កម្ពុជា
កម្ពុជា-នយោបាយ
22/07/2024 – 13:30
ដោយ៖ សាំ ឧត្តម
RFI
មន្ត្រីគណបក្សកែទម្រង់កម្ពុជាលោក ប៉ែន វុទ្ធី ត្រូវបានសមត្ថកិច្ចខេត្តសៀមរាបចាប់ខ្លួនកាលពីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងក្រុងសៀមរាបដោយពុំដឹងពីមូលហេតុ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សកែទម្រង់កម្ពុជា។ ពាក់ព័ន្ធនឹងករណីចាប់ខ្លួននេះ គណបក្សកែទម្រង់កម្ពុជាបង្ហាញការសោកស្តាយ និងអំពាវនាវឱ្យសមត្ថកិច្ចដោះលែងមន្ត្រីរបស់ខ្លួនឱ្យសេរីភាពឡើងវិញនិងអាចត្រឡប់មកធ្វើសកម្មភាពនយោបាយបន្តទៀត។
ហេតុអ្វីមានការចាប់ខ្លួនមន្ត្រីគណបក្សកែទម្រង់កម្ពុជាម្នាក់នៅក្នុងខេត្តសៀមរាប?
លោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជាបានប្រាប់វិទ្យុបារាំងអន្តរជាតិនៅរសៀលថ្ងៃទី២២ ខែកក្កដានេះថា សមត្ថកិច្ចបានបញ្ចូនខ្លួនលោក ប៉ែន វុទ្ធី ពីខេត្តសៀមរាបមករាជធានីភ្នំពេញ។ ទាក់ទងនឹងមូលហេតុនៃការចាប់ខ្លួនមន្ត្រីគណបក្សកែទម្រង់កម្ពុជារូបនេះត្រូវបានលោកអ៊ូ ច័ន្ទរ័ត្ន បញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សបានសាកសួរទៅស្នងការខេត្ត អាជ្ញាធរក្នុងមូលដ្ឋានដែរ តែមិនទទួលបានព័ត៌មានអ្វីទាំងអស់។ តាមសហស្ថាបនិកគណបក្សកែទម្រង់កម្ពុជារូបនេះ លោក ប៉ែន វុទ្ធី មិនបានបង្កបញ្ហា និងមិនដែលប៉ះពាល់លើបុគ្គល ឬគណបក្សនយោបាយណាមួយទេនាពេលកន្លងមក។
មួយវិញទៀត លោក ប៉ែន វុទ្ធី ក៏មិនដែលធ្វើសកម្មភាពអ្វីដែលផ្ទុយពីច្បាប់ម្តងណាឡើយ។ ទោះជាយ៉ាងនេះក្តី លោក អ៊ូ ច័ន្ទរ័ត្ន មានការប្រយ័ត្នប្រយែងដោយមិនទាន់ហ៊ានសន្មតការចាប់ខ្លួនលោក ប៉ែន វុទ្ធី ធ្វើឡើងក្រោមហេតុផលនយោបាយ ឬជាការគំរាមកំហែងដល់សកម្មភាពរបស់បក្សលោកឡើយ។ អ្វីដែលលោក អ៊ូ ច័ន្ទរ័ត្ន ចង់បាននៅចំពោះមុខពេលនេះ គឺសុំឲ្យអាជ្ញាធរដោះលែងលោក ប៉ែន វុទ្ធី ឱ្យមានសេរីភាពឡើងវិញដើម្បីបានជួបជុំគ្រួសារ និងបន្តសកម្មនយោបាយជាមួយគណបក្សកែទម្រង់កម្ពុជាបន្តទៀត។
ពាក់ព័ន្ធនឹងការចាប់ខ្លួនមន្ត្រីគណបក្សកែទម្រង់កម្ពុជាលោក ប៉ែន វុទ្ធី ពីសំណាក់អាជ្ញាធរខេត្តសៀមរាបនេះ វិទ្យុបារាំងអន្តរជាតិ RFI មិនទាន់អាចសុំការឆ្លើយបំភ្លឺពីលោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញបាននៅឡើយទេគិតត្រឹមរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នេះ។

សូមជម្រាបថា នេះជាលើកទី១ដែលមានមន្ត្រីគណបក្សកែទម្រង់កម្ពុជាត្រូវបានសមត្ថកិច្ចចាប់ខ្លួន។ គួរបញ្ជាក់ថា លោក ប៉ែន វុទ្ធី គឺជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានក្រុមការងាររបស់គណបក្សកែទម្រង់កម្ពុជាប្រចាំខេត្តសៀមរាប៕