ដោយ យ៉ង ចាន់តារា
2024.06.29
RFA

ម៉ូតូ និងរបស់របរផ្សេងទៀតរបស់សកម្មជនការងារសង្គមលើកកម្ពស់សមភាពយេនឌ័រ ឈ្មោះ សុត សំណាង (Soth Peosamnang) ដែលត្រូវចោរចូលលួច កាលពីថ្ងៃទី២៥ មិថុនា ២០២៤។ រូប៖ ហ្វេសប៊ុក សុត សំណាង
ប្រជាពលរដ្ឋរស់នៅក្រុងភ្នំពេញមួយចំនួនព្រួយបារម្ភថា អំពើចោរកម្មកើតមានឡើងកាន់តែញឹកញាប់ ខណៈអាជ្ញាធរមិនអាចចាប់បានជនល្មើស និងរឹបអូសទ្រព្យសម្បត្តិឱ្យជនរងគ្រោះវិញ។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា ដើម្បីកាត់បន្ថយអំពើចោរកម្ម រដ្ឋាភិបាលគួរតែបង្កើនកញ្ចប់ថវិកាដល់មន្ត្រីថ្នាក់ក្រោមជាតិ ដើម្បីជំរុញការអនុវត្តគោលនយោបាយ ឃុំ-សង្កាត់មានសុវត្ថិភាពប្រកបដោយប្រសិទ្ធភាព។
ពលរដ្ឋមួយចំនួននៅភ្នំពេញលើកឡើងថា បើទោះបីជាផ្ទះរបស់ពួកគេមានរបង ឬសត្វឆ្កែយាមផ្ទះក្ដី ក៏ពួកគេនៅតែមិនមានអារម្មណ៍សុវត្ថិភាពនោះឡើយ នៅពេលធ្វើដំណើរទៅឆ្ងាយចោលផ្ទះ។
ពលរដ្ឋរស់នៅភូមិព្រៃស្ពឺ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ អ្នកនាង សាក់ កន្និកា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៧ ខែមិថុនា ថា ដោយសារតែមានអំពើចោរកម្មញឹកញាប់នៅក្នុងភូមិគ្រួសាររបស់អ្នកនាងតែងព្រួយបារម្ភពីការបាត់បង់ទ្រព្យសម្បត្តិ។ អ្នកនាងបន្តថា ប្រជាពលរដ្ឋមិនសូវមានទំនុកចិត្តទៅលើអាជ្ញាធរ ក្នុងការទប់ស្កាត់អំពើចោរកម្មនោះឡើយ ព្រោះកន្លងមក បើទោះបីជាជនល្មើសត្រូវបានឃាត់ខ្លួនក្ដី ក៏ពួកគេមិនរាងចាលនោះទេ។
អ្នកនាង សាក់ កន្និកា៖ «អ៊ីចឹងគាត់មើលឃើញថា បើប្ដឹងបុគ្គលហ្នឹង មិនទាន់ដឹងអីផងឃើញបុគ្គលហ្នឹងរួចខ្លួនផុតទោស ឬក៏ចេញមកនៅខាងក្រៅយ៉ាងរំភើយ អ៊ីចឹងហើយដែលធ្វើឱ្យពួកគាត់ហ្នឹងអត់ជឿទុកចិត្តទៅលើសមត្ថកិច្ចទេ ពេលខ្លះក៏គិតថា អ្នកដែលលួចទាំងអស់ហ្នឹងឱ្យតែគាត់មានលុយសូកប៉ាន់ទៅខាងសមត្ថកិច្ចទៅ គឺគេអាចមានសេរីភាពមកវិញបន្តទៀតហើយ ហើយវាធ្វើឱ្យគាត់មានផ្នត់គំនិតមួយ មានន័យថាបើសិនជាគេលួចយកទ្រព្យរបស់ពួកគាត់ គឺគាត់អត់សូវហ៊ានប្ដឹងទេ ប៉ុន្តែពួកគាត់ព្យាយាមធ្វើរបងវិញ»។
ពលរដ្ឋម្នាក់ទៀតរស់នៅភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ គឺលោកស្រី អេង សុខា លើកឡើងថា កាលពីមួយខែមុន ក្រុមចោរបានចូលលួចទូរស័ព្ទម្ដាយរបស់លោកស្រីទាំងកណ្ដាលថ្ងៃ។ លោកស្រីអះអាងថា ក្រៅពីអំពើចោរកម្មកើតមានញឹកញាប់នៅក្នុងភូមិរបស់លោកស្រីហើយនោះ លោកស្រីក៏ព្រួយបារម្ភពីបញ្ហាក្រុមក្មេងទំនើងដែលប្រើប្រាស់គ្រឿងញៀនដែរ។
លោកស្រី អេង សុខា៖ «សំណូមពរឱ្យអាជ្ញាធរ សន្តិសុខយាមតាមភូមិតាមអីផងទៅ ព្រោះនៅទីក្រុងភ្នំពេញឃើញមានច្រើនណាស់ក្មេងទំនើង ប្រើគ្រឿងញៀន អ្នកប្រើគ្រឿងស្រវឹងអីហ្នឹងក៏ច្រើន ហើយក៏អាចការពារសុវត្ថិភាពខ្លួនឯង ម៉ូតូអីយើងដាក់មុខផ្ទះ»។
ករណីមួយចំនួន បើទោះបីជាពលរដ្ឋរងគ្រោះពីអំពើចោរកម្មបានដាក់ពាក្យបណ្ដឹងទៅដល់សមត្ថកិច្ចក្ដី ក៏សមត្ថកិច្ចកម្រចាប់បានជនល្មើស និងរឹបអូសទ្រព្យសម្បត្តិប្រគល់ឱ្យជនរងគ្រោះវិញ។ ជាឧទាហរណ៍ សកម្មជនការងារសង្គមលើកកម្ពស់សមភាពយេនឌ័រ មានគណនីហ្វេសប៊ុកឈ្មោះ សុត សំណាង (Soth Peosamnang) ដែលត្រូវបានចោរគាស់ផ្ទះ លួចយកម៉ូតូ កុំព្យូទ័រ និងទូរស័ព្ទជាដើម កាលពីថ្ងៃទី២៧ ខែមិថុនា បានបង្ហាញការខកចិត្តទៅលើសមត្ថកិច្ចដែលមិនខ្នះខ្នែងជួយរកជនល្មើស។ បន្ថែមពីនេះ កញ្ញាលើកឡើងថា មន្ត្រីនគរបាលរដ្ឋបាលចោមចៅទី៣ ខណ្ឌពោធិសែនជ័យ បែរជានិយាយក្នុងន័យលេងសើច និងមាក់ងាយនាងទៅវិញ។ វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាក្រុងភ្នំពេញ លោក ម៉េត មាសភក្ដី ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានឡើយ នៅថ្ងៃទី២៨ ខែមិថុនា។
ជុំវិញរឿងនេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា ដើម្បីធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្ត សមត្ថកិច្ចគួរតែបង្កើនក្រមសីលធម៌ និងឆ្លើយតបឱ្យបានឆាប់រហ័សនៅពេលពលរដ្ឋរាយការណ៍ពីករណីចោរកម្ម។ លោកបន្តថា អាជ្ញាធរគួរតែទប់ស្កាត់អំពើចោរកម្មតាមរយៈការកំណត់មុខសញ្ញាជនល្មើស និងបង្កើនការល្បាតមើលសុវត្ថិភាពនៅតាមមូលដ្ឋានដែលខ្លួនគ្រប់គ្រងឱ្យបានញឹកញាប់។
លោក យង់ គិមអេង៖ «មួយទៀតគឺរាជរដ្ឋាភិបាលគួរតែបន្ថែមថវិកាជាតិដើម្បីអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពហ្នឹង មិនត្រូវបង្កើនតែការអប់រំទេ ត្រូវមានកិច្ចការងារសំខាន់គឺរឿងការបង្ក្រាប ឬការបង្ការផ្សេងៗ ដើម្បីទប់ស្កាត់កុំឱ្យកើតមាន (ចោរកម្ម)»។
ក្រុមប្រជាពលរដ្ឋលើកឡើងថា ក្រុមក្មេងទំនើង និងបទល្មើសចែកចាយ និងប្រើប្រាស់គ្រឿងញៀនគឺជាបញ្ហាចម្បង ធ្វើឱ្យមានអំពើចោរកម្ម។ ពលរដ្ឋស្នើឱ្យអាជ្ញាធរគួរបង្កើនប្រាក់បេសកកម្មដល់កម្លាំងសមត្ថកិច្ច និងសន្តិសុខ ខណ្ឌនៅតាមមូលដ្ឋានឱ្យបានច្រើន ដើម្បីទប់ស្កាត់បទល្មើសអំពើចោរកម្ម ជាជាងប្រើប្រាស់កម្លាំងទាំងនេះទប់ស្កាត់ប្រជាពលរដ្ឋ ដែលចេញទាមទាររកដំណោះស្រាយអំពីបញ្ហាកើតមាននៅក្នុងសង្គមដោយអហិង្សា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។