កាសែតបរទេសថា កម្ពុជាប្រកាសបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនក្នុងភាពមិនច្បាស់លាស់

កម្ពុជា
កម្ពុជា-ព្រែកជីក
05/08/2024 – 14:07
ដោយ៖ អោ ស្រីពេជ្រ
RFI

នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នេះ រដ្ឋាភិបាលកម្ពុជាបានប្រកាសបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនយ៉ាងអធិកអធមក្រោមក្តីរំពឹងថា ព្រែកជីកនេះជាសរសៃឈាម និងជាដង្ហើមសេដ្ឋកិច្ចថ្មីរបស់កម្ពុជា។ តែក្នុងថ្ងៃប្រកាសចេញដំណើរសាងសង់ជាផ្លូវការនូវគម្រោងផ្លូវទឹកដ៏ចម្រូងចម្រាសមួយនេះ កាសែតបរទេសមួយចំនួនបានចុះផ្សាយថា គម្រោងព្រែកជីកហ្វូណនគ្មានភាពច្បាស់លាស់សោះឡើយ ខណៈរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាននៅមិនទាន់ត្រូវបានប្រកាសជាសាធារណៈ។

កាសែតបរទេសថា កម្ពុជាប្រកាសបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនក្នុងភាពមិនច្បាស់លាស់


ដំណើរការសាងសង់ព្រែកជីកហ្វូណនតេជោដែលតភ្ជាប់ពីទន្លេមេគង្គទៅកាន់កំពង់ផែសមុទ្រកម្ពុជាចាប់ផ្តើមជាផ្លូវការពីថ្ងៃទី៥ សីហានេះតទៅ តែជាគម្រោងមិនច្បាស់លាស់ និងគ្មានការសិក្សាវាយតម្លៃផលប៉ះពាល់ឱ្យបានច្បាស់លាស់ជាមុន។ នេះជាខ្លឹមសារដែលត្រូវបានចុះផ្សាយដោយបណ្តាកាសែតបរទេសមួយចំនួន។ ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានសរសេរថា គម្រោងព្រែកជីកហ្វូណននេះកើតឡើងក្នុងភាពស្រពិចស្រពិលដោយមិនដឹងថា តើគម្រោងនេះបង្កើតឡើងសម្រាប់ការដឹកជញ្ជូន ឬសម្រាប់ប្រព័ន្ធធារាសាស្ត្រ នរណាជាប្រភពវិនិយោគ និងថា តើវានឹងប៉ះពាល់ដល់លំហូរទឹកទន្លេមេគង្គ ឬក៏យ៉ាងណា។

ចំណែកទីភ្នាក់ងារសារព័ត៌មាន AP បានចុះផ្សាយថា ផលប៉ះពាល់បរិស្ថានចេញពីគម្រោងព្រែកជីកហ្វូណននឹងជះឥទ្ធិពលដល់មនុស្សរាប់លាននាក់នៅក្នុងប្រទេសទាំង៦ដែលរស់នៅអាស្រ័យផលនៅតាមបណ្តោយដងទន្លេមេគង្គ។ តាម AP ដដែល គម្រោងព្រែកជីកកម្ពុជាមួយនេះនឹងបង្កឱ្យមានផលប៉ះពាល់ហួសកម្រិតដែលអាចគ្រប់គ្រងបានក្នុងផលិតកម្មកសិកម្ម និងលំហូរទឹកនៅក្នុងតំបន់ដីសណ្តទន្លេមេគង្គប្រទេសវៀតណាមដែលជាកន្លែងនាំចេញអង្ករពីវៀតណាម ៩០ភាគរយ។ ផលវិបាកខាងលើនេះត្រូវបានបណ្តាកាសែតបរទេសខាងលើមើលឃើញស្រដៀងគ្នាថានឹងបង្កឱ្យមានភាពល្អក់កករដល់ទំនាក់ទំនងស្អិតរមួតរបស់កម្ពុជា និងវៀតណាមដែលអាចរុញឱ្យវៀតណាមកាន់តែស្និតជាមួយអាមេរិក។

គួរបញ្ជាក់ថា វៀតណាមបានសុំឯកសារបន្ថែមពីកម្ពុជាតាមរយៈយន្តការគណៈកម្មការទន្លេមេគង្គដែលវៀតណាម និងកម្ពុជាជាប្រទេសសមាជិក។ តែអ្នកនាំពាក្យរបស់គណៈកម្មការទន្លេមេគង្គហៅកាត់ MRC (Mekong River Commission) បានអះអាងថា ភាគីកម្ពុជាមិនបានផ្តល់ឯកសារអ្វីបន្ថែមឡើយរហូតមកដល់ពេលនេះ ក្រៅតែពីការជូនដំណឹងពីការស្ថាបនាគម្រោងព្រែកជីកនេះ។ ជុំវិញការព្រួយបារម្ភរបស់វៀតណាមត្រូវបានរដ្ឋាភិបាលកម្ពុជាចេញមុខបកស្រាយថា គម្រោងព្រែកជីកប៉ះពាល់ទឹកទន្លេមេគង្គតែ ០,០៦% ប៉ុណ្ណោះនៅរដូវប្រាំង។ តែឯកសារនៃការសិក្សានេះមិនត្រូវបានបង្ហាញជាសាធារណៈនោះទេ។

កាសែតបរទេស៖រដ្ឋាភិបាលកម្ពុជាប្រកាសបើកការដ្ឋានព្រែកជីកហ្វូណន ក្នុងភាពមិនច្បាស់លាស់
កាសែតបរទេស៖រដ្ឋាភិបាលកម្ពុជាប្រកាសបើកការដ្ឋានព្រែកជីកហ្វូណន ក្នុងភាពមិនច្បាស់លាស់ © AFP

គួរដឹងថា គម្រោងព្រែកជីកហ្វូណនដែលមានតម្លៃសាងសង់សរុបចំនួន ១,៧ ពាន់លានដុល្លារត្រូវបានរដ្ឋាភិបាលកម្ពុជាប្រកាសនៅថ្ងៃទី ៥សីហានេះថា មានប្រភពថវិកាវិនិយោគរបស់ក្រុមហ៊ុនខ្មែរ ១០០ភាគរយសម្រាប់កំណាត់ទី១ ក្នុងចម្ងាយ ២១គីឡូម៉ែត្រ។ ចំណែកកំណាត់ទី២ដែលមានចម្ងាយដល់ទៅ ១៥៩គីឡូម៉ែត្រនឹងមានក្រុមហ៊ុនខ្មែរវិនិយោគចំនួន ៥១ភាគរយ និងក្រុមហ៊ុនសាវជីវកម្មស្ពាន និងថ្នល់ចិន CRBC ចំនួន ៤៩ភាគរយ។ គម្រោងព្រែកជីកនេះនឹងប៉ះពាល់ពលរដ្ឋខ្មែរជាង ១ពាន់ ៥០០គ្រួសារ ដីលំនៅដ្ឋានជាង ១៤៩ហិកតា និងដីស្រែ ដីចំការចំនួន ២,៩០០ ហិកតា។ នេះបើតាមការបញ្ជាក់របស់លោកស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ តែលោកមិនបានបញ្ជាក់លំអិតអំពីសំណងជាក់លាក់សម្រាប់អ្នករងផលប៉ះពាល់នោះទេ៕

What Next?

Recent Articles