាមបែបវិទ្យាសាស្ត្រ និងឆ្លងកាត់ ការសម្ភាសន៍ត្រឹមត្រូវដើម្បីប្រមូលបញ្ហា និងដាក់អនុសាសន៍ ទៅកាន់អាជ្ញាធរពាក់ព័ន្ធដើម្បីដោះស្រាយ។
អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៧ ខែមិថុនា ថា ក្រុមសហជីពឯករាជ្យ និងអង្គការសង់ត្រាល់ នៅតែប្រកាន់ជំហរថា សេរីភាពសហជីព រងការរឹតត្បិត និងធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរ និងថៅកែ ពិតប្រាកដ ដូចដែលបានបង្ហាញនៅក្នុងរបាយការណ៍។
លោកបន្តថា ជារឿងដែលគួរឱ្យសោកស្ដាយ ចំពោះអ្នកមួយចំនួន ដែលពុំបានអានរបាយការណ៍ឱ្យបានស៊ីជម្រៅ ហើយមានការយល់ច្រឡំ មកលើអង្គការសង់ត្រាល់។ លោកបញ្ជាក់ថា នៅក្នុងរបាយការណ៍ គ្មានការវាយប្រហារភាគីណាមួយនោះទេ គឺគ្រាន់តែឆ្លុះបញ្ចាំងអំពីស្ថានភាពពិតរបស់កម្មករ ដែលកំពុងជួបប្រទះបញ្ហាប្រឈម ដើម្បីស្នើឱ្យភាគីពាក់ព័ន្ធរកដំណោះស្រាយ។
លោក ឃុន ថារ៉ូ៖ «របាយការណ៍នេះខ្ញុំសូមបញ្ជាក់ឡើងវិញថា ជារបាយការណ៍ស្រមោល ហើយរបាយការណ៍មួយដែលពិនិត្យមើលនឹងការអនុវត្តសិទ្ធិសេរីភាពភាពរបស់សហជីព។ អ៊ីចឹង បើយើងមិនច្បាស់អំពើគោលដៅ គោលបំណង និងកម្មវត្ថុនៃរបាយការណ៍ហ្នឹងទេ វាអាចមានការភាន់ច្រឡំ អ្វីដែលរកឃើញ របកគំហើញ ដែលបានរកឃើញពាក់ព័ន្ធនឹងឧបសគ្គរារាំង ចំពោះកម្មករនិយោជិក នៅក្នុងវិស័យវាយនភណ្ឌកាត់ដេរ ស្បែកជើងនិងផលិតផលធ្វើដំណើរនៅក្នុងប្រទេសកម្ពុជា»។
ការចេញមុខការពារលទ្ធផលរបាយការណ៍របស់ខ្លួននេះ ក្នុងពេលដែលសហជីពមាននិន្នាការគាំទ្ររដ្ឋាភិបាល និងថៅកែរោងចក្រ បានចេញមុខតវ៉ាជាបន្តបន្ទាប់ប្រឆាំង ចំពោះរបាយការណ៍ និងចោទប្រកាន់ទៅលើអង្គការសង់ត្រាល់ថា ធ្វើរបាយការណ៍មិនពិត និងមានចេតនាបំផ្លាញកេរ្តិ៍ឈ្មោះប្រទេសកម្ពុជាជាដើម។
លើសពីនេះ នៅថ្ងៃទី២៧ ខែមិថុនា សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ដែលជាសហជីពគាំទ្ររដ្ឋាភិបាល ហើយមានលោក ហង្ស រ៉ាវី ជាតំណាង នោះ ក៏បានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការប្រឆាំងនឹងអ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ គឺលោក ឃុន ថារ៉ូ ដោយចោទពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឱ្យមានការរើសអើង ពាក់ព័ន្ធនឹងការលើកឡើងរបស់លោក ឃុន ថារ៉ូ ជុំវិញការវាយប្រហារមកលើការងាររបស់ក្រុមសហជីពឯករាជ្យ។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក កត្តា អ៊ន ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៧ ខែមិថុនា។
ទោះជាយ៉ាងណា សម្ព័ន្ធសហជីព និងអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិឈ្មោះថា យុទ្ធនាការសំលៀកបំពាក់ស្អាត (Clean Clothes Campaign) កាលពីពេលថ្មីៗ នេះ បានប្រកាសថ្កោលទោសសហជីពគាំទ្ររដ្ឋាភិបាល ដែលបានធ្វើយុទ្ធនាការវាយប្រហារប្រឆាំងអង្គការសង់ត្រាល់។ យុទ្ធនាការសំលៀកបំពាក់ស្អាត ចាត់ទុកសកម្មភាពរបស់សហជីពទាំងនោះថា ជាយុទ្ធនាការបង្ខូចកេរ្តិ៍ឈ្មោះអង្គការការពារសិទ្ធិការងារឯករាជ្យ នៅកម្ពុជា ហើយមានចេតនាចង់កម្ទេចសហជីពឯករាជ្យ។
មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា «សង់ត្រាល់» កាលពីថ្ងៃទី៤ ខែមិថុនា បានចេញរបាយការណ៍មួយ ដោយរកឃើញថា ក្នុងចំណោម សហជីពចំនួន១៤ មានសហជីពចំនួន១០ រងការបំភិតបំភ័យដោយផ្ទាល់មាត់ ការគំរាមកំហែង ការបៀតបៀន និងការដាក់ក្នុងបញ្ជីខ្មៅដែលធ្វើឲ្យប៉ះពាល់ដល់ការបំពេញការងាររបស់ពួកគេ។ អង្គការសង់ត្រាល់ទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធគួរតែពិនិត្យមើល និងដោះស្រាយកុំឱ្យមានការរំលោភសិទ្ធិសេរីភាពការងាររបស់កម្មករនិយោជិក និងសហជីព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។