អភិបាលក្រុងបាត់ដំបងច្រានចោលការចោទដែលថាអាជ្ញាធរបញ្ឈប់សិក្ខាសាលាក្រុមយុវជន

កម្ពុជា
កម្ពុជា-សិទ្ធិមនុស្ស
22/07/2024 – 11:06
ដោយ៖ អោ ស្រីពេជ្រ
RFI

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានចោទថា អាជ្ញាធរខេត្តបាត់ដំបងក្នុងសម្លៀកពាក់ស៊ីវិលបានចុះទៅបញ្ឈប់កម្មវិធីសិក្ខាសិលារបស់យុវជន និងព្រះសង្ឃមួយក្រុមក្នុងថ្ងៃទី២១ កក្កដាក្រោមហេតុផលមិនបានសុំការអនុញ្ញាតពីអាជ្ញាធរជាមុន។ តែការចោទប្រកាន់យ៉ាងដូច្នេះត្រូវបានអភិបាលក្រុងបាត់ដំបង លោកលាង វាសនាច្រានចោលដោយអះអាងថា គឺម្ចាស់ទីតាំងធ្វើសិក្ខាសាលាទៅវិញទេដែលបានស្នើយុវជន​ឱ្យរំសាយការជួបជុំនោះ។

អភិបាលក្រុងបាត់ដំបងច្រានចោលការចោទដែលថាអាជ្ញាធរបញ្ឈប់សិក្ខាសាលាក្រុមយុវជន


សិក្ខាសា​លាលើកកម្ពស់ស្ត្រីឲ្យចូលរួមកិច្ចការងារសង្គមដែលរៀបចំឡើងដោយក្រុមស្នាមញញឹមយុវជន និងព្រះសង្ឃក្នុងថ្ងៃទី២១ កក្កដាត្រូវបានបញ្ឈប់ក្រោមហេតុផលមិនច្បាស់លាស់។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានចង្អុលមុខអាជ្ញាធរក្រុង និងអាជ្ញាធរមូលដ្ឋានខេត្តបាត់ដំបងដែលបានបញ្ជូនកម្លាំងជាង ១០នាក់ក្នុងឯកសណ្ឋានស៊ីវិលឲ្យទៅបញ្ឈប់ការជួបជុំរបស់ក្រុមយុវជនប្រមាណ៦០អង្គ\នាក់ដោយលើកយកហេតុផលទៅពន្យល់ថា ការជួបជុំនោះមិនបានសុំការអនុញ្ញាតពីអាជ្ញាធរជាមុន។

តែការចោទរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាត្រូវបានអភិបាលក្រុងបាត់ដំបងលោកលាង វាសនាច្រានចោលនៅថ្ងៃទី២២ កក្កដានេះដោយបញ្ជាក់ថា គឺម្ចាស់ទីតាំងធ្វើសិក្ខាសាលាឯណោះទេដែលបានស្នើឱ្យយុវជនរំសាយការជួបជុំនោះ។ តាមលោកលាង វាសនា សំណើឱ្យ​រំសាយដោយម្ចាស់ទីតាំងបានរកឃើញថា សិក្ខាសាលានោះបានរៀបចំឡើងដោយគ្មានលិខិតអនុញ្ញាតពីអាជ្ញាធរ ពោលជាការជួបជុំមិនស្របច្បាប់។ ចំណែកព្រះតេជគុណហេង ហ៊ាក់ដែលបានចូលរួមនៅក្នុងសិក្ខាសាលាបានមានសង្ឃដីកានៅថ្ងៃទី២២ កក្កដានេះថា ក្រុមយុវជនបានដាក់លិខិតជូនដំណឹងទៅសាលាក្រុងបាត់ដំបងរួចរាល់ហើយនៅមុនពេលធ្វើសិក្ខាសាលា។

ក្នុងន័យនេះ ព្រះតេជគុណហេង ហ៊ាក់ចាត់ទុកការរារាំងយុវជន និងព្រះសង្ឃមិនឱ្យធ្វើសិក្ខាសាលាជាការបំបាក់ស្មារតីយុវជន និងបំបិទសិទ្ធិសេរីភាពពលរដ្ឋដែលជាការរំលោភដល់សិទ្ធិមនុស្ស និងរដ្ឋធម្មនុញ្ញកម្ពុជា។ សម្រាប់ព្រះតេជគុណហេង ហ៊ាក់ សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់យុវជន ពិសេសស្ត្រីអំពីសេរីភាព និងសារៈសំខាន់ក្នុងការចូលរួមកិច្ចការងារសង្គមតែប៉ុណ្ណោះ។ គួរបញ្ជាក់ថាកាលពីឆ្នាំ ២០១៨ អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកស ខេងធ្លាប់បានចេញលិខិតជូនដំណឹងទៅកាន់អភិបាលរាជធានី-ខេត្តស្ដីពីការធ្វើសកម្មភាពរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលនានានៅមូលដ្ឋាន។

អភិបាលក្រុងបាត់ដំបងច្រានចោលការចោទដែលថាអាជ្ញាធរបញ្ឈប់សិក្ខាសាលាក្រុមយុវជន
អភិបាលក្រុងបាត់ដំបងច្រានចោលការចោទដែលថាអាជ្ញាធរបញ្ឈប់សិក្ខាសាលាក្រុមយុវជន © សហការី

លិខិតជូនដំណឹងកាលពី ៦ឆ្នាំមុនកាលណោះបានបញ្ជាក់ថា អង្គការសមាគមដែលបានចុះបញ្ជី និងបានគោរពតាមលក្ខន្តិកៈដែលមានតម្កល់ទុកនៅក្រសួងមហាផ្ទៃមានសិទ្ធិសេរីភាពពេញលេញក្នុងការធ្វើសកម្មភាព​​ស្របតាមច្បាប់ដោយពុំចាំបាច់ជូនដំណឹងទៅអាជ្ញាធរមូលដ្ឋានមុនពេលចាប់ផ្ដើមធ្វើសកម្មភាពនោះឡើយ។ តាមច្បាប់កម្ពុជា អាជ្ញាធរអាចហាមឃាត់ការជួបជុំនោះ ល្គឹកណាការជួបជុំនោះប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ៕

What Next?

Recent Articles