នាវាចម្បាំងចិន ២គ្រឿងនៅតែមានវត្តមាននៅមូលដ្ឋានទ័ពជើងទឹករាម?

កម្ពុជា
ដោយ៖ អោ ស្រីពេជ្រ
02/07/2024 – 12:10
RFI

នាវាចម្បាំងចិនចំនួន ២គ្រឿងដែលក្រសួងការពារជាតិកម្ពុជាអះអាងថាបានចូលសំចតនៅមូលដ្ឋានទ័ពរាមដើម្បីធ្វើសមយុទ្ធជាមួយកម្ពុជាកាលពីអំឡុងខែឧសភានៅតែមិនទាន់បានចាកចេញនៅឡើយទេ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Wall Street Journal នៅថ្ងៃទី០១ កក្កដា។ តាមកាសែតអាមេរិកដដែលនេះ មូលដ្ឋានទ័ពជើងរាមកម្ពុជាបានឈានដល់ការបែងចែកតំបន់បម្រុងទុកសម្រាប់កងទ័ពចិន។ 

នាវាចម្បាំងចិន ២គ្រឿងនៅតែមានវត្តមាននៅមូលដ្ឋានទ័ពជើងទឹករាម?


ក្នុងរយៈពេលជាង ៦ខែហើយដែលនាវាចម្បាំងព័ណ៌ប្រផេះ ២គ្រឿងរបស់ចិននៅតែមានវត្តមាននៅមូលដ្ឋានទ័ពរាមកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់កាសែត The Wall Street Journal ដោយបញ្ជាក់ថា នាវាចម្បាំងចិនទាំង ២គ្រឿងកំពុងសំចតនៅកំពង់ផែកម្ពុជាដែលមានប្រវែងជាង ៣០០ម៉ែត្រ និងអាចមើលឃើញបានយ៉ាងងាយ។ ទន្ទឹមនឹងវត្តមាននាវាចម្បាំងចិននេះ កាសែតអាមេរិកដដែលនេះក៏បានផ្សាយទៀតថា មូលដ្ឋានទ័ពជើងរាមកម្ពុជាបានឈានដល់ការបែងចែកតំបន់បម្រុងទុកសម្រាប់កងទ័ពចិននៅក្នុងមូលដ្ឋានទ័ពជើងទឹករាមនោះ។

ការចុះផ្សាយរបស់កាសែត The Wall Street Journal នេះធ្វើឡើងតាមរយៈបទសម្ភាសជាមួយពលរដ្ឋរស់នៅក្បែរតំបន់នោះដែលបានប្រាប់ថា ការសាងសង់អាគារដ៏ធំសម្បើមដែលកំពុងមានមូលដ្ឋាននៅកំពង់ផែ​ទឹករាមគឺជាការសាងសង់ឡើងដោយកម្មករសំណង់ជនជាតិចិននៅពេលយប់ និងថា កងទ័ពជើងទឹកចិនបានហាមមិនឱ្យកម្មករសំណង់ និងកងទ័ពជើងទឹកខ្មែរទៅក្បែរតំបន់នោះឡើយ។ ក្រសួងការពារជាតិកម្ពុជានៅមិនទាន់បានឆ្លើយតបចំពោះការចុះផ្សាយរបស់កាសែតអាមេរិក The Wall Street Journal នៅឡើយទេគិតត្រឹមថ្ងៃទី២ កក្កដានេះ។

តែអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកឈុំ សុជាតធ្លាប់បានបញ្ជាក់កាលពីដើមខែឧសភាកន្លងទៅថា នាវាកងទ័ពចិន ២គ្រឿងដែលរូបភាពផ្កាយរណបអាមេរិកចាប់បានថាមានវត្តមាននៅកំពង់ផែរាមតាំងពីចុងឆ្នាំ២០២៣ នោះ គឺជាការសាកល្បងប្រើប្រាស់មូលដ្ឋានទ័ពកំពង់ផែរាមកម្ពុជាដែលចិនកំពុងជួយសាងសង់ និងដើម្បីត្រៀមធ្វើសមយុទ្ធនាគមាសជាមួយកងទ័ពកម្ពុជាដែលបានបញ្ចប់តាំងពីថ្ងៃទី២៧ ឧសភា។ ទន្ទឹមគ្នានេះ ក្រសួងការពារជាតិកម្ពុជាក៏ធ្លាប់បានអះអាងពីគម្រោងទិញនាវាចិនម៉ូដែលដែលបានចតនៅមូលដ្ឋានទ័ពជើងទឹករាម ខណៈចិនបានលក់នាវាម៉ូដែល​​​​ដូចគ្នានោះទៅឱ្យប្រទេសមួយចំនួនរួចហើយដូចជាអាល់ហ្សេរី បង់ក្លាដែស និងប្រទេសនីហ្សេរីយ៉ា។

តាមក្រសួងការពារជាតិកម្ពុជា នាវាកងទ័ពជើងទឹកចិន ២គ្រឿងដែលសំចតនៅកម្ពុជានោះ ទី១ មានឈ្មោះ QI JIGUANG លេខ៨៣ ជាប្រភេទនាវាហ្វឹកហ្វឺន ផ្ទុកទម្ងន់បាន ៩០០០តោន មានបណ្ដោយ ១៦៣ម៉ែត្រ និងមានទទឹង ២២ម៉ែត្រ ហើយនាវាទី២ មានឈ្មោះ JINGGANG SHAN លេខ ៩៩៩ ជានាវាបុកច្រាំង ផ្ទុកទម្ងន់ ២៥.០០០តោន មានបណ្ដោយ ២១០ម៉ែត្រ ទទឹង ២៨ម៉ែត្រ និងមានជម្រៅទឹក ៧ម៉ែត្រ។ គួររម្លឹកថា រដ្ឋាភិបាលកម្ពុជាតាំងតែពីជំនាន់នាយករដ្ឋមន្ត្រីលោក ហ៊ុន សែនរហូតមកដល់នាយករដ្ឋមន្ត្រីបច្ចុប្បន្នលោកហ៊ុន ម៉ាណែតនៅតែបដិសេធថា កម្ពុជាមិនអនុញ្ញាតឱ្យមានវត្តមានយោធារបស់ចិននៅមូលដ្ឋានទ័ពរាម និងថា កម្ពុជាមិនល្ងង់យកទ័ពបរទេសមកដាក់ក្នុងទឹកដីខ្លួនដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញនោះទេ។

នាវាចម្បាំងចិន ២គ្រឿងនៅតែមានវត្តមាននៅមូលដ្ឋានទ័ពជើងទឹករាម?
នាវាចម្បាំងចិន ២គ្រឿងនៅតែមានវត្តមាននៅមូលដ្ឋានទ័ពជើងទឹករាម? © The Wall Street Journal

ស្របពេលគ្នានេះ រដ្ឋាភិបាលកម្ពុជាក៏បានបញ្ជាក់ដែរថា ទោះបីជាមូលដ្ឋានទ័ពរាមបានសាងសង់ដោយក្រុមកងទ័ពរំដោះប្រជាជនចិន និងទោះបីជាកម្ពុជាទទួលជំនួយឥតសំណងពីរដ្ឋាភិបាលចិនក៏ដោយក៏មូលដ្ឋានទ័ពរាមដដែលនេះត្រូវតែក្លាយជាទីតាំងធ្វើសមយុទ្ធយោធារវាងកងទ័ពកម្ពុជា និងប្រទេសផ្សេងទៀតដែលជាសមយុទ្ធបែបសង្គ្រោះបន្ទាន់នៅពេលមានគ្រោះអាសន្នកើតឡើង៕

What Next?

Recent Articles