ពលការីខ្មែរជាង ១០០នាក់​ដែលរងការរំលោភសិទ្ធិការងារនៅ​អារ៉ាប៊ីសាអូឌីត​ត្រូវបានបញ្ជូនមកកម្ពុជាវិញ

កម្ពុជា
កម្ពុជា-ចំណាកស្រុក
06/08/2024 – 13:13
ដោយ៖ អោ ស្រីពេជ្រ
RFI

យោងតាមរបាយការណ៍របស់​ក្រសួងការងារ ពលការីខ្មែរនៅ​ប្រទេសអារ៉ាប៊ីសាអូឌីតសរុប​ចំនួន​ ១០៤​នាក់​បានវិលត្រលប់មកមាតុប្រទេសវិញជាបន្តបន្ទាប់គិតត្រឹមថ្ងៃទី​៦សីហា​នេះ​។ ពលការីទាំង​ជាង ​១០០នាក់នេះបានស្នើសុំអន្តរាគមន៍មកប្រទេស​​កម្ពុជាវិញដោយអះអាងថា ពួកគេ​បានរងការរំលោភបំពានសិទ្ធិការងារធ្ងន់ធ្ងរ​​នៅអារ៉ាប៊ីសាអូឌីត។ ​មន្ត្រីនាំពាក្យ​​ក្រសួងការងារបានអះអាងប្រាប់វិទ្យុបារាំងនៅថ្ងៃទី​៦សីហានេះថា ក្រសួងការងារ​​កំពុងស៊ើបអង្កេតយ៉ាង​ម៉ត់ចត់លើបញ្ហានេះ និង​​​ពិនិត្យមើលដែរថាពលការីខ្មែរ​ទាំងនោះពិតជាបាន​រងការរំលោភបំពាន ឬក៏យ៉ាងណានោះ។

ពលការីខ្មែរជាង ១០០នាក់​ដែលរងការរំលោភសិទ្ធិការងារនៅ​អារ៉ាប៊ីសាអូឌីត​ត្រូវបានបញ្ជូនមកកម្ពុជាវិញ


​គិតត្រឹមថ្ងៃទី​​៦សីហានេះ ក្រសួងការងារ ក្រសួងការបរទេស ទូតខ្មែរប្រចាំ​ប្រទេសអារ៉ាប៊ីសាអូឌីត និងស្ថាប័នពាក់ព័ន្ធ​​បាន​អន្តរាគមនបញ្ជូន​ពលការីខ្មែរ​វិលមកប្រទេស​កម្ពុជាវិញ​ជាបន្តបន្ទាប់​សរុប​​​ចំនួន ​១០៤នាក់ ខណៈពលការី​ ​៣នាក់ទៀតកំពុងរងចាំចាកចេញមកប្រទេស​​កម្ពុជា​។ ​នេះបើ​យោងតាមរបាយការណ៍របស់ក្រសួងការងារ។ របាយការណ៍ដដែលឱ្យដឹងថា​ ​កម្ពុជាមានពលការនី​ធ្វើការនៅប្រទេស​អារ៉ាប៊ីសាអូឌីតសរុប​​ចំនួន ​១៣៤នាក់។ ក្នុងចំណោមនោះ​គឺ​មាន​ពលការនីតែ​ ២៧នាក់ដែលសម្រេច​បន្តធ្វើការនៅទីនោះ​។ ​

គួរជម្រាបថា ​កិច្ចអន្តរាគមន៍​នេះធ្វើឡើង បន្ទាប់ពី​​​ក្រុមពលការី​ខ្មែរ​នៅអារ៉ាប៊ីសាអូឌីត​មួយក្រុមបានស្រែក​រកជំនួយអន្តរាគមន៍​តាមបណ្តាញ​សង្គម​​កាលពីអំឡុងខែមេសា​កន្លងទៅ​ ក្រោមហេតុផលថា​​ ពួកគេ​បានរង​ការបង្ខាំ​ងធ្វើបាប​​​ និងបង្អត់អាហារ​ពីថៅកែ។ ​​ពួកគេថែមទាំងបានអះអាងថា ​មុនដាក់ពាក្យ​មកធ្វើការ​ ក្រុមហ៊ុនបញ្ជូនពួកគេមកធ្វើការ​ធានាថា​ពួកគេនឹងទទួលប្រាក់ខែ ​​៤០០ដុល្លារ និងធ្វើការ ៨ម៉ោងក្នុងមួយថ្ងៃ ក៏ប៉ុន្តែ​តាមពិតជាក់ស្តែង ​​ពួកគេត្រូវធ្វើការច្រើនលើសម៉ោងដែលកំណត់។ អ្នកខ្លះ​ធ្វើ ១៨ម៉ោងក្នុងមួយថ្ងៃ និងអ្នកខ្លះធ្វើការរហូតដល់ទៅ ២២ម៉ោង។ នេះបើតាមក្រុម​ពលករខ្មែរនៅអារ៉ាប៊ីសាអូឌីត។

ក្រសួងការងារ តាមរយៈអ្នកនាំពាក្យលោកកត្តា អ៊​ន ​បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិRfi នៅថ្ងៃទី​៦សីហានេះថា ក្រសួងកំពុងអង្កេតមើលថាតើ​ពលការីខ្មែរពិតជាបានរងនូវការ​រំលោភបំពានសិទ្ធិការងារមែន ឬក៏យ៉ាងណា​នោះ​។ តែទន្ទឹមនេះ លោកកត្តា អ៊នបានអះអាងថា ​​ក្រសួងការងារ​កំពុងស៊ើបអង្កេតយ៉ាងម៉ត់ចត់ ​ដើម្បី​ចាត់ការ​​តាមផ្លូវច្បាប់​ទៅលើក្រុមហ៊ុន​បញ្ជូន និងទទួលពលករ​ពីកម្ពុជាទៅអារ៉ាប៊ីសាអូឌីត​ណាដែលបានរំលោភបំពាន​លក្ខខណ្ឌការងារ​ និងនិតិវិធីច្បាប់​។ តាម​លោកកត្តា អ៊ន ​ប្រសិនបើ​​រកឃើញមានការប្រព្រឹត្តិខុសនឹងច្បាប់មែន ក្រសួងការងារនឹងលុបអាជ្ញាប័ណ្ណ​ក្រុមហ៊ុននោះចោល​ ជាមួយការផាកពិន័យជាទឹក​ប្រាក់​​។​ នេះនៅពុំទាន់រាប់បញ្ចូល​ចំណាត់ការផ្លូវច្បាប់ផ្នែក​​​ព្រហ្មទណ្ឌនៅឡើយទេ។

ពលការីខ្មែរជាង ១០០នាក់ដែលរងការរំលោភសិទ្ធិការងារនៅអារ៉ាប៊ីសាអូឌីតត្រូវបានបញ្ជូនមកកម្ពុជាវិញ
ពលការីខ្មែរជាង ១០០នាក់ដែលរងការរំលោភសិទ្ធិការងារនៅអារ៉ាប៊ីសាអូឌីតត្រូវបានបញ្ជូនមកកម្ពុជាវិញ © ក្រសួងការងារ

គួរកត់សម្គាល់ថា តាមការចុះផ្សាយរបស់សារព័ត៌មានមួយចំនួន ពលការី​ខ្មែរដែល​​កំពុងបញ្ជូនមកកម្ពុជាវិញនេះ​គឺជា​ពលការី​​ស្របច្បាប់​ដែលបានបញ្ជូន​ទៅធ្វើការនៅអារ៉ាប៊ីសាអូឌីតដោយក្រុមហ៊ុនឈ្មោះថា ក្រុមហ៊ុន BAB និងក្រុមហ៊ុន ​ហ្វាទីណា មេនផៅវ័រ។ ក្រុមហ៊ុន ហ្វាទីណា មេនផៅវ័រ​ នេះកាលពីថ្ងៃទី​៥ឧសភាកន្លងទៅបានធានាអះអាង​ថានឹងសម្របសម្រួលកិច្ច​អន្តរា​គមន៍ជួយពលករខ្មែរនៅប្រទេសអារ៉ាប៊ីសាអូឌីតណាដែលមានបំណងចង់វិលត្រឡប់មកប្រទេស​កម្ពុជាវិញ ដោយសុវត្ថិភាព​និងស្របតាមច្បាប់​៕

What Next?

Recent Articles