ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងត្រៀមបាតុកម្មប្រឆាំងវត្តមានលោក ហ៊ុន សែន ក្នុងប្រទេសកូរ៉េខាងត្បូង

កម្ពុជា
កម្ពុជា-សង្គម
09/09/2024 – 13:05
ដោយ៖ សឹម ចាន់សំណាង
RFI

ពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសកូរ៉េខាងត្បូងត្រៀមនាំគ្នាចេញធ្វើបាតុកម្មប្រឆាំងនឹងវត្តមានលោកហ៊ុន សែននៅក្នុងប្រទេសកូរ៉េខាងត្បូង។ ការត្រៀមចេញមុខប្រឆាំងជាថ្មីរបស់របស់ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងលើកនេះ គឺដើម្បីចង់ប្រាប់លោក ហ៊ុន សែនពីការដែលពលរដ្ឋនៅតែទទូចចង់ឲ្យរដ្ឋាភិបាលកម្ពុជាដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍ CLV-DTA និងទាមទារឲ្យមានការដោះលែងសកម្មជនបរិស្ថាន និងសង្គមផងដែរ។

ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងត្រៀមបាតុកម្មប្រឆាំងវត្តមានលោក ហ៊ុន សែន ក្នុងប្រទេសកូរ៉េខាងត្បូង


បើតាមការបង្ហោះលើបណ្តាញសង្គមរបស់ចលនាប្រជាធិបតេយ្យរួបរួមជាតិប្រចាំប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃទី៨ កញ្ញា ពលរដ្ឋខ្មែររស់នៅប្រទេសកូរ៉េខាងត្បូងនឹងប្រមូលផ្តុំគ្នាលើកបដាតវ៉ាទាមទារនៅមុខអាគារដែលជាកន្លែងលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាចូលរួមនៅក្នុងកិច្ចប្រជុំវេទិកាចំណេះដឹងពិភពលោកលើកទី២៥។ ពលរដ្ឋខ្មែររស់នៅកូរ៉េខាងត្បូងទាំងនោះនឹងនាំគ្នាលើកបដាតវ៉ានៅថ្ងៃអង្គារ ទី១០ កញ្ញាដែលជាថ្ងៃលោកហ៊ុន សែន និងប្រតិភូរបស់លោកទៅដល់កន្លែងរៀបចំកិច្ចប្រជុំក្នុងទីក្រុងអ៊ីនឈុន ប្រទេសកូរ៉េខាងត្បូង។

លោក ម៉ាត់ វណ្ណនី អនុប្រធានចលនាប្រជាធិបតេយ្យរួបរួមជាតិប្រចាំប្រទេសកូរ៉េខាងត្បូងបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី៩ កញ្ញានេះថា កម្មវត្ថុនៃការជួបជុំរបស់ពលរដ្ឋខ្មែរនៅប្រទេសកូរ៉េខាងត្បូងប្រឆាំងនឹងវត្តមានលោកហ៊ុន សែន គឺមកពីពួកគេចង់ឲ្យរដ្ឋាភិបាលកម្ពុជាដកខ្លួនចេញពីគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA។ ទន្ទឹមគ្នានេះ និងបើតាមលោក ម៉ាត់ វណ្ណនី រូបនេះដដែល ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងក៏ចង់បង្ហាញទៅកាន់ពិភពលោកថា កម្ពុជាមិនបានគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យដោយសារតែរដ្ឋាភិបាលបានចាប់ពលរដ្ឋដែលហ៊ានបញ្ចេញមតិដាក់ពន្ធធាគារ។

ទោះយ៉ាងណា លោក ម៉ាត់ វណ្ណនី បានទទួលស្គាល់ថា ចំនួនអ្នកចូលរួមធ្វើបាតុកម្មនឹងមិនមានច្រើនទេ និងថា លោកមានញត្តិមួយ និងហត្ថលេខារបស់ពលរដ្ឋខ្មែរជាច្រើនរួចទៅហើយ។

គួរបញ្ជាក់ថា សេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភាកម្ពុជាកាលពីថ្ងៃទី៦ កញ្ញាបានឱ្យដឹងថា លោក ហ៊ុន សែន នឹងដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចប្រជុំវេទិកាចំណេះដឹងពិភពលោកលើកទី២៥ នៅប្រទេសកូរ៉េខាងត្បូងដែលនឹងរៀបចំពីថ្ងៃទី៩ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។ នៅក្នុងឱកាសនោះ ប្រធានព្រឹទ្ធសភាកម្ពុជាក៏នឹងថ្លែងសុន្ទរកថាមួយក្រោមប្រធានបទ «មាគ៌ាឆ្ពោះទៅកាន់សហត្ថិភាព និងវិបុលភាពក្នុងអាស៊ាន»។ 

បាតុកម្មរបស់ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូង
បាតុកម្មរបស់ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូង © ចលនាប្រជាតិបតេយ្យរួបរួមជាតិ

ទន្ទឹមគ្នានេះ និងបើតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភាកម្ពុជាដដែល លោកហ៊ុន សែននឹងបន្តដំណើរទៅកាន់ខេត្តឃុងសាងបុកដូដើម្បីទទួលសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ដែលរៀបចំដោយសាកលវិទ្យាល័យដុងហ្គុកវាយស៍។ នាឱកាសនោះ លោកហ៊ុន សែននឹងធ្វើបាឋកថាស្តីពី «បទពិសោធន៍របស់ប្រទេសកម្ពុជាក្នុងការរំដោះជាតិ ការកសាងសន្តិភាព ការផ្សះផ្សា និងការកសាងជាតិឡើងវិញ» ពីប្រទេសដែលហែកហួរដោយសង្គ្រាម និងវាលពិឃាតមកជាប្រទេសដែលពោរពេញដោយសន្តិភាព ការរួមរស់ជាមួយគា្ន និងការអត់ឱន។

គួររម្លឹកថា កាលពីថ្ងៃទី១១ សីហា និងថ្ងៃទី១ កញ្ញា ពលរដ្ឋខ្មែរដែលរស់នៅប្រទេសកូរ៉េខាងត្បូងប្រមាណជាង២ម៉ឺននាក់បានប្រមូលផ្តុំគ្នាសម្តែងមតិតវ៉ាចំនួន២ លើកដោយស្នើឲ្យរដ្ឋាភិបាលកម្ពុជាដកខ្លួនចេញពីគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ដែលពួកគេបារម្ភពីការបាត់បង់ខេត្តភាគឦសានចំនួន ៤របស់កម្ពុជាទៅប្រទេសវៀតណាមដូចការបាត់បង់ទឹកដីកម្ពុជាក្រោម៕

What Next?

Recent Articles