ដោយ ជី វិតា
2024.07.21
RFA

យុវជន និងព្រះសង្ឃធ្វើសិក្ខាសាលាស្ដីពីការលើកកម្ពស់ស្ត្រីក្នុងការចូលរួមកិច្ចការងារសង្គម នៅទីតាំងអាហារដ្ឋានមួយកន្លែង ស្ថិតនៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុកព្រះតេជព្រះគុណ អិត ខែម
អាជ្ញាធរខេត្តបាត់ដំបង រារាំងយុវជន និងព្រះសង្ឃ មិនឲ្យធ្វើសិក្ខាសាលាស្ដីពីការលើកកម្ពស់ស្ត្រីក្នុងការចូលរួមកិច្ចការងារសង្គម។ មន្ត្រីអង្គការសង្គមស៊ីវិល លើកឡើងថា អាជ្ញាធរគួរតែបើកលំហសេរីភាពក្នុងការជួបជុំ ដល់ពលរដ្ឋឲ្យបានពេញលេញ។
អាជ្ញាធរខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២១ ខែកក្កដា បានរារាំងយុវជន និងព្រះសង្ឃមិនឲ្យធ្វើសិក្ខាសាលា នៅទីតាំងអាហារដ្ឋានមួយកន្លែង ស្ថិតនៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោមហេតុផលថា ការធ្វើសិក្ខាសាលានេះ មិនបានសុំការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន។ ប៉ុន្តែអ្នករៀបចំកម្មវិធីឲ្យដឹងថា ក្រុមយុវជនបានដាក់លិខិតជូនដំណឹងនៅសាលាក្រុងបាត់ដំបងរួចរាល់ហើយនៅមុនពេលធ្វើសិក្ខាសាលានេះ។
ក្រោយពីជូនដំណឹងទៅរដ្ឋបាលក្រុងបាត់ដំបងរួចមក រដ្ឋបាលក្រុងបានហៅតំណាងយុវជនទៅជជែកពិភាក្សាដោយបដិសេធ មិនអនុញ្ញាតឲ្យយុវជនធ្វើសិក្ខាសាលានោះទេ។ការបដិសេធនេះ អាជ្ញាធរចោទដោយគ្មានភស្តុតាងថា សិក្ខាសាលានេះ អាចធ្វើឡើងក្រោមរបៀបវារៈនយោបាយ ឬក្រោមក្រុមឧទ្ទាមណាមួយ។ ទោះជាយ៉ាងណា សិក្ខាសាលាលើកកម្ពស់សិទ្ធិនារីនេះ ក្រុមយុវជន ក៏បានអញ្ជើញតំណាងពីមន្ទីរកិច្ចការនារីខេត្តបាត់ដំបង ឲ្យចូលរួមផងដែរប៉ុន្តែត្រូវបានបដិសេធ។
ទោះបីជាអាជ្ញាធរសម្រេចមិនអនុញ្ញាតយ៉ាងនេះក្ដី ក៏ក្រុមស្នាមញញឹមយុវជន និងព្រះសង្ឃប្រមាណ ៧០អង្គនិងនាក់ នៅថ្ងៃទី២១ ខែកក្កដា នៅតែបន្តធ្វើសិក្ខាសាលានេះដដែល ដោយសារតែហេតុផលការហាមឃាត់របស់អាជ្ញាធរនោះ គឺពួកគេមិនអាចទទួលយកបាន។
អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីឆ្នាំ ២០១៨ ធ្លាប់បានចេញលិខិតជូនដំណឹងទៅកាន់អភិបាលរាជធានី-ខេត្ត ស្ដីពីការធ្វើសកម្មភាពរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលនានានៅមូលដ្ឋានថា អង្គការសមាគម ដែលចុះបញ្ជី និងគោរពតាមលក្ខន្តិកៈ ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ មានសិទ្ធិសេរីភាពពេញលេញក្នុងការធ្វើសកម្មភាពស្របតាមច្បាប់ ដោយពុំចាំបាច់ជូនដំណឹងទៅអាជ្ញាធរមូលដ្ឋានក្នុងរយៈពេល០៣ថ្ងៃ មុនពេលចាប់ផ្ដើមសកម្មភាពដូចមុននោះឡើយ។
សិក្ខាសាលាស្ដីពីការលើកកម្ពស់ស្ត្រីក្នុងការចូលរួមកិច្ចការងារសង្គមនេះ គឺដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងពីសេរីភាព នៃការចូលរួមរបស់យុវជនក្នុងកិច្ចការងារសង្គម ជាពិសេសគឺជំរុញឲ្យស្ត្រីចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គមជាដើម។
ព្រះតេជព្រះគុណ អិត ខែម ដែលបាននិមន្តចូលរួមសិក្ខាសាលានេះ មានថេរដីប្រាប់វិទ្យុអាស៊ីសេរី នៅរសៀលថ្ងៃទី ២១ ខែកក្កដាថា នៅពេលអាជ្ញាធរចុះមកហាមឃាត់ អាជ្ញាធរចោទថា សិក្ខាសាលានេះ អាចរៀបចំក្រោមឥទ្ធិពលនយោបាយ ឬដោយក្រុមឧទ្ទាមណាមួយ។ ប៉ុន្តែក្រុមយុវជនបាន អញ្ជើញអាជ្ញាធរឲ្យមកចូលរួមស្ដាប់ ដើម្បីស្វែងយល់ពីគោលបំណងនៃសិក្ខាសាលានេះ។
ព្រះតេជព្រះគុណ អិត ខែម លើកឡើងថា សកម្មភាពរារាំងការចែករំលែកចំណេះដឹងដល់យុវជនបែបនេះ មិនគួរកើតមានឡើយ នៅក្នុងប្រទេសកម្ពុជា។
ព្រះតេជព្រះគុណ អិត ខែម៖ «ជាតថភាពមួយដែលមិនគួរឲ្យកើតមានឡើយនៅក្នុងសង្គមរបស់យើង ជាពិសេសយុវជន យើងដឹងហើយថា យុវជនគឺជាកម្លាំងចលករដ៏សំខាន់មួយនៅក្នុងការចូលរួមចំណែកលើកកម្ពស់ ឬក៏អភិវឌ្ឍសង្គមជាតិ ដោយមិនអាចខ្វះទេ។ ដូច្នេះក្នុងនាមយើងជាអាជ្ញាធរនៅក្រុងក្ដី អាជ្ញាធរមូលដ្ឋានក្ដី គួរតែបើកចិត្តឲ្យទូលាយទទួលយកនូវការចូលរួមរបស់យុវជនក្នុងការរួមចំណែក ក្នុងការអភិវឌ្ឍនៅក្នុងសង្គមរបស់យើង ខ្ញុំព្រះករុណាអាត្មាភាពយល់ឃើញថា ជារឿងល្អបំផុត»។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចទាក់ទងស្នងការនគរបាលខេត្តបាត់ដំបងលោក ដាញ់ អេងប៊ុនចាន់ ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបាននៅឡើយទេ នៅថ្ងៃទី២១ ខែកក្កដា។
មន្ត្រីជាន់ខ្ពស់ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក យី សុខសាន្ត ប្រាប់វិទ្យុអាស៊ីសេរីថា អាជ្ញាធរមិនគួររារាំងសកម្មភាពចែករំលែកចំណេះដឹងរបស់ក្រុមយុវជននៅក្នុងសិក្ខាសាលា នៅទីកន្លែងឯកជន ដែលពួកគេបានរៀបចំនោះឡើយ។ មន្ត្រីការពារសិទ្ធិមនុស្សរូបនេះ លើកឡើងថា អាជ្ញាធរគួរតែបើកលំហសិទ្ធិសេរីភាពឲ្យបានពេញលេញដល់ពលរដ្ឋ ក្នុងការជួបជុំដោយសន្តិវិធី ដូចជាការបើកសិក្ខាសាលាជាដើម។
លោក យី សុខសាន្ត៖ «ខ្ញុំមើលឃើញថា អាជ្ញាធរបច្ចុប្បន្នគួរតែបើកលំហឲ្យទូលាយ ពីព្រោះអីប្រទេសយើងចេះតែដាក់ហើយថា ទៅឯណាក៏ឃើញដែរពាក្យថា «សន្តិភាព» ។ សន្តិភាពនៅឯណាគ្រាន់តែធ្វើសិក្ខាសាលាមិនបាន ហើយចុះគេបុណ្យសពមនុស្សរាប់រយជួបជុំ រៀបការ ប្រជុំ ខាងសហគមន៍អីមួយគរគោកម៉េចមិនទៅរារាំងផង? ហ្នឹងជួបជុំដូចគ្នាតើ ហើយប្រសិនបើពួកគេធ្វើហ្នឹងទៅខុសច្បាប់ យើងចាត់ការតាមផ្លូវច្បាប់ទៅ យើងចាំបាច់ទៅឃាត់ ហើយអ្វីដូចជាការផ្ដាច់ទឹក ផ្ដាច់ភ្លើង អាហ្នឹងជាការធ្វើទុក្ខបុកម្នេញដល់អ្នកដែលអ្នកធ្វើការងារសង្គមហ្នឹងហួសហេតុពេក ។ ចំណុចហ្នឹង គួរតែរាជរដ្ឋាភិបាល ក៏ដូចជាសាលាខេត្តបាត់ដំបង គួរតែពិចារណាទៅលើសកម្មភាពដែលពួកគេធ្វើ»។
អង្គការសហប្រជាជាតិ បានចាត់ទុកសេរីភាពក្នុងការជួបប្រជុំដោយសន្តិវិធី គឺជាផ្នែកមួយនៃសេរីភាពជាមូលដ្ឋាន ដែលត្រូវបានធានាការពារដោយច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដែលកម្ពុជាបានផ្ដល់ សច្ចាប័នទទួលស្គាល់ជាច្បាប់ជាតិ ហើយសិទ្ធិទាំងនេះ មានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជាផងដែរ។
មាត្រា ៤១ នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។ ព្រះសង្ឃ ពលរដ្ឋ និងមន្ត្រីអង្គការសង្គមស៊ីវិល ស្នើដល់អាជ្ញាធរឲ្យបើកលំហសិទ្ធិសេរីភាពជាមូលដ្ឋាន ដើម្បីឲ្យពលរដ្ឋ ជាពិសេសយុវជនបានចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។