លោក ហ៊ុន ម៉ាណែត ស្នើ​អង្គការ​មីន​ជប៉ុន​ពង្រីក​កិច្ចសហការ​បោសសំអាត​មីន​នៅ​កម្ពុជា

ដោយ ម៉ៅ សុធានី
2024.07.12
RFA

លោក ហ៊ុន ម៉ាណែត ស្នើ​អង្គការ​មីន​ជប៉ុន​ពង្រីក​កិច្ចសហការ​បោសសំអាត​មីន​នៅ​កម្ពុជា

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ស្ដាំ) ជួបប្រធាន​អង្គការ​សកម្មភាព​កម្ចាត់​មីន​ជប៉ុន (JMAS) លោក កូហ្យី យ៉ាម៉ាហ្សាគី (Koji Yamazaki) កាលពី​ថ្ងៃទី​១១ កក្កដា ២០២៤។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន​ ម៉ាណែត


រដ្ឋាភិបាល​កម្ពុជា​ស្នើសុំ​ឲ្យ​អង្គការ​សកម្មភាព​កម្ចាត់​មីន​ជប៉ុន (JMAS) ពង្រីក​កិច្ចសហប្រតិបត្តិការ ជាមួយ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុ​ជា (CMAC) និង​អង្គភាព​ពាក់ព័ន្ធ​មួយចំនួន​បន្ថែម​ទៀត ដើម្បី​បោសសំអាត​មីន​សេសសល់​នៅ​កម្ពុជា។

ការ​ស្នើសុំ​នេះ ធ្វើឡើង​ក្នុង​ជំនួប​ជាមួយ​ប្រធាន​អង្គការ​សកម្មភាព​កម្ចាត់​មីន​ជប៉ុន (JMAS) លោក កូហ្យី យ៉ាម៉ាហ្សាគី (Koji Yamazaki) នៅ​ថ្ងៃទី​១១ កក្កដា នៅ​រាជធានី​ភ្នំពេញ​។ ជា​ការ​ឆ្លើយតប លោក យ៉ាម៉ាហ្សាគី ប្ដេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ដោះមីន​បន្ថែម​ទៀត ក្នុង​គោលដៅ​ចូលរួម​ចំណែក​ការ​បោសសម្អាត​មីន​នៅ​កម្ពុជា។

ចាប់តាំងពី​ឆ្នាំ១៩៩២ មក ប្រទេស​កម្ពុជា​បាន​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​លើ​ផ្ទៃដី​ជាង ៣​ពាន់​គីឡូ​ម៉ែត្រការ៉េ ហើយ​កម្ពុជា​ប្តេជ្ញា​បន្ត​បោសសម្អាត​មីន ប្រមាណ​ជាង​១​ពាន់​៧​រយ គីឡូម៉ែត្រ​ការ៉េ បន្ថែម​ទៀត​។ របាយការណ៍​របស់​អាជ្ញាធរ​មីន​ឲ្យ​ដឹង​ថា ចាប់ពី​ឆ្នាំ​១៩៧៩ រហូតដល់​ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជិត​២​ម៉ឺន​នាក់​បាន​ស្លាប់ ដោយសារ​គ្រាប់មីន និង​រង​របួស​ព្រមទាំង​ពិការ​ដៃជើង ជាង​៤​ម៉ឺន​៥​ពាន់​នាក់ ផ្សេងទៀត​។​

ចាប់ពី​ឆ្នាំ​២០០២​មក រដ្ឋាភិបាល​ជប៉ុន បាន​ផ្តល់​ថវិកា​ជាង ៥២​លាន​ដុល្លារ ដល់​កម្ពុជា ក្នុង​គម្រោង​ជាច្រើន ក្នុង​នោះ​វិស័យ​អប់រំ សុខាភិបាល កសិកម្ម និង​បោសសំអាត​មីន​ផងដែរ។ ចំណែក​សហរដ្ឋអាមេរិក​វិញ ក៏បាន​បង្កើត​ថវិកា​សំរាប់​ការ​បោសសំអាត​មីន ចំនួន​១២​លាន​ដុល្លារ សំរាប់​ឆ្នាំ​២០២៤ ដើម្បី​សម្រេច​បានការ​គ្មាន​មីន នៅ​ឆ្នាំ​២០២៥ ខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles