RSF ស្នើរដ្ឋាភិបាលកម្ពុជាឲ្យឈប់រំខានប្រព័ន្ធផ្សព្វផ្សាយក្រៅស្រុក

កម្ពុជា
កម្ពុជា-សង្គម
04/08/2024 – 11:19
ដោយ៖ ជួប នរក្សា
RFI

អង្គការអ្នករាយការណ៍គ្មានព្រំដែន នៅថ្ងៃសុក្រទី០២សីហា បានទទូចរដ្ឋាភិបាលកម្ពុជាឲ្យឈប់ធ្វើទុក្ខបុកម្នេញប្រព័ន្ធផ្សព្វផ្សាយជាភាសាខ្មែរ ដែលផ្សាយចេញពីក្រៅប្រទេស។ ការទទូចសុំរបស់អង្គការដែលមានទីស្នាក់ការនៅប្រទេសបារាំងមួយនេះ ធ្វើឡើងបន្ទាប់ពីមានការកត់សម្គាល់ឃើញ មានការចូលទៅសរសេរសារវាយប្រហារប្រព័ន្ធផ្សព្វផ្សាយចំនួន៣ ដូចជា RFA, VOD, និង The Cambodia Daily Khmer តាមរយៈការប្រើប្រាស់ពាក្យពេចន៍អសុរសជាដើម។ ឆ្លើយតបនឹងការទទូចរបស់អង្គការRSF រដ្ឋាភិបាលកម្ពុជាបានអះអាងថា រដ្ឋាភិបាលគ្មានជាប់ពាក់ព័ន្ធ ឬរៀបចំក្រុមMMOឲ្យចូលទៅវាយប្រហារប្រព័ន្ធផ្សព្វផ្សាយក្រៅស្រុកឡើយ។

RSF ស្នើរដ្ឋាភិបាលកម្ពុជាឲ្យឈប់រំខានប្រព័ន្ធផ្សព្វផ្សាយក្រៅស្រុក


«អាឆ្កែ អាល្ងង់ខ្លៅ អាវិទ្យុក្បត់ជាតិ» ទាំងនេះជាពាក្យពេចន៍ដែលក្រុមគណនីហ្វេសប៊ុកមួយចំនួន បានប្រើនៅក្នុងមតិយោបល់ដែលគេបានសរសេរនៅក្នុងបណ្តាញសង្គមរបស់ប្រព័ន្ធផ្សព្វផ្សាយពីក្រៅស្រុក ដូចជា វិទ្យុអាស៊ីសេរី វិទ្យុសំឡេងប្រជាធិបតេយ្យ និង ឌឹខេមបូឌាដេលី ចាប់តាំងពីដើមឆ្នាំ២០២៤មក។ នេះបើតាមការចុះផ្សាយរបស់អង្គការអ្នករាយការណ៍គ្មានព្រំដែន ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំង។

អង្គការអ្នករាយការណ៍គ្មានព្រំដែន ចាត់ទុកសកម្មភាពនេះថា ជាការធ្វើទុក្ខបុកម្នេញដល់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យទាំង៣ ដែលបាននិរទេសចេញពីកម្ពុជា។ លោក Cédric Alviani នាយកប្រតិបត្តិអង្គការអ្នករាយការណ៍គ្មានព្រំដែន ប្រចាំអាស៊ីប៉ាស៊ីហ្វិក បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះថា រដ្ឋាភិបាលកម្ពុជាមិនអាចរក្សាភាពអសកម្មនៅចំពោះមុខយុទ្ធនាការស្អប់ខ្ពើមតាមប្រព័ន្ធអ៊ីនធ័រនែតដ៏អាក្រក់ ប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យទាំងនេះទេ។ រដ្ឋាភិបាលកម្ពុជា ត្រូវតែចាត់វិធានការប្រឆាំងនឹងការគំរាមកំហែងតាមអ៊ីនធ័រនែតលើប្រព័ន្ធផ្សព្វផ្សាយទាំងនេះ និងលុបចោលជាបន្ទាន់ការហាមប្រាមផ្នែករដ្ឋបាលដែលផ្តោតលើបណ្តាញផ្សព្វផ្សាយទាំងបី។

ជាការឆ្លើយតប ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានទាត់ចោលការលើកឡើងរបស់អង្គការអ្នករាយការណ៍គ្មានព្រំដែន ដោយចាត់ទុកថា ជាសេចក្តីថ្លែងការណ៍ពុំចាំបាច់យកមកពិចារណា ព្រោះថា អង្គការអ្នករាយការណ៍គ្មានព្រំដែនមានទំនោរតែទៅលើក្រុមអ្នកនយោបាយប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា។ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លើកឡើងថា អង្គការអ្នករាយការណ៍គ្មានព្រំដែនលើកតែចំណុចដែលក្រុមប្រឆាំងរិះគន់ តែមិនធ្លាប់លើក ឬបញ្ចូលពាក្យពេចន៍និងរូបភាពមួយចំនួន ដែលក្រុមទាំងនោះ ធ្លាប់កាត់ត និងបញ្ចេញមតិដោយប្រើពាក្យពេចន៍អសុរសសំដៅរដ្ឋាភិបាលកម្ពុជា តួយ៉ាងដូចជាពាក្យ «អាទ្រពង អាបណ្ឌិតគ្រាវជ្រូក» ជាដើម។ ល។

ម្យ៉ាង បើតាមអ្នកនាំពាក្យខាងលើ រដ្ឋាភិបាលក៏គ្មានជាប់ពាក់ព័ន្ធនឹងសកម្មភាពដែលក្រុមគណនីហ្វេសប៊ុកមួយចំនួន ចូលទៅបញ្ចេញមតិលើប្រព័ន្ធផ្សព្វផ្សាយក្រៅស្រុក ដូចជា វិទ្យុអាស៊ីសេរី វិទ្យុសំឡេងប្រជាធិបតេយ្យ និងឌឹខេមបូឌាដេលីដែរ។

បុគ្គលិក​ម្នាក់​ត្រូវ​បាន​គេ​ឃើញ​នៅ​ខាង​ក្រៅ​ការិយាល័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​សំឡេង​ប្រជាធិបតេយ្យ (VOD) ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា VOD នឹង​ដក​អាជ្ញាប័ណ្ណ​ប្រតិបត្តិការ​របស់​ខ្លួន។
បុគ្គលិក​ម្នាក់​ត្រូវ​បាន​គេ​ឃើញ​នៅ​ខាង​ក្រៅ​ការិយាល័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​សំឡេង​ប្រជាធិបតេយ្យ (VOD) ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា VOD នឹង​ដក​អាជ្ញាប័ណ្ណ​ប្រតិបត្តិការ​របស់​ខ្លួន។ AFP – TANG CHHIN SOTHY

គួររំលឹកថា ប្រព័ន្ធផ្សព្វផ្សាយទាំង៣ គឺវិទ្យុអាស៊ីសេរី វិទ្យុសំឡេងប្រជាធិបតេយ្យ និង ឌឹខេមបូឌាដេលី ត្រូវបានរដ្ឋាភិបាលកម្ពុជា ហាមប្រាម មិនឲ្យឈរជើងក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ២០១៧ ក្នុងហេតុផលថា ជាប្រព័ន្ធផ្សព្វផ្សាយជ្រុលនិយម មួលបង្កាច់កេរ្តិ៍ឈ្មោះរដ្ឋាភិបាល។ នៅក្នុងរបាយកាណ៍ប្រចាំឆ្នាំ២០២៤រ អង្គការអ្នករាយការណ៍គ្មានព្រំដែន បង្ហាញថា សេរីភាពសារព័ត៌មានកម្ពុជាបានធ្លាក់ចុះយ៉ាងគំហុក ដោយឈរលេខរៀងទី១៥១ក្នុងចំណោម១៨០ប្រទេស មានន័យថា សេរីភាពសារព័ត៌មានរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ៕

What Next?

Recent Articles