កម្ពុជា
04/08/2024 – 12:54
ដោយ៖ ម៉ុន ចាន់
RFI
ក្រសួងសុខាភិបាលរម្លឹកសាជាថ្មីឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ពីករណីឆ្លងរាលដាលជំងឺផ្តាសាយបក្សីប្រភេទ H5N1 ខណៈ ក្មេងស្រីអាយុ១៦ឆ្នាំម្នាក់ នៅស្រុកចន្រ្ទា ខេត្តសស្វាយរៀងបានឆ្លងជំងឺនេះ កាលពីថ្ងៃសៅរ៍ទី ៣សីហា។ បើតាមក្រសួងសុខាភិបាលនៅកាលពីថ្ងៃទី០៣ ខែ សីហា ឆ្នាំ២០២៤ ក្មេងស្រីបានឆ្លងជំងឺផ្តាសាយបក្សី បន្ទាប់ពីរូបគេបានប៉ះពាល់ដោយផ្ទាល់ មាន់ ទា ដែលស្លាប់កាលពី៤ថ្ងៃមុន។
រកឃើញករណីឆ្លងជំងឺផ្តាសាយបក្សីប្រភេទ H5N1 នៅខេត្តស្វាយរៀង
បន្ទាប់ពីរកឃើញករណីឆ្លងជំងឺផ្តាសាយបក្សីទៅលើក្មេងស្រីម្នាក់ នៅក្នុងខេត្តស្វាយរៀង ក្រសួងសុខាភិបាល កំពុងសហការជាមួយក្រសួងកសិកម្ម ដើម្បីស្រាវជ្រាវរកប្រភពចម្លង និងស្វែងរកករណីសង្ស័យ អ្នកដែលប៉ះពាល់ផ្សេងទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺផ្តាសាយបក្សនៅក្នុងសហគមន៍។
យោងតាមសេចក្តីប្រកាសចុះផ្សាយកាលពីថ្ងៃសៅរ៍ទី៣សីហា ក្រសួងសុខាភិបាលបានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ព្រោះជំងឺផ្តាសាយបក្សីប្រភេទ H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាជន។ ជាមួយគ្នា ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហៀរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយ មាន់ ទា ឈឺ ឬងាប់ ក្នុងអំឡុងពេល ១៤ថ្ងៃ មុនមានរោគសញ្ញា សូមកុំទៅទីប្រជុំជនដែលមានមនុស្សច្រើន។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន ក្រសួងបានពន្យល់ថា តាមធម្មតា មេរោគផ្តាសាយបក្សី H5N1 ឆ្លងពីសត្វបក្សីឈឺទៅបក្សីផ្សេងទៀត។ ប៉ុន្តែ ពេលខ្លះ វាអាចឆ្លងពីបក្សីទៅមនុស្សតាមរយៈការប៉ះពាល់ជិតស្និទ្ធជាមួយបក្សីដែលឈឺ ឬងាប់។ ជំងឺផ្តាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរដែលតម្រូវឱ្យមានការព្យាបាលនៅមន្ទីរពេទ្យ ទាន់ពេលវេលា។

គិតចាប់ពីតាំងឆ្នាំ ២០២៣ មក កម្ពុជារកឃើញមានអ្នកស្លាប់ ដោយសារជំងឺផ្តាសាយបក្សី ចំនួន៤នាក់ ដោយក្នុងនោះមាន ក្មេងស្រី២នាក់ បុរសម្នាក់ និងក្មេងប្រុសម្នាក់។ បើតាមប្រធាននាយកដ្ឋានជំងឺឆ្លងនៃក្រសួងសុខាភិបាល ចាប់តាំងពីឆ្នាំ២០០៤ រហូតដល់ឆ្នាំ២០២៤ កម្ពុជារកឃើញអ្នកឆ្លងជំងឺផ្តាសាយបក្សី H5N1 ជិត៦០ ករណី ក្នុងនោះ មានមនុស្សស្លាប់សរុប ៣៨នាក់៕