កម្ពុជា
កម្ពុជា-នយោបាយ
12/07/2024 – 09:48
ដោយ៖ សាំ ឧត្តម
RFI
ក្រុមអ្នកតស៊ូមតិកម្ពុជា (CAT) អំពាវនាវឱ្យពលរដ្ឋខ្មែរចូលរួមឃ្លាំមើលអំពីតួនាទី និងការប្រើពាក្យសម្តីរបស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដើម្បីរក្សាផលប្រយោជន៍ជាតិ និងស្តារលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស។ តាមក្រុមអ្នកតស៊ូមតិកម្ពុជាដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលីនេះ លោក ហ៊ុន សែន បានដើរហួសតួនាទីដោយយកតំណែងជាប្រធានស្ថាប័ននីតិបញ្ញត្តិមកលាយឡំនឹងបក្សនយោបាយ រួមនឹងសារគំរាមកំហែងមកលើដៃគូគណបក្សនយោបាយប្រឆាំងផ្សេងទៀត។ តែមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនបានច្រានចោលការលើកឡើងខាងលើនេះ។
ក្រុមអ្នកតស៊ូមតិកម្ពុជាថា លោក ហ៊ុន សែន ដើរលើសតួនាទីជាប្រធានបក្ស និងប្រធានព្រឹទ្ធសភា
ក្នុងសេចក្តីវិភាគជាច្រើនសន្លឹក ក្រុមអ្នកតស៊ូមតិកម្ពុជា CAT ចាត់ទុកការថ្លែងសុន្ទរកថារបស់លោក ហ៊ុន សែន ក្នុងខួប៧៣ឆ្នាំនៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជាថា ធ្វើឡើងពុំត្រឹមត្រូវនឹងតួនាទី។ មិនត្រឹមត្រូវត្រង់ថា លោក ហ៊ុន សែន បានយកតួនាទីជាប្រធានគណបក្សប្រជាជនកម្ពុជាផង និងជាប្រធានព្រឹទ្ធសភាមកបង្គាប់បញ្ជាឱ្យរដ្ឋាភិបាលដឹកនាំដោយកូនប្រុសលោកពិនិត្យវិសោធនកម្មច្បាប់មួយចំនួន ពិសេសការគំរាមដល់គណបក្សដទៃ។
ភាពមិនច្បាស់លាស់នៃឋានៈ តួនាទីរបស់លោក ហ៊ុន សែន កាលពីថ្ងៃទី២៨ ខែមិថុនានោះ ត្រូវបានក្រុមអ្នកតស៊ូមតិកម្ពុជាគិតថា លោកបានបង្កើតឱ្យមានការភាន់ច្រឡំខ្លាំងថាតើលោកនៅជានាយករដ្ឋមន្ត្រីដឹកនាំប្រទេស ជាអ្នកអនុវត្តច្បាប់ឬក៏ជាប្រធានព្រឹទ្ធសភា និងជាប្រធានបក្សកាន់អំណាច។
ក្នុងសេចក្តីវិភាគចំនួន៧ទំព័រ ក្រុមអ្នកតស៊ូមតិកម្ពុជាបានអះអាងថា លោក ហ៊ុន សែន មានសិទ្ធិផ្តួចផ្តើមគំនិតធ្វើច្បាប់ ឬវិសោធនកម្មច្បាប់ តែពុំមានសិទ្ធិស្នើមករដ្ឋាភិបាលទេ។ ចំណែកសារគំរាមរំលាយគណបក្សដទៃ គឺជាសារបង្ហាញពីសកម្មភាព និងអំពើដែលក្រមព្រហ្មទណ្ឌចែងថាមានទោស។
ក្រុមដដែលនេះបានបន្តថា ក្នុងនាមជាប្រធានគណបក្សប្រជាជនលោក ហ៊ុន សែន មិនអាចដើរតួនាទីជាតំណាងនរគបាលយុត្តិធម៌ និងស្ថាប័នអនុវត្តច្បាប់ឡើយ និងថាច្បាប់ស្តីពីគណបក្សនយោបាយហាមជាដាច់ខាតមិនឱ្យមានអំពើណាមួយរបស់ថ្នាក់ដឹកនាំគណបក្សនយោបាយប៉ះពាល់សិទ្ធិសេរីភាពបុគ្គល ស្ថាប័នរដ្ឋ ឬបង្កអស្ថិរភាពដល់សង្គម និងជាតិនោះទេ។ ម្ល៉ោះហើយ សារគំរាមរបស់លោក ហ៊ុន សែន នាពេលនោះគឺជាប់ពាក់ព័ន្ធនឹងបទចោទ គំរាមកំហែងថានឹងបំផ្លិចបំផ្លាញ ធ្វើឱ្យទ្រុឌទ្រោមដែលមានចែងក្នុងមាតា្រ៤២៣ និងមាត្រា២៤២ និងបទចោទធ្វើសកម្មភាពបង្កើតឱ្យមានការភាន់ច្រឡំជាមួយការបំពេញការងារសាធារណៈមានចែងក្នុងមាត្រា៦១០នៃក្រមព្រហ្មទណ្ឌ។ នេះបើតាមក្រុមអ្នកតស៊ូមតិកម្ពុជា។

ក៏ប៉ុន្តែ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានថ្លែងមកវិទ្យុបារាំងអន្តរជាតិRFIថា ពុំមានអ្វីខុសនោះទេចំពោះការស្នើរបស់លោក ហ៊ុន សែន ទោះស្ថិតក្នុងនាមជាប្រធានបក្ស ឬប្រធានព្រឹទ្ធសភា។ មិនទាស់ខុសត្រង់ថា ការស្នើរបស់លោក ហ៊ុន សែន គឺដើម្បីរក្សាផលប្រយោជន៍ជាតិ។ បើតាមលោក សុខ ឥសាន ក្នុងតួនាទីជាប្រធានគណបក្សកាន់អំណាចលោក ហ៊ុន សែន មានតួនាទីភារកិច្ចចង្អុលទិសអំពីគោលការណ៍ច្បាប់ឱ្យរដ្ឋាភិបាលអនុវត្តតាម។
អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះក៏បានអះអាងថា គណបក្សប្រជាជនគឺ ជាបក្សកាន់អំណាច និងទទួលបានការបោះឆ្នោតគាំទ្រពីពលរដ្ឋជាមួយនឹងសម្លេងដ៏ច្រើនលើសលុប។ ដូច្នេះសកម្មភាពប្រឆាំងរបស់បុគ្គលណា ឬក្រុមណាក៏ដោយ នោះគឺជាអំពើខុសច្បាប់៕