ដោយ ច័ន្ទ ដារ៉ូ
2024.06.29
RFA

សកម្មជនសិទ្ធិមនុស្សកញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា (ស្ដាំ) និងប្អូនស្រី២នាក់។ រូបផ្ដល់ឱ្យ
ជនភៀសខ្លួនដែលសមត្ថកិច្ចចាប់ដាក់ពន្ធនាគារអំឡុងពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចនៅប្រទេសថៃកាលពីដើមឆ្នាំ២០២៤ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំមួយចំនួនហើយ។ ក្នុងនោះយុវជនធ្វើការងារសង្គម កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា និងប្អូនស្រី២នាក់បានចាកចេញផុតពីប្រទេសថៃ កាលពីថ្ងៃទី២៧ ខែមករា ដើម្បីទៅរស់នៅសហរដ្ឋអាមេរិក (USA) តាមរយៈកិច្ចអន្តរាគមន៍របស់ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR)។
កញ្ញា សូ មេត្តា ប្រាប់វិទ្យុអាស៊ីសេរីនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ថា កញ្ញានិងប្អូនស្រីបានទៅដល់ប្រទេសទី៣ដោយសុវត្ថិភាព ក្រោយសមត្ថកិច្ចដោះលែងឱ្យនៅក្រៅឃុំ កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ខណៈជនភៀសមួយចំនួនទៀតក៏ត្រូវបានសមត្ថកិច្ចថៃដោះលែងដែរ។ កញ្ញារៀបរាប់ថារសជាតិជីវិតជាប់ពន្ធនាគារនៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិសអន្តោប្រវេសន្តនៅទីក្រុងបាងកកជាង៥ខែមកនេះជនភៀសខ្លួនរងទុក្ខវេទនាទាំងផ្លូវកាយផ្លូវចិត្ត និងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ។ កញ្ញាជំរុញទៅ UNHCR ជួយបញ្ជូនជនភៀសខ្លួនខ្មែរនៅប្រទេសថៃឱ្យបានទៅដល់ប្រទេសទី៣ ទាំងអស់គ្នា ព្រោះការជាប់ឃុំនៅប្រទេសថៃអាចនឹងត្រូវសមត្ថកិច្ចថៃបញ្ជូនពួកគេទៅកម្ពុជាវិញគ្រប់ពេល។
កញ្ញា សូ មេត្តា៖ «នៅពេលមានសេរីភាព ខ្ញុំបានធូរចិត្តត្រង់ថាខ្ញុំនឹងអាចបានបញ្ចេញមតិទាក់ទងរឿងប្រទេសជាតិយើង រឿងបរិស្ថាន សិទ្ធិមនុស្សឡើងវិញ ខ្ញុំនៅតែរក្សាជំហរកណ្តាលនៅខាងប្រជាពលរដ្ឋ ខ្ញុំនៅតែគិតពីរឿងប្រទេសជាតិ សម្បត្តិជាតិដដែល ខ្ញុំមិនងាក មិនប្រែប្រួលទៅណាចោលប្រជាពលរដ្ឋ និងប្រទេសជាតិយើងទេ»។
សមត្ថកិច្ចថៃបានឃាត់ខ្លួនជនភៀសខ្លួនខ្មែរជិត ២០នាក់ កាលពីខែធ្នូ ឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤។ ពួកគេភាគច្រើនត្រូវបានសមត្ថកិច្ចថៃសម្រុកចុះចាប់ខ្លួនដល់បន្ទប់ជួល តាមសំណើរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ក្នុងអំឡុងពេលលោកទៅបំពេញទស្សនកិច្ចនៅប្រទេសថៃកាលពីខែកុម្ភៈ កន្លងទៅ។
កញ្ញា សូ មេត្តា ឱ្យដឹងថា មកទល់ពេលនេះមានជនភៀសខ្លួនខ្មែរក្រោម និងពលករខ្មែរពីរនាក់បន្តជាប់ឃុំនៅក្នុងពន្ធនាគារអន្តោប្រវេសន៍ សួនភ្លូ (Suan Phlu) ក្នុងទីក្រុងបាងកក ប៉ុន្តែអាជ្ញាធរថៃបានដោះលែងជនភៀសខ្លួនដែលជាសកម្មជននយោបាយ និងសង្គមឱ្យនៅក្រៅឃុំវិញ។
សព្វថ្ងៃមានជនភៀសខ្លួនខ្មែរនៅប្រទេសថៃជាង១០០នាក់។ ពួកគាត់ជាសកម្មជននយោបាយបក្សប្រឆាំង សកម្មជនធ្វើការងារសង្គម និងសកម្មជនដីធ្លី ជាដើម។
មន្ត្រីសិទ្ធិមនុស្ស និងគណបក្សប្រឆាំងមើលឃើញថា ប្រទេសថៃនៅពេលនេះ មិនមែនទីកន្លែងសុវត្ថិភាពសម្រាប់ជនភៀសខ្លួនទៀតទេ ចាប់តាំងពីទំនាក់ទងរវាងគ្រួសារលោក ហ៊ុន សែន និងគ្រួសារលោក ថាក់ស៊ីន ពង្រីកឥទ្ធិពលនយោបាយនារយៈពេលចុងក្រោយនេះ។ ពួកគេជំរុញទៅឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន(UNHCR) គួរជជែកជាមួយរដ្ឋាភិបាលថៃ ដើម្បីឱ្យរដ្ឋាភិបាលប្រទេសនេះគោរពសិទ្ធិជនភៀសខ្លួន ហើយប្រសិនបើរដ្ឋាភិបាលថៃ នៅតែបន្តចាប់ជនភៀសខ្លួនតទៅទៀត គឺ UNHCR គួរពិចារណាបញ្ជូនជនភៀសខ្លួនទាំងនោះទៅកន្លែងមានសុវត្ថិភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។